
ក្រុមអ្នកកាសែតចុះយកព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញកាលពីឆ្នាំ ២០២០។ ហេង ជីវ័ន
ភ្នំពេញៈ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរកឃើញថា នៅឆ្នាំ ២០២០ អ្នកសារព័ត៌មានយ៉ាងហោចចំនួន ៣១ រូប ត្រូវបានចាប់ឃុំខ្លួនក្នុងចំណោមអ្នកសារព័ត៌មាន ៧២ នាក់ ដែលត្រូវបានយាយី ដោយស្ថាប័នមានសមត្ថកិច្ច និងរងការប្រើអំពើហិង្សានៅពេលបំពេញការងារ។
ខេមបូចា កាលពីម្សិលមិញបានចេញផ្សាយរបាយការណ៍ដំបូងរបស់ខ្លួនអំពី "ស្ថានភាពអ្នកសារព័ត៌មានកម្ពុជាឆ្នាំ ២០២០” ដែលមាន ២៨ ទំព័រ បានលើកឡើងថា ភាពញឹកញាប់នៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលជារឿយៗត្រូវបានគេដៅដោយអយុត្តិធម៌ចំពោះការអនុវត្តសិទ្ធិស្របច្បាប់ និងសេរីភាពរបស់អ្នកកាសែតនៅក្នុងការរាយការណ៍ព័ត៌មាន។
របាយការណ៍បានបន្តថា៖ «ខេមបូចា បានកត់ត្រានូវការយាយីចំនួន ៣៥ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន ៧២ នាក់ ក្នុងឆ្នាំ ២០២០។ ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានដែលបានកើតមានឡើងច្រើនជាងគេគឺការឃុំខ្លួនក្នុងពន្ធនាគារ និងការប្រើអំពើហិង្សា»។
«យ៉ាងតិចណាស់មានអ្នកសារព័ត៌មានចំនួន ៣១ នាក់ ត្រូវបានចាប់ឃុំខ្លួន (ស្មើនឹងប្រមាណ ៤៣ ភាគរយនៃករណីសរុប) និង ២២ នាក់ទៀត បានទទួលរងការវាយដំលើរូបរាងកាយ ឬរងការគំរាមប្រើអំពើហិង្សា នៅពេលកំពុងបំពេញការងារ»។ នេះបើតាមរបាយការណ៍បញ្ជាក់។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ថ្លែងក្នុងរបាយការណ៍ថា ការរកឃើញនេះបង្ហាញថា អ្នកសារព័ត៌មានដែលចុះផ្សាយ និងរាយការណ៍អំពីផលប្រយោជន៍របស់មន្ត្រីយោធា និងអ្នកមានអំណាចនៅតែត្រូវបានគេធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការដែលប្រើច្បាប់ព្រហ្មទណ្ឌជំនួសច្បាប់ស្តីពីរបបសារព័ត៌មាន ហើយត្រូវបានគេវាយដំ និងទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់។
លោកថ្លែងថា៖ «យើងសូមអំពាវនាវដល់រាជរដ្ឋាភិបាល ធានានូវសុវត្ថិភាព និងសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេក្នុងការរាយការណ៍ព័ត៌មានដោយសេរី និងដោយគ្មានការភ័យខ្លាច»។
អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស ភ័ណ្ឌ ចាត់ទុករបាយការណ៍ដែលខេមបូចាបានរកឃើញនោះមានចរិតចោទប្រកាន់ទៅលើស្ថាប័នអនុវត្តច្បាប់ ដោយមិនឈរលើគោលការណ៍ច្បាប់នៅកម្ពុជា។ លោកថា ការអនុវត្តវិធានការរបស់ស្ថាប័នមានសមត្ថកិច្ចកន្លងមកដោយសារអ្នកសារព័ត៌មានមួយចំនួនបានប្រព្រឹត្តផ្ទុយនឹងច្បាប់នៅកម្ពុជា។
មន្ត្រីនាំពាក្យរូបនេះថ្លែងថា៖ «កន្លងមកនេះស្ថាប័នអនុវត្តច្បាប់បានអនុវត្តនូវសំណុំរឿងនានា ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់។ ដូច្នេះការអនុវត្តច្បាប់លើអ្នកសារព័ត៌មានដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ពុំមែនជាការយាយី ឬការធ្វើទុក្ខបុកម្នេញ ឬបំភិតបំភ័យដល់អ្នកសារព័ត៌មានទេ»។
លោកបន្ថែមថា៖ «មានន័យថា ប្រសិនបើអ្នកសារព័ត៌មានអនុវត្តដោយវិជ្ជាជីវៈ ប្រកបដោយភាពត្រឹមត្រូវ ក្រមសីលធម៌គឺគាត់អាចបំពេញតួនាទីរបស់គាត់នៅកម្ពុជាដោយសេរី ដោយគ្មានការទទួលខុសត្រូវ ឬប្រឈមមុខផ្លូវច្បាប់ឡើយ»។
ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក. លោក ហ៊ុយ វណ្ណៈ យល់ស្របទៅនឹងការរកឃើញនៃរបាយការណ៍នេះ។ ប៉ុន្តែលោកថា បញ្ហាប្រឈមភាគច្រើនកើតលើអ្នកសារព័ត៌មានដែលពុំមានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ។
លោក ហ៊ុយ វណ្ណៈ បញ្ជាក់ថា៖ «យើងទទួលស្គាល់ថា មានបញ្ហា អ្នកកាសែតដែលប្រឈមនៅក្នុងផ្លូវច្បាប់តុលាការ ប៉ុន្តែភាគច្រើនអ្នកសារព័ត៌មានអនឡាញ (ពុំមានច្បាប់ត្រឹមត្រូវ)។ ប៉ុន្តែបើអ្នកសារព័ត៌មានមានស្ថាប័នត្រឹមត្រូវមានវិជ្ជាជីវៈមិនសូវប្រឈមទេ»។
លោកបន្តថា៖ «ទី១ បើយើងមើលមួយភ្លែត ដូចអាជ្ញាធរឃោរឃៅអ៊ីចឹង ដោយសារបាតុភាពរបស់អ្នកកាសែតមួយចំនួនខ្វះសីលធម៌ ទី២ ធ្វើឱ្យគេវាយតម្លៃរួម ប៉ះពាល់ដល់អ្នកកាសែតដែលមានវិជ្ជាជីវៈទៅវិញ»។
ខេមបូចាចាត់ទុកថា ការបន្តចាប់ឃុំខ្លួន ការឃុំឃាំង និងការគំរាមកំហែងជាបន្តបន្ទាប់លើអ្នកសារព័ត៌មានធ្វើឱ្យខូចដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធនឹងមន្ត្រីអ្នកមានអំណាច។ ក្នុងនោះ ក្រមព្រហ្មទណ្ឌនៅតែជាឧបករណ៍ច្បាប់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេប្រើជាញឹកញាប់ដើម្បីបំភិតបំភ័យ និងចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ៕