
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងកាលពីម្សិលមិញ។ ហ៊ាន រង្សី
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងរៀបចំបិទផ្សាយបញ្ជីឈ្មោះពលរដ្ឋចំនួន ១៥៤ ៧៦៧ នាក់ ដែលត្រូវបានលុបចេញពីបញ្ជីបោះឆ្នោតសម្រាប់ឆ្នាំនេះ ខណៈអ្នកដែលបានចុះឈ្មោះថ្មីមានចំនួនជាង ២៦ ម៉ឺននាក់ ធ្វើឱ្យចំនួនឈ្មោះពលរដ្ឋមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីមានដល់ជាង ៨ លាននាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញជាមួយភាគីពាក់ព័ន្ធស្តីពីការធ្វើបច្ចុប្បន្នភាពដំណើរការការត្រួតពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបពីបញ្ជីនឹងធ្វើនៅថ្ងៃទី ២៧ វិច្ឆិកា បន្ទាប់ពីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរួចរាល់នៅទូទាំងប្រទេស។
លោកបន្តថា ចំនួនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីដំបូងដែលនឹងត្រូវបិទផ្សាយមានចំនួនជាង ៨ លាន ៨ សែននាក់ក្នុងនោះមានស្រីចំនួនជាង ៤ លាន និង ៧ សែននាក់។ ចំណែកចំនួនពលរដ្ឋដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត សរុបមានចំនួន ១៥៤ ៧៦៧ នាក់។
ការបិទផ្សាយនេះ ដើម្បីឱ្យអ្នកដែលបានចុះឈ្មោះរួចទៅផ្ទៀងផ្ទាត់ឈ្មោះខ្លួន និងអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្រែងមានអ្នកប្តឹងជំទាស់ និងប្តឹងតវ៉ាលើបញ្ជីទាំង ២ នេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖ «បើប្រជាពលរដ្ឋពិនិត្យឃើញភាពមិនប្រក្រតី ពលរដ្ឋមានសិទ្ធិប្តឹងតវ៉ា ឬ ប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរតាមទម្រង់ ១២០២ ទៅក្រុមចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ពាក់ព័ន្ធនឹងការបាត់ឈ្មោះ ឬមានឈ្មោះ ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬ គ.ជ.ប លុបឈ្មោះមិនបានត្រឹមត្រូវក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីបិទផ្សាយបញ្ជីទាំង ២ នេះ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឱ្យដឹងថា កន្លងមក គ.ជ.ប បានណែនាំដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីឱ្យស្រង់ឈ្មោះអ្នកដែលត្រូវលុបពីបញ្ជីឈ្មោះបោះឆ្នោត និងអ្នកចុះឈ្មោះថ្មីជាប្រចាំមុនពេលពិនិត្យ និងចុះឈ្មោះបោះឆ្នោត ហើយឈ្មោះដែលត្រូវលុបត្រូវស្រង់ចូលក្នុងបញ្ជីថ្មីមួយ។
បើតាមលោក ទេព នីថា អ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីទី ១ គឺអ្នកទទួលមរណភាពទី ២ អ្នកដែលបានផ្លាស់ប្តូរលំនៅឋានចេញពីឃុំសង្កាត់ និងទី ៣ គឺអ្នកដែលដកសិទ្ធិបោះឆ្នោតជាបណ្តោះអាសន្ន ។
លោកបន្ថែមថា អ្នកត្រូវលុបឈ្មោះចេញពីបញ្ជីមានចំនួន ១៥៤ ៧៦៧ នាក់ ដែលមានឯកសារច្បាស់លាស់ ខណៈអ្នកចុះឈ្មោះថ្មីនៅក្នុងឆ្នាំនេះមានជាង ២៦ ម៉ឺននាក់ ស្មើនឹង ៨៩% នៃផែនការដែលបានដាក់ចេញជាង ៣០ ម៉ឺននាក់។ ប៉ុន្តែមានការកើនឡើងជាងឆ្នាំមុន បើទោះប្រឈមនឹងជំងឺកូវីដ ១៩ និងជំនន់ទឹកភ្លៀងក្តី ។
លោក តុល ប្រាសាទ អគ្គលេខាធិការរងគណបក្សឆន្ទៈខ្មែរបានបង្ហាញការបារម្ភចំពោះការលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតក្នុងចំនួនច្រើនបែបនេះ ប៉ុន្តែលោកទទួលស្គាល់ការលុបនេះគឺ គ.ជ.ប សំអាងលើភ័ស្តុតាង និងឯកសារពិតប្រាកដដែរ។ លោកបន្តថា នៅពេលបិទផ្សាយនូវបញ្ជីទាំងនេះ មន្ត្រីគណបក្សរបស់លោកនឹងចុះទៅតាមដាន ដើម្បីឱ្យដឹងថា នីតិវិធី ដែល គ.ជ.ប ធ្វើត្រឹមត្រូវ ឬមិនត្រឹមត្រូវ។
លោក កង សាវាង្ស មន្ត្រីផ្នែកអង្កេតនៃអង្គការ ខុម ហ្វ្រែល បានថ្លែងថា ការចុះឈ្មោះ និងលុបឈ្មោះពលរដ្ឋចេញពីបញ្ជីបោះឆ្នោតនេះមានលក្ខណៈល្អប្រសើរ ប៉ុន្តែនៅតែនីតិវិធីមួយចំនួនដែល គ.ជ.ប ត្រូវសម្របសម្រួលជាមួយនឹងភ្នាក់ងារគណបក្ស និងការត្រួតពិនិត្យឡើងវិញពាក់ព័ន្ធនឹងមន្ត្រី គ.ជ.ប ដែលជាអ្នកចុះបញ្ជី និងការីកុំព្យូទ័រមិននៅកន្លែងជាដើម។
លោកបន្តថា៖ «គ.ជ.ប គួរតែសម្រួលនីតិវិធីចំពោះភ្នាក់ងារគណបក្សនយោបាយ និងភាគីពាក់ព័ន្ធឱ្យមានការត្រួតពិនិត្យដើម្បីធ្វើយ៉ាងណាអាចទទួលយកបានគ្រប់គ្នា»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតកាលពីថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ១១ តុលា ឆ្នាំ ២០២០ មានរយៈពេល ៤៥ ថ្ងៃ និងបានបិទបញ្ចប់កាលពីថ្ងៃទី ១២ ខែតុលា កន្លងទៅ៕