ព្រះសីហនុៈ គ្រឿងចក្រ​សម្អាត​ឆ្នេរសមុទ្រ​ ១ ​គ្រឿង​ត្រូវ​បាន​គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ផ្តល់​ជូន​ដល់​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​សុក្រ​ទី​ ៤ ខែ​មករា និង​ ១ ​គ្រឿង​ទៀត​នឹង​ត្រូវ​ផ្តល់​ឲ្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ជាមួយ​នឹង​គ្រឿងចក្រ​សម្អាត​ផ្លូវ​ ២ ​គ្រឿង​ថែមទៀត​ដែល​សរុប​ទាំងអស់ ៤ ​គ្រឿង​សម្រាប់​ខេត្ត​ទេសចរណ៍​ដ៏ល្បី​មួយ​នេះ​។

លោក យន្ដ មីន អភិបាលខេត្ដ​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ឧបករណ៍​ត្រាក់ទ័រ​ ១ ​គ្រឿង​ដែល​ជា​ឧបករណ៍​សម្រាប់​សម្អាត​ឆ្នេរ​ខ្សាច់​ដំបូង​គេ​នោះ រដ្ឋបាល​ខេត្ដ​បាន​ទទួល​រួច​ហើយ ចំណែក​ ១ ​គ្រឿង​ទៀត​ព្រមទាំង​គ្រឿងចក្រ​សម្រាប់​សម្អាត​ផ្លូវថ្នល់​ចំនួន​ ២ ​គ្រឿង​ផង​នឹង​បញ្ជូន​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។

លោក​ថ្លែង​ថា​៖ «​ខេត្ដ​យើង​នឹង​ទទួល​បាន​គ្រឿងចក្រ​ ៤ ​គ្រឿង​គឺ​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ ១ ​គ្រឿង​ [​បាន​ទទួល​ហើយ​នៅ​ ១ ​គ្រឿង​ទៀត​នឹង​មក​ដល់​ឆាប់ៗ​] ​និង​គ្រឿងចក្រ​សម្អាត​ផ្លូវ ២ ​គ្រឿង​។ ដោយឡែក​គ្រឿងចក្រ​សម្អាត​ផ្លូវ​ ២ ​គ្រឿង​គឺ​រដ្ឋបាល​ខេត្ដ យើង​ជា​អ្នក​ទិញ​តែម្ដង ដោយ​មាន​ការគាំទ្រ​ថវិកា​ពី​សប្បុរសជន​»​។

លោក​អភិបាលខេត្ដ​បន្ថែម​ថា​៖ «​ប៉ុន្ដែ​តាម​ផែនការ​ឯកឧត្ដម ជា សុផារ៉ា គាត់​ទិញ​គ្រឿងចក្រ​សម្អាត​ឆ្នេរ​ឲ្យ​ខេត្ដ​ព្រះសីហនុ​យើង ២ ​គ្រឿង និង​ខេត្ដ​កែប កំពត​នោះ ១ ​គ្រឿង សម្រាប់​សម្អាត​ឆ្នេរ​»​។

បើ​តាម​លោក យន្ដ មីន គ្រឿងចក្រ​សម្អាត​ឆ្នេរ​នេះ​អាច​ជួយ​សម្អាត​ឆ្នេរសមុទ្រ ប្រមូល​សំរាម និង​ឈូសឆាយ​មាត់​ឆ្នេរ​ឲ្យ​បាន​រាបស្មើ​ល្អ​។

លោក​ យន្ដ មីន បាន​ឲ្យ​ដឹង​ថា​វត្តមាន​គ្រឿងចក្រ​សម្អាត​ឆ្នេរ​នេះ​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ប្រាកដ​ជា​មាន​សេចក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ដោយសារ​លែង​ខ្វល់ខ្វាយ​នឹង​បញ្ហា​អនាម័យ​មិន​ល្អ​ស្អាត ដូចជា​សំរាម កាកសំណល់​ផ្សេងៗ នៅ​តាម​ឆ្នេរ​នានា​ក្នុង​ក្រុង​ព្រះសីហនុ​ទៀត​ហើយ​។

លោក​បន្ថែម​ថា​ត្រាក់ទ័រ​ ១ ​គ្រឿង​នេះ​នឹង​ធ្វើការ​ហ្វឹកហាត់​វិធី​ប្រើប្រាស់ និង​ថែទាំ​ជា​មុន​សិន​មុន​នឹង​ដាក់​ឲ្យ​ប្រើប្រាស់ ដើម្បី​សម្អាត​អនាម័យ​តាម​ឆ្នេរ​នានា​ក្នុង​ក្រុង​ព្រះសីហនុ​។

លោក នេត្រ ភក្ដ្រា អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹងថា ក្រសួង​បរិស្ថាន​គាំទ្រ​ចំពោះ​ការទិញ​គ្រឿងចក្រ​សម្អាត​ឆ្នេរសមុទ្រ​នេះ​។

លោក​បន្ដ​ថា​៖ «​គ្រឿងចក្រ​សម្អាត​ឆ្នេរ​នេះ​នឹង​ចូលរួម​ជួយ​សម្អាត​ឆ្នេរសមុទ្រ​ក្នុង​ប្រទេស​កម្ពុជា​យើង​ឲ្យ​បាន​ស្អាត​ជាង​មុន​នឹង​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ទៅលេង​នៅ​តំបន់ឆ្នេរ​បាន​ច្រើន​ថែម​ទៀត​»​។

លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន គណៈកម្មាធិការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពី​ថ្ងៃទី​ ១២ ខែ​តុលា ឆ្នាំ​ ២០១៨ បាន​ប្រកាស​ផ្តល់​រថយន្ត​សម្រាប់​សម្អាត​ឆ្នេរ​ចំនួន ២ ​គ្រឿង​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ទុក​សម្រាប់​សម្អាត​ឆ្នេរ​នៅក្នុង​ខេត្ត​មួយ​នេះ​។

តាមរយៈ​ការប្រកាស​ផ្ដល់​គ្រឿងចក្រ​សម្អាត​ឆ្នេរ​នេះ​លោក ម៉ុង ឫទ្ធី ដែល​ជា​អ្នក​បាន​ផ្តល់​ប្រឹក្សា​យោបល់​លើ​ការទិញ​ម៉ាស៊ីន​សម្អាត​ឆ្នេរ​បាន​គូសបញ្ជាក់​ថា ម៉ាស៊ីន​សម្អាត​ឆ្នេរ​នេះ​បាន​បញ្ជា​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​មិនមែន​ទិញ​តែ​ ២ ​គ្រឿង​ទេ​គឺ​ទិញ​ចំនួន​ ៣ ​គ្រឿង​ដោយ​ ២ ​គ្រឿង​ទុក​ប្រើ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ ១ ​គ្រឿង​ទៀត​ទុក​ប្រើ​នៅក្នុង​ខេត្តកំពត និង​ខេត្ត​កែប​។

ទាក់ទង​នឹង​ការសម្រេច​ផ្តល់​គ្រឿងចក្រ​សម្រាប់​សម្អាត​ឆ្នេរ​នេះ​បាន​ធ្វើឡើង ក្រោយ​ពេល​ដែល​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​របស់​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ​តែងតែ​មាន​សំណល់​សំរាម និង​សំណល់​ផ្សេងៗ​បោកបក់​ពី​កណ្តាល​សមុទ្រ​មក​ទើរ​នៅ​លើ​ឆ្នេរ​ដ៏ស្អាត​នេះ​៕