
គជប និងភាគីពាក់ព័ន្ធប្រជុំស្តីពីការបញ្ចប់ការបិទផ្សាយបញ្ជីបោះឆ្នោតពីខែវិច្ឆិកា។រូប គជប
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានទទួលបណ្តឹងតវ៉ាចំនួន ១៣៩ ករណីពីពលរដ្ឋ និងតំណាងបក្សនយោបាយ បន្ទាប់ពីបញ្ចប់នៃការបិទផ្សាយនូវបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត កាលពីថ្ងៃទី ២ ខែធ្នូ។ អ្នកឃ្លាំមើលស្នើឱ្យ គ.ជ.ប. ដោះស្រាយឱ្យមានសុក្រឹតភាពនូវបណ្តឹងដែលទទួលបាន។
លោក សោម សូរិដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា បណ្តឹងទាំងអស់ត្រូវបានដាក់នៅក្រុមប្រឹក្សាឃុំសង្កាត់មាន ១៣៨ បណ្តឹង និង ១ បណ្តឹងបានដាក់នៅ គ.ជ.ប.។ បណ្តឹងទាំង ១៣៨ ត្រូវបានដោះស្រាយសព្វគ្រប់អស់ហើយនៅក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០២០។
លោកបន្ថែមថា៖ «ចំណែក ១ បណ្តឹងទៀតដែលត្រូវបានប្តឹងមក គ.ជ.ប. ពាក់ព័ន្ធនឹងការដាក់ទោសដល់ក្រុមប្រឹក្សាពី LDP [គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ] នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរនៃខេត្តព្រៃវែង។ បណ្តឹងទាំងនេះ គ.ជ.ប. បានសិក្សាស្រាវជ្រាវរួចហើយ ប៉ុន្តែមិនទាន់ចេញសេចក្តីសម្រេចនោះទេ»។
បើតាមលោក សោម សូរិដា បណ្តឹងភាគច្រើនបានមកពីតំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យដែលបានប្តឹងឱ្យមានការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោត ដែលគណបក្សនេះមើលឃើញពលរដ្ឋទាំងនោះពុំមានលក្ខខណ្ឌលំនៅគ្រប់គ្រាន់សម្រាប់ចុះឈ្មោះនៅក្នុងឃុំសង្កាត់នោះ។ ប៉ុន្តែ សម្រាប់ករណីនេះតាមអ្វីដែល គ.ជ.ប. បានសិក្សាជាជំហានដំបូង គឺខាង LDP ពុំមានលិខិតយថាភូត [ឯកសារចេញដោយអាជ្ញាធរ] បញ្ជាក់ថា អ្នកដែលត្រូវប្តឹងជំទាស់ពិតជាគ្មានលំនៅក្នុងឃុំសង្កាត់ពាក់ព័ន្ធនោះទេ។
លោកបន្ថែមថា ចំពោះករណីផ្សេងទៀតជាករណីរបស់ប្រជាពលរដ្ឋដែលស្នើសុំកែឈ្មោះ និងទិន្នន័យមួយចំនួនទៀត។ ប៉ុន្តែមានប្រជាពលរដ្ឋ ២ នាក់ ដោយម្នាក់នៅខេត្តត្បូងឃ្មុំ និងម្នាក់ខេត្តព្រៃវែងបានដាក់បណ្តឹងជំទាស់មក គ.ជ.ប. ដើម្បីរក្សាឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតវិញ បន្ទាប់ពីការសម្រេចលុបឈ្មោះចេញពីបញ្ជីរបស់ក្រុមប្រឹក្សាឃុំសង្កាត់។
លោក ហង់ ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. ឱ្យដឹងដែរថា ការដោះស្រាយបណ្តឹងរបស់តំណាងគណបក្សនយោបាយ និងប្រជាពលរដ្ឋ គឺ គ.ជ.ប. ផ្អែកលើនីតិវិធី និងច្បាប់ដែលមានស្រាប់។ គ.ជ.ប. មិនដែលធ្វើអ្វីខុសពីនីតិវិធីទេ និងមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការដោះស្រាយពាក្យបណ្តឹងនីមួយៗ។ ក្នុងដំណាក់កាលដំបូងត្រូវដោះស្រាយនៅតាមក្រុមប្រឹក្សាឃុំសង្កាត់។ គ.ជ.ប. នឹងដោះស្រាយបន្ត ប្រសិនបើភាគីអ្នកប្តឹងមិនទទួលយកបាននូវដំណោះស្រាយ និងការសម្រេចរបស់ក្រុមប្រឹក្សាឃុំសង្កាត់។ បើភាគីអ្នកប្តឹងមិនពេញចិត្តការសម្រេចរបស់ គ.ជ.ប. ទៀតអាចប្តឹងបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ។
លោកថ្លែងថា៖ «បន្ទាប់ពីដោះស្រាយបណ្តឹង បញ្ចប់ទាំង ៣ ដំណាក់កាលរួចរាល់ហើយ គ.ជ.ប. នឹងបិទផ្សាយនូវសុពលភាពបញ្ជីបោះឆ្នោតផ្លូវការសម្រាប់ឆ្នាំ ២០២០ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ សម្រាប់បោះឆ្នោតនាពេលខាងមុខ»។
លោក ចិន ថុន អគ្គលេខាធិការ LDP ឱ្យដឹងថា រាល់ពាក្យបណ្តឹងរបស់គណបក្សលោកមានភ័ស្តុតាង ច្បាស់លាស់ មិនមែនចេះតែប្តឹងនោះទេ។ ចំពោះក្តីរំពឹងការដោះស្រាយទទួលលទ្ធផលយ៉ាងណានោះលោកថា LDP គ្រាន់តែចង់បង្ហាញការពិតជូនប្រជាពលរដ្ឋ។
លោកនិយាយថា៖ «រឿងនេះ មិនមែនតែសម្រាប់ LDP នោះទេ គឺសម្រាប់ពលរដ្ឋទូទៅដែលត្រូវដឹងការពិតដែលពាក់ព័ន្ធនឹងអនាគតរបស់ប្រទេសជាតិ ហើយបណ្តឹងភាគច្រើនដែលយើងប្តឹងនេះពាក់ព័ន្ធនឹងការចល័តពលរដ្ឋឱ្យចុះឈ្មោះដែលខុសពីច្បាប់ ខណៈពលរដ្ឋទាំងនោះមិនមានលំនៅនៅក្នុងឃុំសង្កាត់ដែលត្រូវចុះឈ្មោះបោះឆ្នោតនោះ»។
ទាក់ទិននឹងបញ្ហានេះលោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោត (NICFEC) ឱ្យដឹងដែរថា មានតំណាងគណបក្សនយោបាយមួយចំនួនបានប្តឹងជំទាស់ទៅនឹងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងឈ្មោះដែលត្រូវលុបចេញពីបញ្ជីពាក់ព័ន្ធនឹងអាសយដ្ឋាន ដែលពលរដ្ឋ និងសាក្សី មិននៅកន្លែងដែលពួកគេត្រូវចុះឈ្មោះ។
លោកថ្លែងថា៖ «ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងឈ្មោះដែលត្រូវលុបចេញពីបញ្ជី ដំណើរការល្អ ប៉ុន្តែបើនិយាយជារួម តំណាងគណបក្សនយោបាយគឺមានសិទ្ធិប្តឹង បើពិនិត្យមើលឃើញភាពមិនប្រក្រតី»។
លោកបន្តថា៖ «គ.ជ.ប. គួរតែដោះស្រាយឱ្យមានភាពសុក្រឹតបន្ទាប់ពីទទួលបានបណ្តឹងជំទាស់ណាមួយ ដើម្បីធានាបាននូវបញ្ជីបោះឆ្នោតមួយមានភាពសុក្រឹត និងត្រឹមត្រូវសម្រាប់បោះឆ្នោតនៅឃុំសង្កាត់ ព្រឹទ្ធសភា និងរដ្ឋសភានាពេលខាងមុខ»៕