ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើការសាកល្បងចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធអនឡាញនៅឆ្នាំក្រោយនេះ ដើម្បីបង្កើនការទុកចិត្តពីភាគីពាក់ព័ន្ធ និង ឆ្លើយតបទៅនឹងការរីកចម្រើននៃប្រព័ន្ធព័ត៌មានវិទ្យានៅកម្ពុជាក៏ដូចជានៅលើពិភពលោក។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញ ថា ដំណើរការនៃការរៀបចំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតគ្រោងចាប់ផ្តើមធ្វើសាកល្បងនៅឆមាសទី ១ នៃឆ្នាំ ២០២១ ខាងមុខ។ ប៉ុន្តែសម្រាប់កិច្ចការនេះ គ.ជ.ប. នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធមុននឹងសម្រេចដាក់ឱ្យដំណើរការសាកល្បង។
បើតាមមន្ត្រីនាំពាក្យរូបនេះ គឺ គ.ជ.ប. គ្រោងពិភាក្សាជាមួយសមាគម ស្ថាប័នរៀបចំការបោះឆ្នោតពិភពលោក (Association of World Election Bodies) ក្នុងក្របខ័ណ្ឌជាសមាជិកពេញសិទ្ធិចាប់តាំងពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៩ មក ដើម្បីដឹងថា សមាគមនេះអាចជួយអ្វីបានចំពោះកិច្ចការបោះឆ្នោត រីឯសម្រាប់សម្ភារ និងបច្ចេកទេស (IT) គ.ជ.ប. នឹងពិភាក្សាជាមួយភាគីជប៉ុន។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា៖ «ចំពោះការចុះបញ្ជីតាមប្រព័ន្ធ IT នេះ គឺ បញ្ចៀសបាននូវបេក្ខជនម្នាក់ឈរឈ្មោះឱ្យគណបក្សនយោបាយលើសពី ១ ឬចៀសវាងឱ្យបេក្ខជនអាចឈរឈ្មោះឱ្យ ២ ឬ ៣ គណបក្សនយោបាយ។ សម្រាប់អ្នកដែលមានសិទ្ធិ ឬ អាចចុះឈ្មោះបានតាមប្រព័ន្ធអនឡាញ ត្រូវមានឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ និងស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ»។ លោកថា ក្នុងរយៈពេលកន្លងមកមានបេក្ខជនខ្លះឈរឈ្មោះឱ្យគណបក្សនយោបាយលើសពី ១ ឬ ២ គណបក្ស។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាគាំទ្រចំពោះការធ្វើទំនើបកម្មនៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញរបស់ គ.ជ.ប.។ នីតិវិធីនេះស្របតាមបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន និងភាគច្រើនគេប្រើប្រាស់ប្រព័ន្ធអនឡាញនេះ។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញ គ.ជ.ប. រៀបចំនេះគឺឆ្លើយតបទៅនឹងទំនើបកម្មបច្ចេកវិទ្យាទំនើប ព្រោះរាល់កិច្ចការអ្វីៗនឹងជួយសម្រួលដល់គណបក្សនយោបាយកាន់តែច្រើន ហើយវាគួរគប្បីណាស់ដែល គ.ជ.ប. ប្រកាសឱ្យមានការប្រើប្រាស់បច្ចេកវិទ្យានៃការចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះ»។
លោក សុខ ឥសាន បន្តថា៖ «ប៉ុន្តែនៅក្នុងកិច្ចការនៃការចុះឈ្មោះតាមប្រព័ន្ធអនឡាញនេះ មិនមែនតែចុះបានគ្រប់គ្នានោះទេ លុះត្រាតែគណបក្សណាដែលស្របទៅតាមច្បាប់ហើយបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជាផ្លូវការ ដោយមានតម្កល់ទុកនូវលក្ខន្តិកៈ ហើយបានបំពេញបែបបទផ្សេងៗ ដែលមានការចែងនៅក្នុងច្បាប់ស្តីពីគណបក្សនយោបាយទើបអាចមានសិទ្ធិចុះបញ្ជីបេក្ខជន និងគណបក្សក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតបាន»។
ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ ក៏បានគាំទ្រចំពោះផែនការរបស់ .គ.ជ.ប. នេះដែរ ស្របពេលកម្ពុជា និងពិភពលោកកំពុងជួបបញ្ហាប្រឈមទៅនឹងជំងឺកូវីដ ១៩ នាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ការចុះបញ្ជីនេះ ក៏ជាមធ្យោបាយមួយ និងបរិបទថ្មីសម្រាប់កម្ពុជា ជាពិសេសអ្នកនយោបាយវិវឌ្ឍដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការធ្វើការងារតាមប្រព័ន្ធអនឡាញ»។
លោកបន្ថែមថា៖ «បើអ្នកនយោបាយធ្វើការដោយផ្ទាល់ វាមានការលំបាក ហើយមានភាពស្មុគស្មាញយ៉ាងច្រើនក្នុងការចុះបញ្ជីនាពេលកន្លងមកនេះ។ បើមានការចុះបញ្ជីប្រព័ន្ធអនឡាញនេះនឹងបង្កភាពងាយស្រួល ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ និងជាបញ្ហាចោទគឺគតិយុត្ត ដែលត្រូវបញ្ជាក់ពីអាជ្ញាធរត្រូវធ្វើយ៉ាងដូចម្តេច»។
មន្ត្រីផ្នែកអង្កេតការបោះឆ្នោតនៅអង្គការ ខុម ហ្វ្រែល លោក កន សាវ៉ាង ទទួលស្គាល់ដែរថា ការចុះបញ្ជីគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតតាមប្រព័ន្ធអនឡាញជារឿងល្អ ប៉ុន្តែត្រូវតែមានការរៀបចំនីតិវិធីឱ្យបានត្រឹមត្រូវ។ បើមិនដូច្នោះទេ វាជាការរើសអើងចំពោះការចុះបញ្ជីតាមប្រព័ន្ធនេះ។
លោកថា៖ «ទាក់ទងទៅនឹងការចុះបញ្ជីប្រព័ន្ធអនឡាញនេះវាល្អ ប៉ុន្តែបើ គ.ជ.ប. មាន នីតិវិធី និងរៀបចំឱ្យបានត្រឹមត្រូវពាក់ព័ន្ធបទដ្ឋានគតិយុត្ត និងច្បាប់ហើយមានការគាំទ្រពីរដ្ឋាភិបាលរឹតតែប្រសើរ ១ កម្រិតទៀត»៕