ភ្នំ​ពេញ: ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោ​ត ​(គ​.ជ​.​ប​)​ ​បាន​ប្រ​កាស​ដល់​គណ​បក្ស​នយោ​បាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ក្រុម​​ប្រឹក្សា​រាជ​ធានី ​ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ​នៅ​ពាក់​កណ្ដាល​ខែ​ ឧសភា​ខា​ង​មុខ​នេះ​ត្រូវ​ចុះ​ឈ្មោះ​ភ្នាក់​​​ងារ​សង្កេត​ការណ៍​បោះ​ឆ្នោត​ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ​២៥ ​ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី​ ១ ​ខែ​ឧសភា។​

​សេច​ក្តីជូ​នដំ​ណឹង​រប​ស់ ​គ.​ជ​.​ប​ កាល​ពី​ចុង​ខែ​មករា​ចំពោះ​ការទទួល​ពាក្យ​ សុំ​ចុះ​ឈ្មោះ​អ្នកអង្កេត​ការណ៍​ជាតិ ​អន្តរ​ជាតិ​និង​ការ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​​អ្នកស​ង្កេ​តកា​រ​ណ៍​ជាតិ​ នឹង​ចា​ប់ផ្តើម​ពី​ថ្ងៃ​ទី ១​ ខែ​កុម្ភៈ ​បញ្ចប់​ថ្ងៃ​ទី​ ១៥​ ខែ​ឧសភា​ ឆ្នាំ ២០១៩ ​ហើយ​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ នឹង​ចាប់​ផ្តើម​ពីថ្ងៃ​ទី ១​ ខែ​កុម្ភៈ​ បញ្ចប់​ថ្ងៃទី​ ២២​ ខែ​ឧសភា​​ឆ្នាំ ២០១៩។​

គ.​ជ.​ប បាន​កំណត់​យក​ថ្ងៃ​អាទិត្យ ​ទី​២៦ ​ខែ​ឧសភា ​ឆ្នាំ ​២០១៩​ ជា​ថ្ងៃ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ អាណត្តិ​ទី ៣ ​ទូទាំង​ប្រ​ទេស។​

​ចំនួន​អ្នក​បោះ​ឆ្នោត​ ១១៥៧២​ នាក់​ដែល​ជាប់​ឆ្នោត​នៅ​ក្នុង​ការបោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-​សង្កាត់​នឹង​ចូល​រួមបោះ​ឆ្នោត​ជ្រើសរើស​ សមា​ជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំ​ពេញ​ និង​ខេត្ត​ចំនួន​ ​៥៥៩​ នា​ក់​ និង​សមា​ជិក​ក្រុមប្រឹក្សា​ក្រុង​ ​ស្រុក ​ខណ្ឌ​ ចំនួន ៣៥៥៥ នាក់។​

លោក​ ស៊ិ​ក​ ប៊ុន​ហុក​ ប្រធាន​គ​.ជ.​ប​ ​បញ្ជាក់​ថា៖​ «​គ​.​ជ​.​ប ​សង្ឃឹម​ថា ​គ្រប់​គណ​បក្ស​នយោ​បាយ ​សមា​គម​ អង្គការ​មិន​មែនរដ្ឋាភិ​​បាល​ជាតិ ​អន្តរ​ជាតិ​ និង​គណៈ​កម្មការ​​រៀប​ចំការ​បោះ​ឆ្នោ​ត​គ្រប់​លំ​ដាប់​ថ្នាក់​ នឹង​យក​ចិត្តទុក​ដាក់​សហ​កា​រ​បាន​ល្អ​ ដើម្បី​​ជំរុញ​ឲ្យ​ដំ​ណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ក្រុង​ ស្រុក​ ខណ្ឌ​ អា​ណត្តិ​​ទី​ ៣​ ឆ្នាំ ២០១៩​ ប្រ​ព្រឹ​ត្ត​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​»។

​លោក​សុខ​ ឥសាន​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជា​ជន​បាន​ថ្លែ​ង​ថា​ គណ​បក្ស​ប្រជា​ជននឹង​ដាក់​អ្នក​អង្កេត​ការណ៍​ ចំនួ​ន​ ២ នាក់ ​ក្នុង​មួយ​ការិយា​ល័យ​ ជា​អ្នក​សង្កេត​ការណ៍។​

លោក​បញ្ជាក់​ថា​៖​ «​យើង​ចាំ​មើល​សិន​ថាការ​បោះឆ្នោត​នេះ មាន​ការ​កែ​ប្រែ​យ៉ាង​ម៉េច​»។​

លោក ​គង់ ​មុនី​កា ​ប្រធាន​គណ​បក្ស​ឆន្ទៈ​ខ្មែរ​បាន​អះអាង​ថា​នឹង​ចូល​រួម​ការ​បោះ​ឆ្នោត​ដើម្បី​ឲ្យ​ប្រ​ជាព​លរដ្ឋ​បាន​ស្គាល់ ព្រោះ​ទើប​តែ​បង្កើត​ថ្មី។​

លោក​បញ្ជាក់​ថា​៖​ «​យើង​កំពុង​តែ​រៀប​ចំ​បេក្ខ​ជ​ន​ដើម្បី​ចូលរួម​ដូច្នេះ ​យើង​មិន​ទាន់​ដឹង​ ថា​អាច​ដាក់​អ្នក​សង្កេត​ការណ៍​ឬអត់​ទេ យើង​ទើប​តែ​បង្កើត​ថ្មី​មុន​ការ​បោះឆ្នោត​ ២០១៨​ យើង​ចង់​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​បាន​ស្គាល់​ឆន្ទៈ​ខ្មែរ​កាន់​តែ​ច្រើន​ថែម​ទៀត​»។​

លោក ​ឆាយ ​គឹម​ខឿន​ អ្នក​នាំ​ពាក្យ​នគរ​បាល​ជាតិ​ថ្លែង​ថា៖ ​​«​ទោះ​ជា​បោះ​ឆ្នោត​សកល​ ឬ​អសក​ល​ក្តី​ រួម​ទាំង​ការរៀ​បចំ បញ្ជី​បោះ​ឆ្នោត​ក្តី​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្តី​យើង​មាន​គណៈ​បញ្ជា​ការ​សន្តិ​សុខ​អចិ​ន្រៃ្តយ៍​មួយ​ ដែល​យន្ត​ការ​អន្ត​រក្រ​សួង ដែល​មាន​ក្រសួង​​ការ​ពារ​ជា​តិ ​ក្រសួង​ម​ហា​ផ្ទៃ​ និង​គ​ជ​ប​ ​ហើយ​យើង​មាន​ភារ​កិច្ច​ រៀ​ប​ចំ​ការ​ពារ​សន្តិ​សុខ​ព្រឹត្តិ​ការណ៍​ទាំង​អស់​នោះ»។

លោក ​យឿង​ ​សុធា​រ៉ា​ ​អ្នកជំនាញ​ការ​បោះ​ឆ្នោ​ត​ ​បាន​ថ្លែង​ថា​ ​ការ​បោះ​ឆ្នោ​ត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ដ​ទូទាំង​ប្រទេស​នេះ ​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​តុល្យ​ភាព​អំណាច​គ្នារ​វាង​គណៈ​អភិ​បាល រាជ​ធានី​ខេត្ត​ ​ស្រុក ​ស្រុក ​ខណ្ឌ ​​ព្រោះ​ជា​បុគ្គល​នយោបាយ​ ​ដែល​​មាន​ការ​តែង​តាំង​ពី​គណបក្ស​ន​យោ​បាយ ឲ្យ​មាន​ការត្រួត​អំណាច​គ្នា​ទៅ​វិញ​ទៅ​មក។

​លោក​ សុធារ៉ា​ ​ថ្លែង​ថា​៖ «​ក្នុង​ស្ថាន​ភាព​បែប​នេះ​ គណ​បក្ស​ដទៃពិបាក​នឹង​ប្រកួត​ប្រជែង​យក​​អា​ស​នៈ​នេះ​ណាស់​ ព្រោះ​តែ​អង្គ​បោះ​ឆ្នោត​គឺ​ភាគ​ច្រើន​ ជា​សមា​ជិក​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​»៕​