
បុរសម្នាក់ចាក់វ៉ាក់សាំងកូវីដនៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ រូប រដ្ឋបាលខេត្តកំពង់ស្ពឺ
ភ្នំពេញៈ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យអភិបាលខេត្តទាំងអស់រៀបចំកន្លែងស្នាក់នៅសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តចុះចាក់វ៉ាក់សាំងកូវីដ ១៩ ជូនពលរដ្ឋនៅទូទាំងប្រទេសក្នុងពេលឆាប់ៗខាងមុខនេះនៅតាមខេត្តនីមួយៗក៏បានចាប់ផ្តើមរៀបចំបណ្តើរៗផងដែរ ប៉ុន្តែខេត្តខ្លះមានធនធានគ្រូពេទ្យ និងកន្លែងស្នាក់នៅស្រាប់ ដោយមិនត្រូវការត្រៀមកន្លែងស្នាក់នៅនោះឡើយ។
លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ថ្នាក់ដឹកនាំខេត្តបានរៀបចំទីកន្លែងស្នាក់នៅសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តរួចហើយក្នុងក្រុង និងស្រុកធំៗចំនួន ៣ ដោយសារកន្លែងផ្សេងមិនមានផ្ទះសំណាក់ និងសណ្ឋាគារ។
លោកប្រាប់ថា៖ «នៅក្នុងខេត្តឧត្តរមានជ័យនេះគឺយើងរៀបចំកន្លែងស្នាក់នៅក្នុងក្រុងសំរោង ស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ។ ដោយឡែកសម្រាប់ស្រុកចុងកាល់ និងស្រុកបន្ទាយអំពិលមិនទាន់មានសណ្ឋាគារ និង ផ្ទះសំណាក់ទេ។ ប៉ុន្តែក្រុមគ្រូពេទ្យអាចធ្វើដំណើរទៅមកស្នាក់នៅក្នុងក្រុងសំរោងវិញបាន បន្ទាប់ពីបំពេញការងារចប់ដោយសារមិនសូវជាឆ្ងាយប៉ុន្មានទេ»។
លោក ឌី រ៉ាដូ បន្ថែមថាលោកមិនទាន់ទទួលបានរបាយការណ៍ពីថ្នាក់ជាតិនៅឡើយថា តើនឹងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងក្នុងខេត្តឧត្តរមានជ័យប៉ុន្មាននាក់នោះទេ។
ចំណែកលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញដែរថា សម្រាប់ខេត្តនេះក៏បានរៀបចំរួចរាល់ហើយដែរទីកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលនឹងចុះជួយចាក់វ៉ាក់សាំងជូនពលរដ្ឋក្នុងខេត្តព្រះសីហនុ។ អ្នកនាំពាក្យរូបនេះមិនទាន់អាចបញ្ជាក់ពីចំនួនទីតាំង នៅពេលនេះបាននៅឡើយទេដោយលោកនឹងប្រាប់តាមក្រោយទៀត។
អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ស្នើឱ្យអភិបាលស្រុកក្នុងខេត្តនេះស្រង់បញ្ជីឈ្មោះ អ្នកប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់ ៣ តាក់ស៊ី និងអ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវផ្សេងទៀតដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារកូវីដ។
លោក គួច ចំរើន បញ្ជាក់ក្នុងលិខិតថា៖ «ដើម្បីការពារសុខភាពជូនបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប្រកបមុខរបរទាំងនេះមានការប្រឈមខ្លាំងពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយឥតគិតថ្លៃដល់ពួកគាត់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនៅពេលឆាប់ៗខាងមុខនេះ»។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ប្រាប់ឱ្យដឹងដែរថា សម្រាប់ខេត្តរបស់លោកមិនមានបញ្ហាទាក់ទងនឹងកន្លែងស្នាក់នៅទេ ដោយសារខេត្តនេះមានគ្រូពេទ្យច្រើនសម្រាប់ ចូលរួមជួយចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។
លោកថ្លែងថា៖ «យើងមិនបាច់រកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់សម្រាប់ឱ្យក្រុមគ្រូពេទ្យទៅពីថ្នាក់ជាតិទេ គឺខេត្តកំពង់ស្ពឺមានក្រុមគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ធ្វើលើការងារនេះហើយ»។
បើតាមលោក វ៉ី សំណាង ខេត្តកំពង់ស្ពឺមានទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ ១៩ ចំនួន ៩ កន្លែងដែលកន្លែងទាំងនេះក៏មានឧបករណ៍គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះពួកគាត់ នៅពេលដែលមានប្រតិកម្មណាមួយកើតឡើង បន្ទាប់ពីចាក់វ៉ាក់សាំងនេះរួច។
លោកថា៖ «គ្រូពេទ្យដែលយើងបានត្រៀមសម្រាប់ចាក់វ៉ាក់សាំងនេះមានចំនួន ៩០ នាក់ ដោយយើងបានធ្វើការបែងចែកជា ១០ ក្រុមដែលក្នុង ១ ក្រុមមានគ្រូពេទ្យចំនួន ៩ នាក់ ហើយ ១ ថ្ងៃយើងគ្រោងចាក់ឱ្យបានយ៉ាងហោចណាស់ ២ ០០០ នាក់»។
នៅថ្ងៃទី ២៩ មីនា លោក ហ៊ុន សែន បានប្រកាសពីយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំជូនពលរដ្ឋនៅទូទាំងប្រទេសឱ្យបាន ១ លានដូសក្នុងរយៈពេល ១ ខែ។ លោកបានស្នើទៅគ្រប់អភិបាលខេត្តត្រូវរៀបចំកន្លែងស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលនឹងចុះទៅគ្រប់បណ្តាខេត្តដើម្បីចាក់វ៉ាក់សាំងជូនពលរដ្ឋ។
ពីម្សិលមិញ ក្រសួងសុខាភិបាលឱ្យដឹងថា មនុស្សចំនួន ១០៥ នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ ១៩។ ក្នុងនោះ ១០៤ នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ខណៈមានអ្នកជាសះស្បើយតែចំនួន ៤ នាក់ប៉ុណ្ណោះ។
របាយការណ៍ក្រសួងសុខាភិបាលឱ្យដឹងថា អ្នកវិជ្ជមានវីរុសកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍នេះមាននៅរាជធានីភ្នំពេញចំនួន ៤៥ នាក់ ខេត្តព្រះសីហនុ ៣៤ នាក់ ខេត្តស្វាយរៀង ២០ នាក់ ខេត្តកំពង់ចាម ២ នាក់ ខេត្តព្រៃវែង ១ នាក់ ខេត្តត្បូងឃ្មុំ ១ នាក់ និងខេត្តតាកែវចំនួន ១ នាក់។
ចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មកដល់ថ្ងៃទី ២៩ មីនា ២០២១ បានឡើងដល់ ១ ៨៥១ នាក់ ក្នុងនោះអ្នកបានព្យាបាលជាសះស្បើយ ៦៦២ នាក់ក្នុងរយៈពេលជាង ១ ខែមកនេះ។
គិតត្រឹមថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ ១៩ សរុប ២ ៣៧៧ នាក់ អ្នកជាសះស្បើយចំនួន ១ ១៧៦ នាក់ អ្នកកំពុងព្យាបាលចំនួន ១ ១៨៦ នាក់ និងអ្នកស្លាប់ ១១ នាក់៕