ភ្នំពេញៈ ខ្មែរ-អូស្ត្រាលី​មួយ​ក្រុម​នៅក្នុង​ប្រទេស​អូស្ត្រាលី​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោកស្រី Julie Bishop តំណាងរាស្ត្រ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អូស្ត្រាលី ដើម្បី​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ថ្កោលទោស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ពួកគេ​ថា​បាន​ធ្វើឲ្យ​ខូច​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ប៉ុន្តែ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​និយាយ​ថា លិខិត​នោះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ប្រឆាំង​។

លិខិត​នោះ​ត្រូវ​ចុះហត្ថលេខា​ដោយ​មនុស្ស​ប្រមាណ ១០០ នាក់​ហើយ​ក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​បង្កក​ទ្រព្យសម្បត្តិ និង​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ផង​ដែរ​។

លិខិត​ដែល​ចុះ​ថ្ងៃទី​ ១២ ខែ​សីហា​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​បាន​បញ្ជាក់​ថា​៖ «​យើង​ពលរដ្ឋ​អូស្ត្រាលី​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការវាយប្រហារ​របស់​របប​លោក​ ហ៊ុន សែន លើ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ យើង​ខ្ញុំ​ដឹង​ថា​លោកស្រី​គ្រោង​នឹង​ជួប​ជាមួយ​កញ្ញា កឹម មនោវិទ្យា នាពេល​ខាង​មុខ ដូច្នេះ​ហើយ​យើង​រួម​គ្នា​បង្ហាញ​អំពី​កង្វល់​នេះ​»​។

កញ្ញា កឹម មនោវិទ្យា ដែល​ជា​កូនស្រី​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា​ដែល​កំពុង​ជាប់​ពន្ធនាគារ​បច្ចុប្បន្ន​កញ្ញា​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​។

កញ្ញា​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​ថា កញ្ញា​នឹង​ជួប​ជាមួយ​លោកស្រី Julie Bishop នៅក្នុង​សប្តាហ៍​នេះ​។ សំណួរ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្ញើ​ទៅ​កញ្ញា មនោវិទ្យា កាលពី​ម្សិលមិញ​មិន​ទាន់​ទទួល​បាន​ការឆ្លើយតប​នោះ​ទេ​។

លោកស្រី Julie Bishop ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​អូស្ត្រាលី​នឹង​រួម​គ្នា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍​នៅ​កម្ពុជា​។ លោកស្រី​បាន​ថ្លែង​ថា​នៅ​មាន «​ជម្រើស​ជាច្រើន​»​។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​វាយបក​ទៅ​លិខិត និង​ទៅ​កញ្ញា មនោវិទ្យា វិញ​ថា​ពួកគេ​គឺជា​ក្រុម​តែមួយ​។

លោក​ថ្លែង​ថា​៖ «​គាត់​បាន​ធ្វើ​ដូច្នេះ​តាំងពី​មុន​ការបោះឆ្នោត​មក​ម្ល៉េះ​។ នេះ​គឺជា​គំនិត​ចាស់​របស់​គាត់ យើង​មិន​គួរ​យក​ចិត្ត​ទុកដាក់​ជាមួយ​គាត់​ដែល​កំពុង​តោង​ដៃ​តោងជើង​ចៅហ្វាយ​របស់​គាត់​នោះ​ទេ​។ មិន​ថា គាត់​ធ្វើ​អ្វី​ក៏ដោយ វា​មិន​មាន​ប្រសិទ្ធភាព​ដូច​ដែល​គាត់​ចង់​បាន​នោះ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ ប្រសិន​បើ​អូស្ត្រាលី​មិន​បាន​បង្ហាញ​អំពី​ចេតនា ដក​ស្ថានទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ​នោះ​ពួកគេ​គឺ​មិន​ទទួល​ស្គាល់​ក្រុម​បះបោរ​ក្រៅ​ច្បាប់​ទាំង​នោះ​ទេ​។ ពួកគេ​ទទួល​ស្គាល់​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ដូច្នេះ​ហើយ​សំណើ​របស់​ពួកគេ​ដើម្បី​បង្ក​ឱ្យ​មាន​ភាពវឹកវរ​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​មិន​ទទួល​បាន​លទ្ធផល​អ្វី​ឡើយ​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​សូម្បី​សហរដ្ឋអាមេរិក​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក៏​មិន​បាន​និយាយ​អាក្រក់​ពី​កម្ពុជា​ដែរ​។ គឺ​មាន​តែ​តំណាងរាស្ត្រ​ដែល​មកពី​គណបក្ស​ប្រឆាំង ឬ​អ្នក​ដែល​មាន​គំនិត​អាក្រក់​ដែល​បាន​ប្រមាថ​កម្ពុជា​»​។

កញ្ញា កឹម មនោវិទ្យា បាន​ហៅ​ប្រទេស​អូស្ត្រាលី​ថា​ជា​ «​មណ្ឌល​ម៉ាហ្វីយ៉ា​» ​របស់​ឥស្សរជន​ពុករលួយ​កម្ពុជា ហើយ​កញ្ញា​ថា​នាង​មាន​ការ​ភ័យខ្លាច​ជាមួយ​នឹង​ក្រុម​នេះ​។

ប៉ុន្តែ​លោក​ សុខ ឥសាន ថ្លែង​ថា​ការអត្ថាធិប្បាយ​បែប​នេះ​គឺ​គ្មាន​អ្វី​ក្រៅពី​ការប្រមាថ​មើលងាយ​ដល់​អាជ្ញាធរ​អូស្ត្រាលី​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​គាត់​មិន​ត្រឹម​តែ​មើល​ងាយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គាត់​ថែម​ទាំង​មើលងាយ​ដល់​អាជ្ញាធរ​អូស្ត្រាលី​ថែម​ទៀត​ផង​»​។

លោក​បាន​ចោទ​សួរថា​៖ «​តើ​អាជ្ញាធរ​អូស្ត្រាលី​អាច​មិន​អើពើ​ជាមួយ​នឹង​ការលាង​លុយ​កខ្វក់ និង​ការរត់​ពន្ធ​ខុស​ច្បាប់​យ៉ាង​ដូចម្តេច​? នេះ​គឺជា​ការប្រមាថ​លើ​អធិបតេយ្យភាព និង​ភាព​ជា​អ្នកដឹកនាំ​របស់​គេ​»៕ NS