ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រើឧទ្ធម្ភាគចក្ររយៈពេល ៣ ថ្ងៃដើម្បីសម្រួលដល់ដំណើរការបោះឆ្នោតជាតិនាចុងខែកក្កដា ឆ្នាំនេះ ជាអ្វីដែលអ្នកនាំពាក្យ គ.ជ.ប ថ្លែងថា ក្នុងប្រវត្តិសាស្ត្របោះឆ្នោត ២០ ឆ្នាំ នៅកម្ពុជា គ.ជ.ប តែងប្រើប្រាស់ដោយសំអាងលើមូលហេតុចំនួន ៣ យ៉ាង ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងកាលពីម្សិលមិញថា គ.ជ.ប នឹងប្រើឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងដែលជួលពីក្រុមហ៊ុនឯកជន ដើម្បីត្រៀមសម្រាប់ប្រើប្រាស់រយៈពេល ៣ ថ្ងៃ គឺថ្ងៃទី ២៨, ២៩ និង ៣០ ខែកក្កដា។
លោកថ្លែងថា នេះមិនមែនជាការភ្ញាក់ផ្អើលទេ ដោយសារក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតនៅកម្ពុជាក្នុងរយៈពេល ២០ ឆ្នាំនេះ គ.ជ.ប តែងប្រើយន្តហោះដើម្បីសម្រួលដល់ដំណើរការបោះឆ្នោត។ លោកបានលើកហេតុផល ៣ យ៉ាងដែល គ.ជ.ប សម្រេចធ្វើដូច្នេះដោយថ្លែងថា៖ «ទី ១ គឺវាជារដូវភ្លៀង ពេលខ្លះផ្លូវឡើងទៅលើភ្នំ។ គ.ជ.ប គោរពសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋដែលមានគ្នាប្រមូលផ្តុំចាប់ពី ៣០០ នាក់ឡើងទៅត្រូវមានការិយាល័យបោះឆ្នោតមួយ...។
ទោះបីនៅកន្លែងណាក៏ដោយ គជប ត្រូវអនុវត្តតាមច្បាប់គឺធ្វើការិយាល័យបោះឆ្នោតនៅក្បែរផ្ទះគាត់។ អ៊ីចឹងតំបន់ខ្លះជាតំបន់ភ្នំដែលឡើងទៅដល់ដោយដំរីឬដោយថ្មើរជើងជាដើម។ ពេលខ្លះដីរអិលមិនអំណោយផលដល់ការធ្វើដំណើរ អាចមានភាពយឺតយ៉ាវក្នុងការដឹកជញ្ជូនហិបឆ្នោត បន្ទប់សម្ងាត់ ឬសន្លឹកឆ្នោត និងឧបករណ៍ជាដើម។យើងព្យាយាមរៀបចំហើយ តែបើដល់ថ្ងៃបោះឆ្នោត មានភាពចន្លោះប្រហោង យើងនឹងប្រើឧទ្ធម្ភាគចក្រដើម្បីដោះស្រាយ»។
លោកបន្តថា៖ «ទី ២ ឧទាហរណ៍ថ្ងៃបោះឆ្នោត បើកមកសន្លឹកឆ្នោតវាមានខូចអីជាដើមឬបាត់បង់សម្ភារអីយើងត្រូវដោះស្រាយភ្លាមៗ មានតែឧទ្ធម្ភាគចក្រទេលឿនជាងឡាន។ ទី ៣ ក្រោយការបោះឆ្នោតមានការដឹកជញ្ជូនមកវិញនូវសម្ភារបច្ចេកទេសយើងត្រូវបានយកមកវិញ»។
លោកថា លោកមិនចាំចំនួនថវិកាសរុបប៉ុន្មានក្នុងការជួលនេះទេ ប៉ុន្តែលោកថា ការជួលនេះត្រូវបានធ្វើឡើងដោយការដេញថ្លៃ។ ទោះយ៉ាងណាលោកថាឧទ្ធម្ភាគចក្រទាំង ២ នឹងត្រៀមរង់ចាំនៅអាកាសចរណ៍ស៊ីវិលក្នុងព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងតម្លៃជិត ១ ដុល្លារក្នុង ១ នាទី ចំណែកតម្លៃនៃការហោះហើរគឺគុណនឹង ២ នៃតម្លៃរង់ចាំ។
ស្របពេលជាមួយគ្នានេះ គ.ជ.ប កាលពីម្សិលមិញបានរៀបចំកិច្ចប្រជុំមួយដើម្បីរំឭកអំពីការឃោសនាបោះឆ្នោតដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ខាងមុខនេះ ដែលបន្តរហូតដល់ថ្ងៃទី ២៧ ខែកក្កដា។ គ.ជ.ប បានរំឭកដល់គណបក្សនយោបាយទាំងអស់ឱ្យគោរពតាមច្បាប់បោះឆ្នោត ក្នុងក្រមសីលធម៌ក្នុងពេលឃោសនា។
ក្នុងការឃោសនារកសំឡេងឆ្នោតនេះគ.ជ.ប ក៏បានបង្ហាញឈ្មោះស្ថានីយទូរទស្សន៍ចំនួន ៥ ផងដែរដែលបានកំណត់តម្លៃជួលម៉ោងផ្សព្វផ្សាយពីគោលនយោបាយរបស់ពួកគេក្នុងរយៈពេល ២១ ថ្ងៃ។ ស្ថានីយទាំងនេះរួមមាន ទូរទស្សន៍ហង្សមាស ដែលបានកំណត់តម្លៃខ្ពស់ជាងគេគឺក្នុងតម្លៃ ៨៨០ ដុល្លារក្នុង ១ នាទី ចំណែកស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ ប៉ុស្តិ៍លេខ ៣ និងក្រុមហ៊ុន CBS (CNT, MyTV, CNC) បានកំណត់តម្លៃពី ៥០០ ដុល្លារក្នុង ១ នាទីសម្រាប់ម៉ោងធម្មតានិង ៧០០ ដុល្លារក្នុង ១ នាទីសម្រាប់ម៉ោងមាស។
ចំណែកក្រុមហ៊ុនដែលមានតម្លៃទាបជាងគេបន្តិចគឺប៉ុស្តិ៍អប្សរាលេខ ១១ ដែលកំណត់តម្លៃពី ៤៥០ ដុល្លារក្នុង ១ នាទីសម្រាប់ម៉ោងធម្មតានិង ៦៧០ ដុល្លារ ក្នុង ១ នាទីសម្រាប់ម៉ោងមាស។
ចំណែកទូរទស្សន៍ជាតិ ទទក វិញនឹងផ្សាយកម្មវិធីនយោបាយរបស់គណបក្សនីមួយៗចាប់ពីម៉ោង ៨ និង ៣០ នាទីដល់ម៉ោង ១១ និង ១០ នាទីព្រឹក ហើយនិងមានការផ្សាយឡើងវិញនៅម៉ោង ៩ ដល់ម៉ោង ១១ និង ៤៥ នាទីយប់។ ក្រៅពីនេះក៏មានការផ្សាយនៅលើវិទ្យុជាតិផងដែរ៕