ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជួបពិភាក្សាជាមួយអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា ខុមហ្វ្រែល ស្តីអំពីសវនកម្មលើបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ ២០១៩ ដោយខុមហ្វ្រែលបានបង្ហាញរបាយការណ៍មួយចំនួន ពីករណីឈ្មោះស្ទួន ក្នុងបញ្ជីបោះឆ្នោត និងស្នើឲ្យមានការបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោតនៅក្រៅប្រទេស។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ចុះថ្ងៃទី ០៥ ខែមិថុនា ដែលភ្នំពេញប៉ុស្ដិ៍ទទួលបាននៅថ្ងៃទី ៧ ខែមិថុនា បានឲ្យដឹងថា គ.ជ.ប បានទទួលរបាយការណ៍របស់ខុមហ្វ្រែលរួចហើយ តាមរយៈការសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោត និងការធ្វើសវនកម្ម លើបញ្ជីបោះឆ្នោតឆ្នាំ ២០១៩ ដែលខុមហ្វ្រែលបានរកឃើញថា គុណភាពនៃបញ្ជីបោះឆ្នោត ចាប់ពីមានការកែទម្រង់បញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោតឡើងវិញក្នុងឆ្នាំ ២០១៦ មកដល់ឆ្នាំ ២០១៩ នៅតែមានភាពល្អប្រសើរ។ លើសពីនេះ ខុមហ្វ្រែលបានរកឃើញថា ៩៩,៧ ភាគរយ នៃអ្នកបោះឆ្នោតពិតជាមានវត្តមាន នៅទីតាំងដូចគ្នា និងទីតាំងក្នុងបញ្ជីបោះឆ្នោត គឺជាសូចនាករ ដែលវាស់ឲ្យឃើញអំពីគុណភាពនៃបញ្ជីបោះឆ្នោតរបស់ គ.ជ.ប។
សេចក្ដីប្រកាសព័ត៌មានបន្តថា ខុមហ្វ្រែលបានរកឃើញករណីឈ្មោះស្ទួន ក្នុងបញ្ជីបោះឆ្នោតចំនួន ៤៤ ឈ្មោះ នៅក្នុងបញ្ជីបោះឆ្នោត ដោយក្រុមការងារបច្ចេកទេសរបស់ គ.ជ.ប ទទួលស្គាល់ថា ពិតជាមានមែន ប៉ុន្ដែឈ្មោះស្ទូនទាំងនេះគឺបណ្ដាលមកពីការច្រឡំឯកសារ លេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដូចគ្នា តែខុសប្រភេទ និងករណីបងប្អូនភ្លោះមានលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដូចគ្នា តែខុសប្រភេទ។
លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប បានថ្លែងនៅថ្ងៃទី ៧ខែមិថុនាថា ក្រៅពីដាក់របាយការណ៍ទាំងនេះមក គ.ជ.ប អង្គការខុមហ្វ្រែល បានស្នើឲ្យបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេស។ ចំពោះការទាមទារនេះ គ.ជ.ប ធ្លាប់បានបំភ្លឺជាច្រើនលើករួចហើយថា គ.ជ.ប មិនអាចធ្វើបានទេ ដោយសារច្បាប់មិនអនុញ្ញាតដូចមានចែងក្នុងមាត្រា ៥០ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
លោកបន្តថា គ.ជ.ប ត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបំពេញតួនាទីជាតំណាងរបស់ខ្លួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត សម្រាប់ឃុំ សង្កាត់។ ជាងនេះទៅទៀត មាត្រា ៥១ នៃច្បាប់នេះ បានចែងថា ដើម្បីចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវទៅបង្ហាញខ្លួននៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីកន្លែងណាមួយក្នុងឃុំ សង្កាត់ដែលខ្លួនកំពុងរស់នៅ តាមការកំណត់របស់ គ.ជ.ប ខណៈដែលនៅក្រៅប្រទេស កម្ពុជាមិនមានក្រុមប្រឹក្សាឃុំ សង្កាត់ទេ។
លោក ឌឹម សុវណ្ណារុំ បញ្ជាក់ថា៖ «ខុមហ្វ្រែល បានស្នើសុំឲ្យ គ.ជ.ប ជជែកជាមួយស្ថាប័នរដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែរ។ ត្រង់ចំណុចនេះ ខ្ញុំសូមជម្រាបថា គ.ជ.ប គឺជាស្ថាប័នអនុវត្តច្បាប់ និងបច្ចេកទេសសុទ្ធសាធ ហើយ គ.ជ.ប មានសមត្ថកិច្ចត្រឹមតែធ្វើរបាយការណ៍ជូនរដ្ឋសភាប៉ុណ្ណោះ ដូចមានចែងក្នុងមាត្រា ១០ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប»។
លោក កង សាវាង្ស មន្ត្រីសម្របសម្រួលអង្គការ ខុមហ្វ្រែលបានថ្លែងនៅថ្ងៃទី ៧ខែមិថុនាថា ករណីឈ្មោះស្ទួនក្នុងបញ្ជីបោះឆ្នោតនេះ អាចទាក់ទងបច្ចេកទេសច្រើនជាង ព្រោះមានលេខអត្តសញ្ញាណប័ណ្ណដូចៗគ្នា ធ្វើឲ្យមានការស្មុគស្មាញ និងភាន់ច្រឡំ។ ដូច្នេះ គ.ជ.ប គួរធ្វើយ៉ាងណា រកវិធីសាស្ត្រកែតម្រូវឡើងវិញ ដើម្បីចៀសវាងការច្រឡំដដែលៗ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត។
លោកបញ្ជាក់ថា៖ «អ្វីដែលយើងបានដឹង គឺបច្ចេកទេស ឬនីតិវិធី មិនមែនជាបញ្ហារាំងស្ទះ មិនឲ្យមានការិយាល័យចុះឈ្មោះឆ្នោតនៅក្រៅប្រទេសទេ ប្រសិន គ.ជ.ប អាចមានលទ្ធភាពកែសម្រួលបាន ការផ្ទៀងផ្ទាត់ឈ្មោះ មិនចាំបាច់មនុស្សមកផ្ទាល់ក៏បានដែរ ឲ្យមានឯកសារត្រឹមត្រូវ។ អ្វីដែលខ្ញុំគិតថា ជាបញ្ហានោះថា តើច្បាប់ហ្នឹងបើកផ្លូវឲ្យបើកការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្រៅប្រទេសដែរ ឬអត់? ដូច្នេះ គ.ជ.ប គួរតែពិភាក្សាជាមួយរដ្ឋសភា អំពីការកែទម្រង់ច្បាប់ស្ដីពីការបោះឆ្នោតនេះ»៕