ភ្នំពេញៈ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានសម្តែងការព្រួយបារម្ភពីរលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែនខុសច្បាប់ក្នុងអំឡុងពេល និងក្រោយពេលនៃការរាតត្បាតជំងឺកូវីដ១៩ ខណៈដែលលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យតាមចាប់មេខ្យល់ដែលនាំពលរដ្ឋខ្មែរ លួចឆ្លងដែនទៅថៃមកផ្តន្ទាទោស។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ ២០១៩ និងលើកទិសដៅឆ្នាំ ២០២០ របស់ គជបជ កាលពីថ្ងៃពុធថា សូមឲ្យបណ្តាខេត្តជាប់ព្រំដែន ខិតខំប្រមូលកម្លាំង ដើម្បីជួយទប់ស្កាត់ឲ្យបានចំពោះការលួចឆ្លងកាត់ព្រំដែនត្រឡប់ទៅថៃវិញ។ លោកថា បើទោះជាព្រំដែនកម្ពុជា ថៃ ត្រូវបានបិទ ប៉ុន្តែនៅតាមច្រករបៀងតែងមានមេខ្លោងដែលលោកចាត់ទុកថា ពួកគេគឺជាអ្នកជួញដូរមនុស្ស ហើយត្រូវចាប់ខ្លួនឲ្យបាន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនត្រូវបណ្តែតបណ្តាយនោះទេ។
លោកបញ្ជាក់ថា៖ «អ៊ីចឹងសូមឲ្យយកចិត្តទុកដាក់ទាក់ទងនឹងបញ្ហានេះ ព្រោះទៅដល់ហ្នុង (ប្រទេសថៃ) វាខុសច្បាប់។ ដូច្នេះ អ្នកឆ្លងដែនក៏ខុសច្បាប់ អ្នកនាំទៅក៏រឹតតែខុសច្បាប់ ហើយឃុបឃិតក្រុមហ៊ុនឯកជននៅថៃ។ អ៊ីចឹងខ្ញុំសូមស្នើទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ជាពិសេសរដ្ឋបាលដែនដីកម្លាំងកងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ និងមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀតសូមរួមសហការគ្នាទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស»។
លោកស្រី ជូ ប៊ុនអេង ក៏បានថ្លែងនាឱកាសនោះដែរថា ក្នុងអំឡុងពេលប្រទេសថៃត្រូវបានពន្យារការបិទប្រទេសបណ្តោះអាសន្នរហូតដល់ចុងខែមិថុនា ដោយសារជំងឺកូវីដ១៩មេខ្យល់ និងបណ្តាញឃុបឃិតមួយចំនួនបាននាំពលករខ្មែរឆ្លងដែនត្រឡប់ចូលប្រទេសថៃវិញ។
លោកស្រីបញ្ជាក់ថា៖ «មេខ្យល់ និងបណ្តាញឃុបឃិតបាននាំពលករឆ្លងដែនត្រឡប់ចូលប្រទេសថៃវិញជាហូរហែ និងត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនត្រឡប់មកវិញជាបន្តបន្ទាប់ធ្វើឲ្យពលករជាច្រើនត្រូវខាតបង់លុយកាក់ ដែលត្រូវឲ្យមេខ្យល់ និងអ្នកឃុបឃិតក្នុងម្នាក់ៗរាប់ពាន់បាត»។
លោកស្រីបន្តថា៖ «ក្រៅពីខាតបង់ពេលវេលាក្នុងការគេចវេះពីសមត្ថកិច្ចដោយទៅមិនដល់គោលដៅ ព្រោះត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនចាប់បញ្ជូនត្រឡប់មកវិញហើយជនទាំងនោះក៏ត្រូវបានដាក់ឲ្យនៅក្នុងប្រព័ន្ធចត្ដាឡីស័ក ១៤ ថ្ងៃ ដែលមានខ្លះទទួលរងគ្រោះថ្នាក់នៅតាមផ្លូវដែលគេចវេះនោះថែមទៀត»។
ក្នុងនាមតំណាងឲ្យអគ្គលេខាធិការ គជបជ លោកស្រី ជូ ប៊ុនអេង បានអំពាវនាវដល់ក្រុមការងារទាំងអស់ ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ គប្បីបង្កើនការយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើជួញដូរមនុស្ស និងការលួចឆ្លងដែនដោយខុសច្បាប់ដែលលោកស្រីបារម្ភថា នេះជារលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែន។
លោកស្រីបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា៖ «នៅអំឡុងពេលដែលពលរដ្ឋកំពុងតែខ្វាយខ្វល់នឹងបញ្ហាជីវភាពរបស់គាត់ នៅពេលនោះនឹងមានការញុះញង់ ឬក៏ការអូសទាញពួកគាត់ (ឲ្យឆ្លងដែនដោយខុសច្បាប់) ដោយសារមេខ្យល់គាត់ត្រូវការលុយសម្រាប់ជាផលប្រយោជន៍របស់គាត់។ ដូច្នេះមេខ្យល់នឹងរកគ្រប់មធ្យោបាយហើយពលរដ្ឋនឹងមានការថ្លឹងថ្លែងថា ទៅណាចំណេញ ព្រោះមេខ្យល់គាត់ពូកែ។ អ៊ីចឹង យើងបារម្ភ ក្រែងគាត់គិតថា ការឆ្លងដែនខុសច្បាប់នេះ គឺជារឿងដែលគាត់ត្រូវទៅ»។
តាមរបាយការណ៍ គជបជ ដែលបានផ្សព្វផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ ២០១៩ មានចំនួន ១៦៩ លើក ដែលមានការកើនឡើង ៣៥ ករណី ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ២២៩ នាក់ ដែលមានជនសង្ស័យជាអនីតិជនចំនួន ១១ នាក់ និងជនបរទេសចំនួន ៤០ នាក់ មាន ៧ សញ្ជាតិ។ របាយការណ៍ដដែលបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទក្នុងឆ្នាំ ២០១៩ ថាមានភាពល្អប្រសើរជាងមុន បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០១៨។
ប៉ុន្តែរបាយការណ៍ដដែលនេះលើកឡើងថា ស្របពេលមានវិបត្តិសេដ្ឋកិច្ច និងការផ្ទុះឡើងនៃជំងឺកូវីដ១៩បានធ្វើឲ្យមានបម្រែបម្រួលថ្មីនៃរបត់ទេសន្តប្រវេសន៍នៅក្នុងអំឡុងពេលដែលរោងចក្រ សហគ្រាសនៅតាមបណ្តាប្រទេសផ្អាកដំណើរការដែលចាំបាច់ត្រូវតាមដាន និងដាក់ចេញនូវវិធានការថ្មីៗ ដើម្បីបង្ការនូវហានិភ័យទាំងឡាយដែលកើតមានក្នុងការប្រព្រឹត្តបទល្មើសនៃការជួញដូរមនុស្ស៕