ភ្នំពេញៈ អាជ្ញាធរខេត្ត​នៅ​តំបន់​ប៉ូល​ទេសចរណ៍​សំខាន់ៗ ដូចជា ខេត្ត​នៅ​តំបន់​សមុទ្រ ខេត្ត​សៀមរាប ខេត្ត​ភូមិភាគ​ឦសាន​បាននិង​កំពុង​ត្រៀម​វិធានការ​បង្កើន​ការការពារ​វីរុស​កូវីដ​ ១៩ ខណៈ​ដែល​គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ​នៅ​សល់​​តែ​ ២ ​ថ្ងៃ​ទៀត ​ត្រូវ​ដល់​ថ្ងៃ​ដែល​រដ្ឋាភិបាល​សង​ថ្ងៃ​ឈប់សម្រាក​​ចូលឆ្នាំ​ជូន​ដល់​អ្នក​បម្រើការ​​ទាំង​រដ្ឋ និង​ឯកជន​វិញ ស្របពេល​ដែល​អ្នកជំងឺ​កូវីដ​ ១៩ ត្រូវ​បាន​កើន​ដល់​ ២៧២ ​នាក់​។

អភិបាលខេត្ត​សៀមរាប​លោក ទៀ សីហា បាន​ឲ្យ​ដឹង​​កាលពី​ថ្ងៃ​ ១២ សីហា​ ថា វិធានការ​ការពារ​កូវីដ​ ១៩​ ក្នុងពេល​សម្រាក​សង​ថ្ងៃ​ចូល​ឆ្នាំនេះ​ជាគោលការណ៍​ចម្បង​គឺ​ខេត្ត​ធ្វើ​​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល​។

ប៉ុន្តែ​ការរៀបចំ​កម្មវិធី​មួយចំនួន​នៅ​ខេត្ត​សៀមរាប​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​មួយ​ចំនួន​។

លោក​ថា៖ «​យើង​នឹង​ដាក់​គម្លាត​​នៅ​តាម​ទីសាធារណៈ យើង​នឹង​សម្អាត​​ និង​ជំរុញ​ឲ្យ​បងប្អូន​ពលរដ្ឋ​គាត់​យក​​ម៉ាស់​យក​ក្រមា​មក​ផង ប្រសិន​បើ​គាត់​​មាន​បំណង​មកលេង​ខេត្ត​សៀមរាប​ទាំង​បន្ទប់ទឹក ទាំង​អី គឺ​យើង​បាន​សម្អាត​ហើយ​មាន​ដាក់​ជា​ជួរ​មុននឹង​ចូល​»​។

ចំពោះ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​លោក ទៀ សីហា ប្រាប់​ថា ខេត្ត​បាន​ដាក់​​ផែនការ​ឲ្យ​ជន​បង្គោល​ត្រួតពិនិត្យ​តាម​​បន្ទប់​ដោយ​ត្រូវ​សម្លាប់​មេរោគ រីឯ​នៅ​តាម​ភោជនីយដ្ឋាន​តម្រូវ​ឲ្យ​ដក​តុ​ចេញ​​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​។ ដោយឡែក​នៅ​កន្លែង​ដែល​ធ្លាប់​កកកុញ​ត្រូវ​បាន​ពង្រីក​វិសាលភាព​ផ្លូវ​ដើរ​ដោយ​ដាក់​ជា​ជួរ​កុំឲ្យ​មាន​កន្លែង​ជួបជុំ​គ្នា​ច្រើន​។

លោក​ សីហា បញ្ជាក់ថា​៖ «​ទោះបី​​កន្លែង​តាំងពិព័រណ៍​ក៏​យើង​រៀប​កន្លែង​ផ្លូវ​ដើរ​ដែរ ដើរ​ឲ្យ​មាន​គម្លាត ហើយ​មាន​ក្រុមការងារ​ណែនាំ​រហូត​នៅក្នុង​កម្មវិធី​ហ្នឹង [...] និយាយ​ទៅ​យើង​ព្យាយាម​បំបែក​ឲ្យ​ទៅខាង​អេកូ​ទេសចរណ៍​ក្នុង​ក្រុង​ស្រុក​របស់​យើង ដើម្បី​កុំឲ្យ​​កកកុញ​គ្នា​ក្នុង​ក្រុង​តែមួយ​»​។

ស្រដៀង​គ្នា​នេះដែរ អភិបាល​ខេត្តកំពត​លោក ជាវ តាយ បាន​ថ្លែង​កាលពី​ថ្ងៃ​ ១២ សីហា ​ថា ខេត្ត​បាន​ណែនាំ​តាម​កន្លែង​គោលដៅ​ទេសចរណ៍ ពលរដ្ឋ​ទៅ​កម្សាន្ត​ត្រូវ​រៀបចំ​ឲ្យ​មាន​ការពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល និង ហាមឃាត់​ការជួបជុំ​គ្នាច្រើន​។

លោក​ថ្លែងថា​៖ «​សំខាន់​គឺ​នៅ​កន្លែង​​ទីតាំង​នីមួយៗ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ឬ​ក៏​រមណីយដ្ឋាន​ដែលមាន​ភ្ញៀវ​ចូលទៅ​ត្រូវធ្វើ​ម៉េច​យើង​​ការពារ​ដោយ​មាន​អាល់កុល មាន​ម៉ាស់ មាន​ប្រដាប់​ការពារ​ផ្សេងៗ​ទៀត​ដើម្បី​​ធ្វើ​កុំឲ្យ​មាន​ចម្លង​ពីមួយ​ទៅមួយ​»​។ រីឯ​​សម្រាប់​នៅ​តាម​បណ្តា​ច្រកព្រំដែន​ក៏មាន​វិធានការ​ទប់ស្កាត់​ផងដែរ ខ្លាច​មាន​ការហូរចូល​ពី​ក្រៅ​មកវិញ​។

ដោយឡែក​លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង​បាន​ថ្លែង​ថា ខេត្ត​​លោកស្រី​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ក្រុង​ស្រុក​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​។

កន្លែង​មក​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ ឬ​ឆ្លងកាត់​តម្រូវ​ឲ្យ​មាន​ពាក់​ម៉ាស់​ប្រើ​អាល់កុល ឬ​ជែល​លាង​សម្អាត​មេរោគ ថែម​ទាំង​មាន​ការវាស់​កម្តៅ​​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា «​យើង​ណែនាំ​ដល់​ម្ចាស់​សណ្ឋាគារ ភោជនីយដ្ឋាន ឬ​រមណីយដ្ឋាន​ផ្សេងៗ​ឲ្យ​បង្កើត​​ការការពារ​ដូចជា​រក្សា​អនាម័យ ដោយ​ដាក់​ទឹក​អាល់កុល​លាង​សម្អាត​ដៃ និង​​វាស់​កម្តៅ​ក្នុង​ពេល​ចេញចូល​នៅ​កន្លែង​ស្នាក់នៅ​។ ​បន្ថែម​លើ​នោះ​យើង​ឲ្យ​មន្ត្រី​ចុះ​ណែនាំ​ភ្ញៀវ​បន្ថែម ដើម្បី​ពញ្ញាក់​ស្មារតី​​កុំឲ្យ​ពួកគាត់​ភ្លេច​ការពារ​ខ្លួន​»​។

រីឯ​នៅ​ខេត្ត​មណ្ឌលគិរី លោក ហៀក សុផាន នាយក​រដ្ឋបាលខេត្ត​នេះ​​បាន​ឲ្យ​ដឹងថា ខេត្ត​បាន​ណែនាំ​ដល់​បណ្តា​ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន​ឲ្យ​ពង្រឹង​ការអនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល តម្រូវ​​ឲ្យ​មាន​អាល់កុល ជែល ឧបករណ៍​​វាស់​កម្តៅ​សម្រាប់​ត្រួតពិនិត្យ​ភ្ញៀវ​ដោយ​លោក​ថា ការអនុវត្ត​បែប​នេះ​គឺអាច​គ្រប់គ្រង​ស្ថានភាព​បាន​។

លោក​បញ្ជាក់​ថា​៖ «​ដោយសារ​តែ​​យើង​ជា​ខេត្ត​នៅ​ជាប់​ព្រំដែន ហេតុនេះ​​មិន​អនុញ្ញាត​ឲ្យ​មាន​ភ្ញៀវទេសចរ​ឆ្លងកាត់​ព្រំដែន​ឡើយ មាន​តែ​ការផ្លាស់ប្តូរ​​ទំនិញ​ចេញចូល​ប៉ុណ្ណោះ​»​។

តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​​សុខាភិបាល​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​ប្រទេស​កម្ពុជា​ទើប​បាន​រកឃើញ​មាន​​អ្នកជំងឺ​កូវីដ​ ១៩​ សរុប​កើន​ដល់​ ២៧២​ នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​មាន​សរុប ៤៩ ​នាក់ ចំណែក​អ្នកជា​សះស្បើយ​មាន ២២៣ ​នាក់​៕