ភ្នំពេញៈ មន្ត្រី​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា អាជ្ញាធរ​ខេត្តសៀមរាប​បាន​រកឃើញ​ពលរដ្ឋ​ខ្មែរ​ចំនួន ៤៤ ​នាក់​ ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​ត្រូវបាន​រកឃើញ​ថា​មាន​ឆ្លង​វីរុស​កូវីដ​ ១៩ ហើយ​បានដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​តាមដាន​សុខភាព ខណៈ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​គ្រោង​ចំណាយ​ថវិកា​ជាង​ ៣០ ​លាន​ដុល្លារ​ ដើម្បី​ត្រៀម​ទប់ទល់​ការរីករាលដាល​នៃ​ជំងឺ​នេះ​ និង​ជំងឺឆ្លង​ផ្សេងទៀត​។

លោក​ លី សូវ៉ាន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​សរសេរ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់លោក​កាលពី​ម្សិលមិញ​ថា​៖ «​យើង​បាន​រកឃើញ​អ្នក​ប៉ះពាល់​ផ្ទាល់​ ៤ ​នាក់ និង​ប្រមាណ ៤០ ​នាក់​ប៉ះពាល់​ប្រយោល​ដែល​តម្រូវឱ្យ​ពួកគាត់​នៅ​ដោយឡែក​ពី​គេ​ចំនួន ១៤ ​ថ្ងៃ និង​តាមដាន​សុខភាព​។ បើ​មាន​ចេញ​រោគសញ្ញា​ត្រូវ​យក​វត្ថុ​វិភាគ​ជាបន្ទាន់​។ រហូត​ពេលនេះ​ពួកគាត់​ពុំទាន់​មាន​រោគសញ្ញា​នៅឡើយ​ទេ​»​។

កាលពី​ថ្ងៃទី​ ៤ មីនា ក្រសួង​សុខាភិបាល​ប្រទេស​វៀតណាម​បាន​រាយការណ៍​ថា​អ្នកដំណើរ​ជនជាតិ​ជប៉ុន​ម្នាក់ ដែល​បាន​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប​ផ្ទេរ​ជើង​ហោះហើរ​នៅ​ទីក្រុង​ហូជីមិញ ដើម្បី​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​គឺ​ត្រូវបាន​គេ​ធ្វើតេស្ដ រកឃើញ​ឆ្លង​វីរុស​កូវីដ​ ១៩ បន្ទាប់ពី​ចុះចត​នៅ​ព្រលានយន្តហោះ​ប្រទេស​ជប៉ុន​។ លោក លី សូវ៉ាន់ បន្ថែម​ថា​ជនជាតិ​ជប៉ុន​រូបនេះ​គឺ​បាន​ធ្វើ​ដំណើរ​រយៈពេល​ខ្លីៗ​គឺ​ពី​ប្រទេស​ថៃ ប្រទេស​ហ្វីលីពីន ប្រទេស​កម្ពុជា និង​បន្ទាប់មក​ទៅ​វៀតណាម ដើម្បី​ត្រឡប់​ទៅ​ជប៉ុន​វិញ​។

មន្ត្រី​សុខាភិបាល​សាកសួរ​ពលរដ្ឋ​ខ្មែរ​ប៉ះពាល់​ជាមួយ​បុរស​ជប៉ុន​ដែល​មាន​ឆ្លង​កូវីដ​ ១៩​។ រូបថត ហ្វ្រេសញូវ

ជាមួយ​គ្នា​នេះ​លោក អ៊ឹង រចនា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ធ្វើ​លិខិត​មួយ​បញ្ជាក់​មកកាន់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​ជប៉ុន​នេះ​គឺ​បាន​រាយការណ៍​ថា រូបគាត់​មាន​អាការ​មិន​ស្រួលខ្លួន​គឺ​អំឡុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។ លោក អ៊ឹង រចនា បន្ត​ថា​នៅ​ព្រឹក​ថ្ងៃទី​ ៤ ខែ​មីនា ជនជាតិ​ជប៉ុន​ដែល​មាន​អាយុ​ជាង ៤០ ​ឆ្នាំ​រូបនេះ​ត្រូវ​បាន​រកឃើញ​ថា មាន​ផ្ទុក​វីរុស កូវីដ​ ១៩ នៅពេល​មកដល់​អាកាសយានដ្ឋាន Chubu នៃ​ទីក្រុង Nagoya ប្រទេស​ជប៉ុន នៅពេល​គាត់​បាន​ទៅ​ពិភាក្សា​ជាមួយ​ក្រុមមន្ត្រី​ចត្តាឡីស័ក ដោយសារ​គាត់​ពិបាក​ដកដង្ហើម​។

លោក​បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ថា​៖ «​បុរស​ជនជាតិ​ជប៉ុន​រូបនេះ​បាន​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​នៅ​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០២០ ឆ្លងកាត់​វៀតណាម ហើយ​បានធ្វើ​ដំណើរ​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃទី​ ២១ ខែ​កុម្ភៈ​។ គាត់​បញ្ជាក់ថា មិនសូវ​ស្រួលខ្លួន​នៅ​ថ្ងៃទី​ ២១ ខែ​កុម្ភៈ​។ គាត់​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី ២៨ ខែ​កុម្ភៈ​ហើយ​នៅ​ថ្ងៃទី​ ៣ ខែ​មីនា​បាន​ទៅ​ពេទ្យ​នៅ​ស្រុក​ខ្មែរ មិន​បញ្ជាក់​ឈ្មោះ​។ ពាក់ព័ន្ធ​នឹង​ការ​ទៅ​ពេទ្យ​នេះ Nagoya TV បាន​បញ្ជាក់​ថា គាត់​មាន​អាការ​ពិបាក​ដកដង្ហើម​»​។

ចំណែក​លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ក៏​បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​ដែរ​ថា កម្ពុជា​មិនទាន់​ទទួល​បាន​ការបញ្ជាក់​ណាមួយ​ពី​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​ដែល​បញ្ជាក់ថា បុរស​ជនជាតិ​ជប៉ុន​រូបនេះ​ពិតជា​ឆ្លង​កូវី​ ១៩ នៅឡើយ​ទេ​។

លោកស្រី​ថា​៖ «​យើង​អត់​គិត​រឿង​ហ្នឹង​ទេ​ (​គេ​ឆ្លើយតប​ ឬ​មិន​ឆ្លើយតប​) រឿង​គេ​ទៅដល់​ជប៉ុន​ហើយ ហើយ​ចូល​ទៅ​សម្រាក​នៅ​ពេទ្យ​នៅ​ជប៉ុន​ហើយ​។ ប៉ុន្តែ​សំខាន់​យើង​នៅទីនេះ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព​ទៅ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​ជនជាតិ​ជប៉ុន​នេះ​។ មន្ទីរ​សុខាភិបាល និង​អាជ្ញាធរខេត្ត​សៀមរាប​មិន​បាន​នៅ​ស្ងៀម​ទេ​»​។

ជាមួយ​គ្នា​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាននិង​កំពុង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​រួម​ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់​ពាក់ព័ន្ធ​នឹង​ការការពារ​វីរុស​កូវីដ​ ១៩ និង​មេរោគ​ឆ្លង​នានា សម្រាប់​រយៈពេល​ ៦ ​ខែ​ដោយ​គ្រោង​ចំណាយ​ថវិកា​ជាង ៣០ ​លាន​ដុល្លារ​អាមេរិក «​តាមរយៈ​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន​, រៀបចំ​ទីកន្លែង​ដើម្បី​ទទួល​ដោះស្រាយ​ក៏ដូចជា​ស្វែងរក​អ្នក​ដែលមាន​លទ្ធភាព​ឆ្លង​កុំឱ្យ​មាន​ការរីករាលដាល​សំដៅ​បង្ការ ការពារ និង​ព្យាបាល​ក្នុង​ករណី​មាន​ការឆ្លង​វីរុស​»​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​កាលពី​ថ្ងៃ​ទី​ ៤ ខែ​មីនា ឆ្នាំ​ ២០២០ ដែល​ទើបតែ​ឃើញ​ចែកចាយ​ដល់​អ្នកសារព័ត៌មាន​កាលពី​ម្សិលមិញ​៕