
សន្លឹកឆ្នោតដែលប្រអប់ [៤ ជ្រុង] សម្រាប់គូសគាំទ្រពីឆ្នាំ ២០១៨។ ហេង ជីវ័ន
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងរៀបចំបោះឆ្នោតសាកល្បងនៅក្នុងត្រីមាសទី១ ឆ្នាំនេះដោយប្រើប្រាស់ត្រារាងមូល និងមានសញ្ញាធិកជំនួសឱ្យការប្រើប្រាស់ប៊ិក មុនសម្រេចយកប្រើសម្រាប់រៀបចំបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅឆ្នាំ ២០២២។
លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីម្សិលមិញថា សម្រាប់ឆ្នាំ ២០២១ គ.ជ.ប មានកិច្ចការសំខាន់ៗចំនួន ២ ដែលត្រូវធ្វើគឺការរៀបចំបញ្ជីបោះឆ្នោត និងមួយទៀតគឺការរៀបចំបោះឆ្នោតសាកល្បងដោយប្រើប្រាស់ត្រារាងមូល និងមានសញ្ញាធិក។
លោកពន្យល់ថា ការបោះឆ្នោតសាកល្បងដោយប្រើប្រាស់ត្រានេះគឺអាចនឹងចាប់ផ្តើមនៅចន្លោះខែមីនា និងខែមេសាខាងមុខនេះ ដោយប្រើពេលតែ ៣០ ថ្ងៃប៉ុណ្ណោះ។ ការបោះឆ្នោតសាកល្បងនេះដើម្បីត្រួតពិនិត្យទៅលើប្រសិទ្ធភាពកម្មវិធីចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតរួមជាមួយនឹងកម្មវិធីនៃការត្រួតពិនិត្យផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ។
បើតាមលោក សោម សូរិដា កន្លងមកនេះមានបញ្ហាចំពោះការប្រើប្រាស់ប៊ិកក្នុងការគូសសញ្ញាគាំទ្រគណបក្សនយោបាយដែលតែងមានចម្រូងចម្រាសពាក់ព័ន្ធនឹងគំនូសលើសន្លឹកឆ្នោតបានការ និងមិនបានការ ប៉ុន្តែសម្រាប់ឆ្នាំ ២០២១ នេះ គ.ជ.ប ប្រើប្រាស់ត្រាមូលមានសញ្ញាធិក ដើម្បីគាំទ្រដល់គណបក្សនយោបាយ។
លោក សោម សូរិដា បានបញ្ជាក់ថា៖ «ខ្ញុំជម្រាបថាការបោះឆ្នោតសាកល្បងនេះគ្រោងរៀបចំនៅក្នុង ២៥ រាជធានី-ខេត្ត ដែលក្នុងមួយរាជធានី-ខេត្តត្រូវជ្រើសរើសយកឃុំ ឬសង្កាត់មួយហើយនៅក្នុងឃុំ សង្កាត់នីមួយៗនោះ គឺយើងយក ២ ការិយាល័យ ដែលនៅជិតទីប្រជុំជន ឬក៏ការិយាល័យនៅឆ្ងាយពីទីនោះបន្តិចក្នុងមួយការិយាល័យកំណត់យកអ្នកបោះឆ្នោតត្រឹមតែ ៥០០ នាក់»។
លោកបន្តថា៖ «ចំពោះថវិកាសម្រាប់បោះឆ្នោតសាកល្បងនេះគឺជាកញ្ចប់ថវិការបស់ គ.ជ.ប សម្រាប់ឆ្នាំ ២០២១ ដោយមានការស្នើទៅរដ្ឋ ដើម្បីយកមកអនុវត្ត ប៉ុន្តែយ៉ាងណាក៏ដោយ គ.ជ.ប ក៏នឹងរង់ចាំមើលការឧបត្ថម្ភគាំទ្រពីប្រទេសដៃគូក្នុងរយៈពេល ២ ខែទៀត ហើយបើមិនមានទេ គឺ គ.ជ.ប ប្រើប្រាស់ថវិការដ្ឋហើយ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងពីម្សិលមិញថា កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជាច្រើនលើកមកហើយ។
បញ្ហានេះ គ.ជ.ប មានបទពិសោធខ្ពស់ក្នុងការរៀបចំធ្វើនីតិវិធីរបៀបណាមួយដើម្បីឱ្យងាយស្រួលដល់ពលរដ្ឋ និងចៀសវាងការភាន់ច្រឡំ។ ការបង្កើតត្រាសម្រាប់គូសនៅសន្លឹកឆ្នោតគឺជាវិធានការថ្មី ហើយគណបក្សប្រជាជនកម្ពុជាគ្មានអ្វីគួរឱ្យបារម្ភទេ។
លោកថ្លែងថា៖ «ការបោះឆ្នោតកន្លងមក ប្រជាជនគាត់គូសមិនទៀងទាត់ ពេលខ្លះគាត់ដាក់លេខសូន្យ គាត់គូសនៅក្រៅវង្វង់ និងនៅក្នុងរង្វង់ដែលវាធ្វើឱ្យខុសរបៀបរបប ហើយនៅពេលដែលយើងរាប់សន្លឹកឆ្នោតមានការប្រកែកគ្នា»។...អ៊ីចឹងទេបើប្រើត្រាគ្រាន់តែចុចនៅក្នុងរង្វង់ណាមួយនោះ វាមានភាពងាយស្រួលជាង»។
លោក សំ សុគន្ធាមី នាយកប្រតិបត្តិអង្គការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតនៅកម្ពុជាហៅកាត់ និចហ្វិក ថ្លែងកាលពីម្សិលមិញថា ការប្រើប្រាស់ត្រាសម្រាប់បោះលើសន្លឹកឆ្នោតជំនួសប៊ិក ត្រូវបានប្រទេសមួយចំនួនប្រើប្រាស់រួចទៅហើយ។ ចំពោះកម្ពុជាមិនទាន់ជាយឺតពេលទេ ក្នុងការប្រើត្រាសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ព្រោះប្រទេសខ្លះទៅលើពិភពលោកក៏គេនៅប្រើប៊ិកដែរ។
លោកថ្លែងថា៖ «ការប្រើប្រាស់ត្រាសម្រាប់ប្រើប្រាស់ក្នុងពេលបោះឆ្នោតគឺមិនអាចខុសសន្លឹកឆ្នោតនោះទេ ព្រោះត្រាគេវ៉ៃពីលើ ប៉ុន្តែការគូសវាអាចខូច ឬខុសកន្លែង...»។
ទោះជាយ៉ាងណាក្ដីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឱ្យដឹងថា គណបក្សរបស់លោកមិនគាំទ្រចំពោះការប្រើប្រាស់ត្រាក្នុងការបោះឆ្នោតនោះទេ ព្រោះវាមិនមែនជាការសម្តែងមតិ និងអត្តចរិតរបស់ពលរដ្ឋក្នុងការយល់ដឹងពីការបោះឆ្នោត ព្រមទាំងវាអាចកេងបន្លំសន្លឹកឆ្នោតបាន។
លោកថា៖ «ការប្រើប្រាស់ត្រាបោះជំនួសប៊ិកនេះមនុស្សម្នាក់អាចបោះបានច្រើនសន្លឹក និងមិនបានសម្តែងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ប៉ុន្តែបើប្រើប្រាស់ប៊ិកដោយដៃរបស់ប្រជាពលរដ្ឋ គឺបានតែម្តងទេ ហើយវាក៏ជាការបញ្ជាក់ពីអត្តចរិត និងចំណេះដឹងរបស់ប្រជាពលរដ្ឋដែរ»៕