ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅថ្ងៃនេះ​បាន​ផ្សាយ​របាយការណ៍​លទ្ធផល​នៃ​ការវិភាគ​វត្ថុ​សំណាក​រក​មេរោគ​កូវីដ១៩​សម្រាប់​ថ្ងៃទី៨ ខែឧសភា ដោយបាន​រកឃើញ​មាន​ករណី​វិជ្ជមាន​ថ្មី​នៅក្នុង​សហគមន៍​ចំនួន ១២៦ នាក់​ក្នុងនោះ ៣៤ នាក់​រកឃើញ​នៅក្នុង​ពន្ធនាគារ​ខេត្ត។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ដែល​ជម្រាបជូន​ជា​សាធារណៈ​បាន​បញ្ជាក់ថា អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩ ទាំង ១២៦ នាក់​នោះ​គឺជា​បុគ្គលិក កម្មករ​រោងចក្រ អាជីវករ និង​ក្រុមគ្រួសារ ព្រមទាំង​បងប្អូន​ពលរដ្ឋ និង​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ខេត្ត។

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៩ ឧសភា​នេះ​ថា អគ្គនាយក​ពន្ធនាគារ​បានទទួល​ព័ត៌មាន​ចំពោះ​ករណី​វិជ្ជមាន​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ចំពោះ​ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​នេះ​រួចហើយ ដែល​បច្ចុប្បន្ន​ក្រុម​ការងារ​កំពុង​ធ្វើការងារ​នេះ។

លោក​បាន​ថ្លែងថា៖ «យើង​កំពុង​រក​មូលហេតុ​នៃ​ការឆ្លង​នេះ។ បញ្ហា​ប្រហែល​ជា​ឆ្លង​មកពី​អ្នកខ្លះ​ដែល​គាត់​កើត​ជំងឺ​កូវីដ១៩ ប៉ុន្ដែ​មិនមាន​រោគសញ្ញា។ កាលនោះ​យើង​អត់​មាន​ឧបករណ៍​តេស្ត​រហ័ស (Rabies Test) កូវីដ១៩នេះ យើង​គ្រាន់តែ​អនុវត្ដ​តាម​នីតិវិធី​ដោយ​ការធ្វើ​ចត្ដាឡីស័ក​គាត់​រយៈពេល ១៤ ថ្ងៃ​សម្រាប់​អ្នក​ចាប់​ចូល​ថ្មី។ ប៉ុន្ដែ​បុគ្គល​ដែល​គាត់​មាន​កូវីដ១៩​នោះ​គឺ​គាត់​មាន​មេរោគ​ហើយ ប៉ុន្ដែ​គាត់​អត់​មាន​រោគសញ្ញា​ សូម្បីតែ​ក្ដៅខ្លួន​ក៏​អត់​មាន​ដែរ ដល់​អីចឹង ពេល​ដែល​ផុត​ការធ្វើ​ចត្ដាឡីស័ក ១៤ ថ្ងៃ គាត់​ចូលទៅ​ដល់​ក្នុង (ពន្ធនាគារ) ទៅ​វា​អាច​ចម្លង​តពី​ហ្នឹង​ទៅ»។

លោក សវនា បាន​បន្តថា ជាគោលការណ៍​ថ្មី គឺ​បាន​ស្នើ​ទៅខាង​អគ្គស្នងការដ្ឋាន​នគរបាលជាតិ សម្រាប់​អ្នក​ដែល​ចាប់​ឃាត់ខ្លួន​ឡើង​តុលាការ​គឺ​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ១៩​ឱ្យ​រួចរាល់​សិន​ទើប​សម្រេច​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ។

លោក​បាន​បញ្ជាក់ថា៖ «នៅពេល​ធ្វើតេស្ត​ហើយ ទើប​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ វា​ក៏មាន​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ១៩​ចូល​ទៅក្នុង​ពន្ធនាគារ​តិចតួច​ដែរ»។

តាមរយៈ​សេចក្ដី​ជូនដំណឹង រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​អំពាវនាវ​ដល់​លោក លោកស្រី អាជីវករ បងប្អូន​ពលរដ្ឋ ដែល​ធ្លាប់បាន​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ជាមួយ​អ្នក​វិជ្ជមាន​កូវីដ១៩​ថ្មី​កាលពី​ម្សិលមិញ ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់។ ជាមួយ​នេះ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ផ្តល់​វត្ថុ​សំណាក​ ដើម្បី​វិភាគ​រក​វីរុស​កូវីដ១៩ នៅ​វេទិកា ៧ មករា រៀងរាល់​ម៉ោង​ធ្វើការ (រួមទាំង​ថ្ងៃ​ឈប់សម្រាក) ហើយ​ត្រូវធ្វើ​ចត្តាឡីស័ក​នៅ​លំនៅឋាន​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​បទបញ្ជាផ្ទៃក្នុង​សម្រាប់​អ្នកធ្វើ​ចត្តាឡីស័ក​រយៈពេល​ពេល ១៤ ថ្ងៃ។

រដ្ឋបាល​ខេត្ដ​នេះ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​តាមដាន​សុខភាព​ផ្ទាល់ខ្លួន​ជាប្រចាំ​ដោយ​ត្រូវ​ពិនិត្យ​កម្ដៅ​យ៉ាងតិច ២ ដង​ក្នុង ១ ថ្ងៃ ត្រូវ​សម្រាក​នៅផ្ទះ​ក្នុង​បន្ទប់​ដាច់​តែឯង និង​ត្រូវ​ថែរក្សា​អនាម័យ​ខ្លួន​ជានិច្ច។

ជាមួយ​គ្នា​នេះ​រដ្ឋបាល​ខេត្ដ​ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ផងដែរ​ថា ក្នុង​ករណី​មាន​ការប្រែប្រួល​សុខភាព​ខុសប្រក្រតី​ដូចជា ឡើង​កម្ដៅ​លើសពី ៣៧ អង្សា​សេ ក្អក កណ្តាស់ ហៀរ​សំបោរ ឈឺបំពង់ក មាន​កំហាក​ថប់ដង្ហើម​ជាដើម​គឺ​ត្រូវ​ប្រញាប់​ទាក់ទង​ទៅ​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​តាមរយៈ​ទូរស័ព្ទ ០១៦ ៥២៦ ៥២០៕