ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ.ជ.ប​) បាន​ប្រកាស​ឱ្យដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​នឹង​ត្រូវ​ចាប់​ផ្តើមធ្វើ​នៅ​គ្រប់​ឃុំ សង្កាត់​ទូទាំង​ប្រទេស​ក្នុង​ថ្ងៃ​តែមួយ គឺ​ថ្ងៃទី​ ១ ខែ​តុលា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០២០ ដែល​ជា​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ជា​រៀងរាល់ឆ្នាំ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ២១ ខែ​កញ្ញា​ បាន​ឱ្យ​ដឹងថា​៖ «​យោងតាម​ស្ថិតិ​ប្រជាពលរដ្ឋ និង​ចំនួន​ការិយាល័យ​បោះឆ្នោត​ប៉ាន់ស្មាន គ.ជ.ប មាន​ផែនការ​ចុះឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​ចំនួន​ ៣០០ ៣៩០ នាក់​និង​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ចំនួន ១២៣ ២៥១ ​នាក់ រីឯ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន ២៣ ៤១៨ ការិយាល័យ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត​ចុងក្រោយ​ឆ្នាំ​ ២០១៩ មាន​ចំនួន ៨ ៦២៩ ៣៥៧​ នាក់​។ ដោយ​អនុវត្តតាម​ប្រតិទិន​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​ ២០២០ បញ្ជី​ឈ្មោះ​ទីតាំង​ការិយាល័យ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​ ២០១៩ ត្រូវ​បិទ​ផ្សាយ​តាម​បណ្តា​ឃុំ សង្កាត់​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​​ ២១ ខែ​ កញ្ញា ឆ្នាំ​ ២០២០​។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា គោលបំណង​នៃ​ការបិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ចុងក្រោយ ឆ្នាំ​ ២០១៩ គឺ​ដើម្បីឱ្យ​អ្នក​ដែល​បាន​ចុះឈ្មោះ​រួចហើយ​មក​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទិន្នន័យ ហើយ​ប្រសិន​បើ​ទិន្នន័យ​ក្នុង​បញ្ជី​បោះឆ្នោត មិន​ត្រឹមត្រូវ​តាម​ទិន្នន័យ​ក្នុង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នោះ​អ្នក​បោះឆ្នោត​អាច​ស្នើសុំ​កែតម្រូវ​ជាមួយ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​អំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ក្នុង​អំឡុងពេល​ចុះឈ្មោះ​ដែល​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើមខែ​តុលា​ខាង​មុខ​នេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹងថា លេខាធិការដ្ឋាន​រាជធានី-ខេត្ត​រៀបចំ​ការបោះឆ្នោត​សហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់​បាន​រៀបចំ​បិទ​ផ្សាយ​រួចរាល់​ជា​ស្ថាពរ​នៅ​តាម​ឃុំ សង្កាត់​ចំនួន​ ១ ៦៤៤ ឃុំ សង្កាត់​។ ដោយឡែក​មាន​សង្កាត់​ចំនួន​ ២ ស្ថិត​នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ មិនទាន់​បាន​បិទ​ផ្សាយ​នៅ​ឡើយ​ទេ ដោយសារ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង​។

លោក ពុទ្ធា ក៏បាន​ឱ្យដឹង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ផងដែរ​ថា​៖ «​មាន​ខេត្ត​មួយចំនួន​ទៀត​បាន​ជួប​នូវ​ឧបសគ្គ​ដូចជា​ភ្លៀង ខ្យល់ និង​ទឹកជំនន់​ដែល​នាំឱ្យ​មាន​ការពិបាក​ក្នុង​ការធ្វើដំណើរ ប៉ុន្តែ​មិនបាន​ធ្វើឱ្យ​មាន​ការរាំងស្ទះ​ដល់​ការងារ​នេះ​ទេ​»​។

គ.ជ.ប ក៏​បាន​អំពាវនាវ​ផងដែរ ដល់​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ឱ្យ​ប្រាកដ​ថា ខ្លួនឯង​មាន​ឈ្មោះ​នៅក្នុង​បញ្ជី ហើយ​ខ្លួនឯង​មាន​សិទ្ធិ​បោះឆ្នោត ហើយ​បើ​ពិនិត្យ​ទៅ​ឃើញ​មាន​ភាពមិនប្រក្រតី សុំឱ្យ​ធ្វើការ​ស្នើសុំ ដើម្បី​ធ្វើការ​កែតម្រូវ និង​ប្តឹង​បដិសេធ​ចំពោះ​ជន​ទាំងឡាយ​ណា​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី តែ​មិន​គ្រប់​លក្ខខណ្ឌ​។

លោក កន សាវាង្ស អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត Comfrel បាន​ថ្លែងថា ចំពោះ​បញ្ចី​ឈ្មោះ​បោះឆ្នោត​ជា​រៀងរាល់​ឆ្នាំ គឺ​មាន​ភាពល្អ​ប្រសើរ តែ​ដោយហេតុ​ថា​ពី​ ១ ​ឆ្នាំ​ទៅ​ ១ ​ឆ្នាំ ស្ថានភាព​របស់​ប្រជាពលរដ្ឋ​តែង​មាន​ការប្រែប្រួល ដូច្នេះ​ការធ្វើ​បច្ចុប្បន្នភាព​របស់​ គ.ជ.ប និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ គឺជា​កត្តា​សំខាន់ និង​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​។

លោក កន សាវាង្យ ថ្លែងថា​៖ «​ខ្ញុំ​មិន​រំពឹងថា នៅក្នុង​ឆ្នាំនេះ​នឹង​មាន​ការចូលរួម​ផុសផុល​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ការទៅ​ពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​នោះទេ ព្រោះថា​មាន​កត្តា​ ៣ សំខាន់ៗ គឺពាក់ព័ន្ធ​នឹង​កត្តា​ជីវភាព ការបែងចែក​នូវ​​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង​ការផ្សព្វផ្សាយ​ជាដើម​»៕