ភ្នំពេញៈ គណនី​បណ្តាញសង្គម​ហ្វេសប៊ុក​ចំនួន​ ៤ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ហាម​ធ្វើការ​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់ខ្លួន​បន្តទៀត ដោយសារ​ផលិតផល​ទាំងនោះ​មិនមាន​លេខ​បញ្ជិកា និង​ច្បាប់​អនុញ្ញាត​ឱ្យ​មាន​ការផ្សព្វផ្សាយ​ពី​ក្រសួង​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ២៣ ខែ មីនា ឆ្នាំ​ ២០២១​។

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ឈ្មោះ​គណនី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាំង​ ៤ ​នេះ​មាន Our Health And Beauty ដែល​ផ្សាយ​លក់​ផលិតផល​ឱសថ Huatuozhichuanggao,​គណនី​ឈ្មោះ GET ONE ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​បំប៉ន​សុខភាព SirulinaChherein (GET CE), គណនី​ឈ្មោះ Thy Na Boty Sun Card និង Thy Na Organic Skin Care ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​គ្រឿងសម្អាង​។

សេចក្តី​ប្រកាស​បញ្ជាក់ថា​៖ «​ផលិតផល​ដែល​គណនី​ហ្វេសប៊ុក​ទាំងនេះ​បាន​កំពុងធ្វើការ​ផ្សព្វផ្សាយ គឺ​មិនមាន​លេខ​ប្រវេទន៍ និង​លេខ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​ឡើយ​»​។

អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​តម្រូវ​ឱ្យ​រាល់​ការចរាចរ​ឱសថ​ ឬ​ផលិតផល​បំប៉ន​សុខភាព​គ្រប់​ប្រភេទ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវមាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល ហើយ​រាល់​ការផ្សព្វផ្សាយ​ផលិតផល​ទាំងនេះ​ត្រូវ​មាន​ការអនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

ក្រសួង​សុខាភិបាល​ឱ្យដឹងថា​៖ «​ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឱសថ​ និង​ផលិតផល​បំប៉ន​សុខភាព ដែល​គ្មាន​លេខ​ទិដ្ឋាការ ឬ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល ព្រោះ​ផលិតផល​ទាំងនេះ គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ធានា​បាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ​»​។

ក្រសួង​សុខាភិបាល​នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនេះ ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​របស់ខ្លួន​ទៅ​តាម​ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​។

លោក​ សួន សុវណ្ណារិទ្ធ ​ជា​អ្នកលក់​អនឡាញ​នៃ​គណនី​ហ្វេសប៊ុក​ឈ្មោះ Our Health And Beauty ដែល​មាន​ការផ្សព្វផ្សាយ​លក់​ផលិតផល​ប្រភេទ​គ្រីម​ព្យាបាល​ឫសដូងបាត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ម្សិលមិញ​ថា លោក​នឹង​ផ្អាក​លក់​ផលិតផល​របស់​លោក​មួយ​រយៈ​សិន​ដោយ​លោក​នឹង​ធ្វើការ​ជាមួយ​នឹង​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើឱ្យ​ស្រប​ទៅ​តាម​ច្បាប់​ក្នុង​ការលក់​ផលិតផល​។

លោក​ប្រាប់ថា​៖ «​តាមពិត​ផលិតផល​ដែល​ខ្ញុំ​កំពុង​លក់​នេះ​គឺ​ខ្ញុំ​ចង់យក​មក​លក់​ផ្តាច់មុខ​សម្រាប់តែ​ក្រុមហ៊ុន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើបាន ដោយសារ​មាន​អ្នកលក់​ផលិតផល​នេះ​ច្រើន មិនមែន​តែ​ខ្ញុំ​ម្នាក់ឯង​។ ខណៈ​នេះ​ខ្ញុំ​មិនទាន់​ដឹងថា​តើ​ត្រូវធ្វើ​យ៉ាងណា​ទៀត​ទេ តែ​ខ្ញុំ​នឹង​ផ្អាក​លក់​ផលិតផល​នេះ​មួយរយៈ​សិន​»​។

លោក​ សួន សុវណ្ណារិទ្ធ បាន​លក់​ផលិតផល Huatuozhichuanggao ដែល​នេះ​មិនទាន់បាន​ ១ ​ឆ្នាំ​ទេ ហើយ​ផលិតផល​នេះ​ជា​ផលិតផល​ដែល​លោក​នាំចូល​ពី​ប្រទេស​ចិន​។ លោក​បញ្ជាក់ថា​៖ «​វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ​នៅពេលនេះ​។ បើ​ខ្ញុំ​មិន​លក់​ទៀត​ខ្ញុំ​នឹង​គ្មាន​ចំណូល​ដែល​ចំណូល​នេះ​មិនបាន​ច្រើន​ទេ គឺ​ខ្ញុំ​លក់​បានតែ​ ១០ ​ទៅ​ ២០ ​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​ ១ ​ថ្ងៃ​សម្រាប់​ជួយ​ដល់​ជីវភាព​ប្រចាំថ្ងៃ ខណៈ​ដែល​យើង​កំពុង​មាន​វិបត្តិ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ហើយ​បើ​ខ្ញុំ​លក់ ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​»​។

អ្នកលក់​អនឡាញ​រូបនេះ​ថា អតិថិជន​របស់លោក​ដែល​បាន​ទិញ​ផលិតផល​យកទៅ​ប្រើប្រាស់​កន្លងមក មិន​ដែលមាន​បញ្ហា​សុខភាព​ ឬ​មក​តវ៉ា​ជាមួយ​នឹង​លោក​ពាក់ព័ន្ធ​ផលិតផល​នេះ​ទេ​៕