ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីថ្ងៃចន្ទបានជំរុញឲ្យពលរដ្ឋខ្មែរដែលបានចុះឈ្មោះបោះឆ្នោតហើយទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអតីតអ្នកនយោបាយនៃអតីតគណបក្សសង្គ្រោះជាតិបានជំរុញឲ្យពលរដ្ឋខ្មែរធ្វើពហិការក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខនេះរួមទាំងមានការស្នើឲ្យសហគមន៍អន្តរជាតិពិចារណាក្នុងការចូលរួមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោត និងអង្គការក្នុងស្រុកយ៉ាងហោចណាស់ ៤ មិនទាន់មានជំហរច្បាស់លាស់ក្នុងការចូលរួមសង្កេតការណ៍ ដោយសារសា្ថនភាពនយោបាយ និងបញ្ហាជំនួយ។
ប្រតិកម្មរបស់ គជប ធ្វើឡើងក្រោយពេលលោក សម រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត បើសិនស្ថានការណ៍នយោបាយកម្ពុជានៅតែបន្តដូចសព្វថ្ងៃ និងបើគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ និងការអត្ថាធិប្បាយរបស់លោក គល់ បញ្ញា នាយកប្រតិបតិ្តអង្គការខុមហ្វ្រែលឲ្យអង្គការជាតិ និងអន្តរជាតិពិចារណាមុនពេលចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។
ការអំពាវនេះធ្វើឡើងប៉ុន្មានខែក្រោយពេលដែលតុលាការកំពូលសម្រេចក្ដីរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយបានចាប់ប្រធានគណបក្សនេះគឺលោក កឹម សុខា ដាក់ពន្ធនាគារដោយជាប់ចោទពីអំពើក្បត់ជាតិ។
គ.ជ.ប. បានអះអាងថាប៉ុន្មានថ្ងៃចុងក្រោយនេះមានបុគ្គលមួយចំនួនបានអំពាវនាវប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងឲ្យអ្នកសង្កេតការណ៍ជាតិអន្តរជាតិធ្វើការពិចារណាឲ្យបានហ្មត់ចត់មុននឹងចូលសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ខាងមុខនេះព្រោះតែបុគ្គលទាំងនោះបានចាត់ទុកការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងថាជាការបោះឆ្នោតមួយដែលខុសច្បាប់។
គ.ជ.ប មិនបានលើកឡើងចំឈ្មោះបុគ្គលមួយណាដែលបានអត្ថាធិប្បាយដូច្នេះទេ ខណៈលោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប ក៏បានបដិសេធមិនបង្ហាញឈ្មោះអ្នកដែល គ.ជ.ប បានប្រតិកម្មនោះដែរ។
គ.ជ.ប បានលើកឡើងថា៖ «គ្មានមាត្រាណាមួយក្នុងច្បាប់នេះ (ច្បាប់បោះឆ្នោត) ចែងថា លុះត្រាតែមានគណបក្សប្រឆាំងចូលរួមក្នុងការបោះឆ្នោតទើបចាត់ថា ការបោះឆ្នោតមានលក្ខណៈស្របច្បាប់នោះដែរ»។
កាលពីថ្ងៃសៅរ៍ វិទ្យុអាស៊ីសេរីបានធ្វើបទសម្ភាសជាមួយលោក សម រង្ស៊ី ដែលនៅក្នុងបទសម្ភាសនោះលោក រង្ស៊ី បានអំពាវនាវឲ្យពលរដ្ឋកុំទៅបោះឆ្នោត បើសិនជាការបោះឆ្នោតខាងមុខនេះគ្មានវត្តមានរបស់គណបក្សប្រឆាំង ហើយអះអាងថាការចូលរួមរបស់គណបក្សតូចៗក្នុងការបោះឆ្នោតនេះគឺដើម្បីធ្វើឲ្យការបោះឆ្នោតមានភាពស្របច្បាប់តែប៉ុណ្ណោះ។
កាលពីថ្ងៃទី ៤ ខែមេសាលោក គល់ បញ្ញា ថ្លែងតាមវិទ្យុអាស៊ីសេរី និង Reuters ថា អ្នកសង្កេតការណ៍អន្តរជាតិគប្បីពិចារណាឲ្យបានហ្មត់ចត់ជាងពេលណាៗទាំងអស់មុននឹងឆ្លើយតបទៅនឹងការប្រកាសរកអ្នកសង្កេតការណ៍អន្តរជាតិ ឲ្យចូលរួមសង្កេតការណ៍បោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ ព្រោះអ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែមានបទដ្ឋាននៃលក្ខខណ្ឌតម្រូវរបស់ខ្លួន ដែលត្រូវបំពេញឲ្យបានត្រឹមត្រូវមុននឹងអាចចូលរួមក្នុងការបោះឆ្នោតនេះ។
គ.ជ.ប បានថ្លែងថាការអំពាវនាវបែបនេះគឺប៉ះពាល់អព្យាក្រឹតរបស់អង្គការសង្គមស៊ីវិលដែលមានចែងក្នុងមាត្រា ៨៤ នៃច្បាប់បោះឆ្នោត។ គជប បានរំឭកដល់អង្គការសង្គមស៊ីវិល សមាគមជាតិ និង អន្តរជាតិឲ្យប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ករណីរំលោភលើមាត្រានេះ គ.ជ.ប បញ្ជាក់ថានឹងមានការផាកពិន័យក្នុងទឹកប្រាក់ពី ១០ លានទៅ ២០ លានរៀលដោយមិនទាន់គិតបញ្ចូលទោសទណ្ឌព្រហ្មទណ្ឌផ្សេងទៀត។ គ.ជ.ប ក៏បានលើកមាត្រា ១៤២ នៃច្បាប់បោះឆ្នោតដោយនិយាយថាអ្នកដែលរារាំងមិនឲ្យពលរដ្ឋទៅបោះឆ្នោតធ្វើឲ្យមានការភាន់ច្រឡំ ឬបាត់ទំនុកចិត្តលើការបោះឆ្នោត និងរំខានដល់ការបោះឆ្នោត និងត្រូវពិន័យប្រាក់ពី ៥ លានទៅ ២០ លានដោយមិនទាន់គិតទោសព្រហ្មទណ្ឌផ្សេងទៀត។
គជប ក៏បានអំពាវនាវសាជាថ្មីឲ្យពលរដ្ឋចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រមទាំងអំពាវនាវឲ្យអ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិចុះឈ្មោះសង្កេតការណ៍បោះឆ្នោតតាមគោលការណ៍ស្ម័គ្រចិត្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារជូនពរសម្រាប់បុណ្យចូលឆ្នាំថ្មីនេះក៏បានអំពាវនាវឲ្យពលរដ្ឋចេញទៅបោះឆ្នោតដើម្បីសម្រេចជោគវាសនារបស់ប្រទេសជាតិផងដែរ។
គិតត្រឹមថ្ងៃម្សិលមិញអង្គការសង្គមស៊ីវិលសំខាន់ៗក្នុងស្រុកយ៉ាងហោចណាស់ ៤ បង្ហាញភាពមិនប្រាកដប្រជាអំពីការចូលរួមសង្កេតការណ៍បោះឆ្នោតដោយរង់ចាំមើលស្ថានការណ៍នយោបាយ និងបញ្ហាថវិកា។
លោក កង សាវ៉ាង មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលបានថ្លែងថា អង្គការខុមហ្វ្រែលមិនទាន់សម្រេចចិត្តទេ គឺនៅរង់ចាំមើលរហូតដល់ពាក់កណ្ដាលខែឧសភាខាងមុខ។
លោក សំ គន្ធាមី នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាហៅកាត់ (Necfec) ក៏អះអាងថារហូតដល់ពេលនេះគ្មានគម្រោងច្បាស់លាស់ណាមួយនៅឡើយថា Necfec នឹងចូលរួមឃ្លាំមើលការបោះឆ្នោតនាពេលខាងមុខដោយរង់ចាំរហូតដល់ការបិទបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយ។
លោកថ្លែងថា៖ «ខ្ញុំមិនទាន់មានគម្រោងច្បាស់លាស់នៅឡើយថាចូលរួម ឬមិនចូលរួម តែទោះយ៉ាងណាក៏ដោយខ្ញុំបានត្រៀមឯកសារ បញ្ជីសំណួរពាក់ព័ន្ធអស់ហើយ យើងមានការប្រជុំ ហើយយើងចាំមើលគណបក្សណាចូលរួមខ្លះនេះពី ១ និងដោយសារថវិកាអត់ទាន់មានដែរ យើងកំពុងរៀបចំលើកផែនការដើម្បីរកថវិកា»។
លោកថាមកទល់បច្ចុប្បន្នមិនទាន់មានម្ចាស់ជំនួយណាគាំទ្រដល់ដំណើរការរបស់លោកនៅឡើយ ខណៈដែលការបោះឆ្នោតឃុំសង្កាត់ គឺអង្គការ NDI បានផ្តល់ជំនួយដល់គម្រោងទាំងនេះ។ លោកថ្លែងថា៖ «យើងមិនទាន់មានដំណឹងអ្វីនៅឡើយទេ [ពី EU] និង NDI បើបណ្ដេញគេបាត់ទៅហើយ»។
លោកបន្ថែមថា៖ «អានេះជាកត្តាមួយដែរ ហើយគួបផ្សំស្ថានភាពនយោបាយទៀត តើមានការរឹតត្បិតសេរីភាពអ្នកសង្កេតការណ៍យើងអីយ៉ាងម៉េច ចាំលើបន្តទៀត។ វាពាក់ព័ន្ធអ៊ីចឹង បើយើងមានការរឹតត្បិត យើងអត់អាចធ្វើសកម្មភាពសង្កេតការណ៍បានទូលាយ យើងទៅធ្វើការសង្កេតការណ៍ម្ដេចនឹងកើត។ យើងកំពុងចាំមើលស្ថានភាពនយោបាយ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) បានលើកពីកង្វល់ប្រហាក់ប្រហែលគ្នាអំពីកង្វះមូលនិធិដែលជាបញ្ហាចម្បង បន្ទាប់ពីម្ចាស់ហាក់មិនបង្ហាញការចាប់អារម្មណ៍គាំទ្រ។
លោកថ្លែងថា៖ «ការបោះឆ្នោតមួយៗ បើសូម្បីតែចង់ ឬមិនចង់ម៉េចក៏ដោយ យើងអត់មានថវិកាពីម្ចាស់ជំនួយមិនដឹងយើងទៅធ្វើការសង្កេតការណ៍ម៉េចកើត ព្រោះថាសំខាន់បំផុតយើងពឹងទៅលើថវិកា។ នេះជារឿងមួយសំខាន់។ មកដល់ពេលនេះយើងឃើញថា ថវិកាដែលពាក់ព័ន្ធការបោះឆ្នោតគឺកាន់តែតិចទៅៗមកដល់ឥឡូវនេះគឺជាបញ្ហា»។
លោកក៏ចាំមើលការចុះបញ្ជីរបស់គណបក្សនយោបាយដូចអង្គការនានាដែរ ហើយមានមូលហេតុមួយចំនួនដែលធ្វើឲ្យម្ចាស់ជំនួយដកការចាប់អារម្មណ៍របស់ពួកគេសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។
លោកថ្លែងថា៖ «ខ្ញុំអាចមានមូលហេតុ ២ ឬ ៣ ។ មូលហេតុទី ១ អាចថា ដោយសារតែម្ចាស់ជំនួយខ្លះក៏គេគ្រោងបញ្ចប់បេសកកម្មគេនៅកម្ពុជា ម្ចាស់ជំនួយខ្លះទៀតក៏គេរង់ចាំមើលស្ថានភាពនយោបាយ»។
អង្គការតម្លាភាពកម្ពុជាដែលដឹកនាំដោយលោក ព្រាប កុល បានថ្លែងថា បើសិនជាស្ថានភាពនៅតែដូច្នេះ ស្ថាប័នរបស់លោកពិបាកនឹងចូលរួមសង្កេតការណ៍ណាស់ព្រោះស្ថានភាពនយោបាយបច្ចុប្បន្ន និងដំណើរការបោះឆ្នោតនៅកម្ពុជាបានស្ថិតក្រោមការរិះគន់ជាច្រើនពីសហគមន៍អន្តរជាតិ ក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗដែលធ្វើឲ្យពិបាកនឹងចូលរួម៕