ភ្នំពេញៈ ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែតុលា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ.ជ.ប) បាន​ទទួល​ពាក្យបណ្ដឹង​ពី​គណបក្ស និង​ភាគី​ពាក់ព័ន្ធ​ចំនួន​ ១០៣ ​បណ្ដឹង​ក្នុង​នោះ​ដោះស្រាយ​ជា​សះ​ចំនួន ៤១ ​បណ្ដឹង និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន ៦២ ​បណ្ដឹង​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ស្ដីពី​ការដាក់​ការទទួល និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ក្នុង​ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ កាលពី​ម្សិលមិញ​បានឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៨ ខែតុលា​នេះ គ.ជ.ប បានទទួល​ពាក្យបណ្ដឹង​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ ៥ ​បណ្ដឹង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ចំនួន​ ៩៤ បណ្ដឹង​ និង​ប្រធាន​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​ ៤ ​បណ្ដឹង សរុប​ចំនួន​ ១០៣ ​បណ្ដឹង​។

ក្នុង​ចំណោម​បណ្ដឹង​ទាំងនេះ​មាន​ ៥៥ ​បណ្ដឹង​ត្រូវបាន​ប្ដឹង​ទៅកាន់​ក្រុមប្រឹក្សាឃុំ សង្កាត់ ជា​ពាក្យបណ្ដឹង​សុំឱ្យ​ផ្ដន្ទាទោស និង​ ៤៨ ​បណ្ដឹង​ប្ដឹង​ផ្ទាល់​នៅ គ. ជ.ប ជា​ករណី​ប្ដឹង​មន្ដ្រី​បោះឆ្នោត និង​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់​។

លោក ហ៊ែល សារ៉ាត់ សមាជិក គ.ជ.ប ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្ដីពី​ការធ្វើ​បច្ចុប្បន្នភាព​ដំណើរការ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ កាលពី​ម្សិលមិញ​នៅ​ទីស្ដីការ គ.ជ.ប រាជធានី​ភ្នំពេញ​ថា​៖ «​បណ្ដឹង​ទាក់ទង​ទៅនឹង​ការចុះឈ្មោះ​បោះឆ្នោត​រហូត​មក​ទល់​ពេលនេះ​មាន​បណ្ដឹង​មួយចំនួន​ពាក់ព័ន្ធ​ការចុះឈ្មោះ​បោះឆ្នោត​ត្រូវ​បានដាក់ និង​ដោះស្រាយ​នៅ​ឃុំ-សង្កាត់ ហើយ​មួយចំនួន​ទៀត​បាន​បន្ត​ដាក់​មកកាន់ គ.ជ.ប​»​។

លោក​ថ្លែងថា គ.ជ.ប បញ្ចប់​ការចុះឈ្មោះ​តាម​ឃុំ-សង្កាត់ ក៏ប៉ុន្ដែ​ពុំ​មានន័យថា ដំណើរការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ទាំងមូល​សម្រាប់​ឆ្នាំ​ ២០២០ ត្រូវ​បញ្ចប់​ទាំងស្រុង​នោះទេ គឺ​នៅមាន​នីតិវិធី​ជាច្រើន​បន្តបន្ទាប់​ទៀត ក្នុងនោះ​មាន​ការបូកសរុប​លទ្ធផល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ទូទាំង​ប្រទេស និង​ការដោះស្រាយ​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​ជាដើម​។

លោក​បន្តថា កាលបរិច្ឆេទ​ចុងក្រោយ​សម្រាប់​ការពិនិត្យ សម្រេច និង​ផ្ដល់​សុពលភាព​លើ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០២០ ជា​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២០ បន្ទាប់ពី​បញ្ចប់​ជា​ស្ថាពរ​នូវ​គ្រប់​នីតិវិធី និង​ការដោះស្រាយ​លើ​ពាក្យបណ្ដឹង​ដែល​ពាក់ព័ន្ធ​។

លោក ឌឹម សុវណ្ណរុំ សមាជិក និង​ជា​អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់បន្ថែម​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី​ ១៨ ខែ​តុលា ឆ្នាំនេះ ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​មាន​ចំនួន ២៥៦ ៥៤៥ ​នាក់​នៃ​ចំនួន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ចុះឈ្មោះ​សរុប​ចំនួន ៣០០ ៣៩០ នាក់​ដែល​ស្មើនឹង​ ៨៥,៤០%​។

លោក​ថ្លែងថា​៖ «​យើង​ស្វាគមន៍​រាល់​បណ្ដឹង ព្រោះ​យើង​ធ្វើ​កិច្ចការ​អ្វី​ក៏ដោយ មិនដែល​ល្អ​ឥតខ្ចោះ​នោះទេ​។ យន្តការ​បណ្ដឹង​មាន​ច្រើន គឺ​យើង​ចាត់​វិធានការ​ទៅតាម​យន្តការ​នោះ​។ យើង​បន្តធ្វើ​កិច្ចការងារ​នេះ ដើម្បី​តម្លាភាព​ការងារ​អាច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទទួល​យក​បាន និង​អស់​ចិត្ដ​ទាំងអស់​គ្នា​លើ​កិច្ចការងារ​នេះ​»​។

បើតាម​លោក ឌឹម សុវណ្ណរុំ នៅ​ថ្ងៃ​អង្គារ​នេះ គ.ជ.ប នឹង​ប្រជុំ​ដើម្បី​ពិនិត្យ​មើលថា តើ​នីតិវិធី​អនុញ្ញាត​ឲ្យ​ធ្វើការ​ដោះស្រាយ​យ៉ាងម៉េច​។ ពិនិត្យមើល​ការប្ដឹង​នោះ​របៀប​ម៉េច​គឺ​ត្រូវ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ បណ្ដឹង​ខ្លះ​វា​អាច​បញ្ចប់​នៅត្រឹម​ គ.ជ.ប បណ្ដឹង​ដែល​មិនអាច​បញ្ចប់​នៅ គ.ជ.ប គឺ​អាច​ប្ដឹង​តទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថែមទៀត​ទៅ​តាម​ប្រភេទ​បណ្ដឹង​។

លោក​ ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​លោក ចិន ថុន អ្នកនាំពាក្យ​គណបក្ស​នេះ​បដិសេធ អត្ថាធិប្បាយ​កាលពី​ម្សិលមិញ​ដោយ​ប្រាប់ថា ជាប់រវល់​។

លោក ឆុង ចាន់ថន តំណាង​មកពី​គណបក្ស​យុវជន​កម្ពុជា​សង្កេត​ឃើញ​ថា ការចុះឈ្មោះ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​មិន​មាន​បញ្ហា​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ លោក​បន្ដថា​៖ «​ខ្ញុំ​សង្កេតឃើញ​មាន​គណបក្ស​មួយចំនួន​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ថា​អ្នក​ដែល​ស្រឡាញ់​ជាតិ និង​ប្រជាពលរដ្ឋ​ទាល់តែ​ប្រឆាំង​ជាមួយ គ.ជ.ប​។ ប៉ុន្ដែ​គណបក្ស​ខ្ញុំ​សង្កេតឃើញ​ថា គ.ជ.ប បាន​ប្រឹងប្រែង​ក្នុង​ការរៀបចំ​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំនេះ​ទទួល​បាន​លទ្ធផល​ល្អ​»​។

លោក សំ គន្ធាមី នាយក​ប្រតិបត្ដិ​អង្គការ NIFEC មើលឃើញ​ថា មន្ត្រី​របស់ គ.ជ.ប បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្ដ​កិច្ចការងារ​រៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​នេះ​។ ប៉ុន្ដែ​លោក​សូម​សំណូមពរ​ឲ្យ គ.ជ.ប ធ្វើ​បច្ចុប្បន្នភាព​លើ​សម្ភារ និង​បរិក្ខារ​សម្រាប់​ការរៀបចំ​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ទំនើប និង​ទាន់ពេលវេលា​ក្នុងពេល​អនុវត្ដ​ការងារ​នាពេល​ខាងមុខ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលឃើញ​បញ្ហា​ប្រឈម​មួយចំនួន ចំពោះ​ការ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​ក្នុង​នោះ​មាន​ឧបករណ៍​សម្ភារ​សម្រាប់​ដំណើរការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​មាន​សភាព​ចាស់ៗ​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​ល្បឿន​យឺត និង​បញ្ហា​អគ្គិសនី​។ បញ្ហា​ទាំងនេះ​នាំ​ឲ្យ​មាន​ការលំបាក​ដល់​ការចុះឈ្មោះ​បោះឆ្នោត​»៕