ភ្នំពេញៈ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គបម​) ​បាន​បញ្ចូល​ឈ្មោះ​កសិករ​ចំនួន​ ១០០ ​នាក់​ជា​បេក្ខជន​តំណាងរាស្ត្រ​ក្នុង​ចំណោម​បេក្ខជន​របស់​ខ្លួន​ ២៧៥ ​រូប​សម្រាប់​ឈរ​ឈ្មោះ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​ ៦ ​នា​ចុងខែ​ក្រោយ​នេះ​ដែល​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​ភាពស្និទ្ធស្នាល និង​ស្គាល់​ពី​តម្រូវ​ការពិត ឬ​ដឹង​ទុក្ខ​ធុរៈ​រវាង​តំណាងរាស្ត្រ​ និង​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគេ​បាន​ជាប់​ឆ្នោត​។

បើ​តាម​លោក​ យ៉ង សាំងកុមារ ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​ គ.ប.ម. ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​ការដាក់​បេក្ខភាព​តំណាងរាស្ត្រ​ដែល​ជ្រើស​ចេញ​ពី​ប្រភព​កសិករ​បែប​នេះ​គឺ​ដើម្បី​ឲ្យ​ស្រប​តាម​គោលការណ៍​ដែល​អនុវត្ត​ពី​ក្រោម​ឡើង​មក​លើ ហើយ​ការ​ជ្រើស​កសិករ​ឲ្យ​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​ដោយសារ​ពួកគេ​យល់​ពី​បញ្ហា​របស់​កសិករ ហើយ​អាច​ការពារ​ប្រយោជន៍​របស់​កសិករ​ក៏​ដូចជា​ការពារ​ប្រយោជន៍​នៅក្នុង​វិស័យ​ផ្សេងៗ​របស់​កម្មករ អាជីវករ​ជាដើម​។ នេះ​ជា​បក្សនយោបាយ​ដំបូង​គេ​មួយ​ដែល​ជ្រើសរើស​បេក្ខជន​តំណាងរាស្ត្រ​ចេញ​ពី​ប្រភព​កសិករ​។

លោក​ថ្លែង​ថា​៖ «​កសិករ​គាត់​ចូល​រដ្ឋសភា​ទៅ​គាត់​នឹង​លើក​ពី​បញ្ហា​កសិករ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​កសិករ​។ យើង​ចង់​ឃើញ​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ថ្មី​ហ្នឹង​ជា​តំណាងរាស្ត្រ​ដែល​ជា​តំណាង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ពិតប្រាកដ ហើយ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ខាង​វិស័យ​ផ្សេងៗ​»​។

ការជ្រើសរើស​បេក្ខជន​តំណាងរាស្ត្រ​ដែល​មាន​ប្រភព​ពី​កសិករ​បែប​នេះ​លោក​ យ៉ង សាំងកុមារ បញ្ជាក់​ដែរ​ថា​ធ្វើ​ស្រប​ទៅ​តាម​ច្បាប់​ផង​ដែរ ដោយ​មិន​តម្រូវ​ឲ្យ​បេក្ខជន​ម្នាក់ៗ​ត្រូវ​តែ​មាន​ចំណេះដឹង ឬ​សញ្ញាបត្រ​ខ្ពង់ខ្ពស់​នោះ​ទេ សំខាន់​មាន​ឈ្មោះ​បោះឆ្នោត និង​មាន​អាយុ​ចាប់ពី​ ២៥ ​ឆ្នាំ​ឡើង​។ ជាពិសេស​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ​ដែល​ជា​កសិករ​មាន​សមត្ថភាព​យល់ដឹង​អាច​ដោះស្រាយ​បញ្ហា​នៅ​តាម​មូលដ្ឋាន​របស់​ពួកគេ​ដែល​ជា​កសិករ​។

លោក​បន្ថែម​ថា​៖ «​សូម្បីតែ​តំណាងរាស្ត្រ​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​មួយ​ចំនួន​ក៏​គាត់​អត់​មាន​សញ្ញាបត្រ​អី​ធំដុំ​ដែរ ពិសេស​ចាស់ៗ​កូតា​គណបក្ស​ប្រជាជន​អី​ជាដើម​។ អ៊ីចឹង​ជា​រួម​គឺ​វា​ទាក់ទង​ទៅ​លើ​គុណសម្បត្តិ​ទាក់ទង​នឹង​សមត្ថភាព​ក្នុងការ​យល់​ដឹង​បញ្ហា​នៅតាម​មូលដ្ឋាន​ទាក់ទង​អត្តចរិត សីលធម៌​រស់នៅ​របស់​គាត់​»​។

លោក​ យ៉ង សាំងកុមារ សង្កត់​ធ្ងន់​ថា​៖ «​យើង​ត្រូវការ​តំណាងរាស្ត្រ​ដែល​ជិតស្និទ្ធ​នឹង​រាស្ត្រ មិនមែន​តំណាងរាស្ត្រ​ជា​លោក​ធំ ជា​ឯកឧត្តម ជា​អ្នកធំ​អី​មក​រាស្ត្រ​អត់​ហ៊ាន​ទៅ​ជិត​អ៊ីចឹង​ណា​»​។

បើ​តាម​លោក​ កុមារ ក្នុង​ចំណោម​បេក្ខជន​តំណាងរាស្ត្រ​ជា​កសិករ​ចំនួន​ ១០០ ​រូប​នោះ​គឺ​មាន​ពី​ ៣០-៤០ ​រូប​ជា​បេក្ខជន​ពេញ​សិទ្ធិ​ដែល​នឹង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ហើយ​ក្នុង​នោះ​មាន​បេក្ខជន​លេខ​រៀង​ទី​ ១ ​ចំនួន ​៣ ​រូប​មាន​នៅ​ខេត្ត​ព្រៃវែង ត្បូងឃ្មុំ និង​ខេត្ត​កំពង់ឆ្នាំង ឯ​បេក្ខភាព​ជា​ស្ត្រី​មាន​ ៤ ​រូប​។

បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​នៃ គបម មកពី​ខេត្ត​កំពត​ឈ្មោះ​​ អួន សុផល អាយុ​ ៥៣ ​ឆ្នាំ​ឲ្យ​ដឹង​ថា​លោក​គឺជា​កូន​កសិករ ហើយ​ថា​លោក​មាន​ឈ្មោះ​ជាប់​ជា​បេក្ខជន​តំណាងរាស្ត្រ​នេះ​គឺជា​កិត្តិយស​ណាស់​សម្រាប់​កសិករ​។

លោក​បន្ថែម​ថា​ជាង​នេះ​ទៀត​ក្នុង​នាម​ជា​ តំណាងរាស្ត្រ ត្រូវ​តែ​ដឹង​បញ្ហា និង​តម្រូវការ​របស់​ពលរដ្ឋ និង​តស៊ូ​មតិ​ទាមទារ​ឲ្យ​រដ្ឋសភា​អនុម័ត​ច្បាប់​សម្រាប់​ប្រយោជន៍​កសិករ​។ លោក ​អួន សុផល និយាយ​ថា​៖ «​កសិករ​ត្រូវ​ទទួល​បាន​ទុន​ទីផ្សារ ឬ​មួយ​បច្ចេកទេស​កសិកម្ម ឬ​មួយ​ក៏​ទុន​កម្ចី​ដែល​មាន​ការប្រាក់​ទាប​។ នេះ​ហើយ​ដែល​ជា​ផលប្រយោជន៍​កសិករ​ព្រោះ​តំណាងរាស្ត្រ​កន្លង​មក​មិន​ដែល​ការពារ​នូវ​ប្រយោជន៍ ឬ​ក៏​ទាមទារ​នូវ​ [​ផលប្រយោជន៍​] ​ទាំងអស់​នេះ​ទេ​។ ព្រោះ​តំណាងរាស្ត្រ​មុនៗ​គាត់​មិនមែន​ជា​កសិករ គាត់​មិន​ដឹង​ [​បញ្ហា​របស់​] ​កសិករ​ពិតប្រាកដ​»​។

បើ​ទោះបី​ជា​កសិករ អួន សុផល បាន​បញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ ៩ ​ថ្មី​ក៏ដោយ​ប៉ុន្តែ​បេក្ខជន​រូប​នេះ​អះអាង​ថា​បើ​លោក​ជាប់ឆ្នោត​ជា​អ្នក​តំណាងរាស្ត្រ​នោះ​មិនមែន​ជា​ឧបសគ្គ​ផ្តល់​ការលំបាក​ដល់​លោក​ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​រាស្ត្រ​នោះ​ទេ​។ ព្រោះ​លោក​ក៏​ជា​កសិករ​ធ្លាប់​មាន​បទពិសោធ​ដឹកនាំ​ពី​សហគមន៍ រហូត​ដល់​បណ្តាញ​កសិករ​ថ្នាក់ជាតិ​។

លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់​អំណាច​មិន​ធ្វើ​អត្ថាធិប្បាយ​ស៊ីជម្រៅ​ទៅ​លើ​ជម្រើស​របស់ គបម នោះ​ទេ ដោយ​គ្រាន់តែ​ថា​នេះ​ជា​ការសម្រេច​នៅក្នុង​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ ដូច្នេះ​មិន​មាន​អ្វី​ត្រូវ​ចាប់​អារម្មណ៍​នោះ​ទេ ហើយ​ថា​មន្ត្រី​ភាគច្រើន​ក៏​កើត​ចេញ​ពី​កូន​កសិករ​ផង​ដែរ​។

លោក​ថ្លែង​ថា​៖ «​វា​មិន​ខុស​គ្នា​អី​ប៉ុន្មាន​ទេ​ [​ខុស​] ​ត្រង់​ថា​គាត់​ប្រើ​ពាក្យ​ [​ជ្រើសរើស​ពី​កសិករ​] ​។ គាត់​ជ្រើសរើស​ពី​កសិករ​មក​ជា​រឿង​គាត់ ជា​សិទ្ធិ​របស់​គាត់ ជា​លទ្ធភាព​របស់​គាត់​»​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី យល់ស្រប​នឹង​ការលើកឡើង​របស់​លោក​ យ៉ង សាំងកុមារ ប៉ុន្តែ លោក​ថា​សម្រាប់​អ្នក​ដែល​ជា​បេក្ខជន​ក្នុង​កម្រិត​សភា គឺជា​អ្នក​ដែល​ត្រូវ​យល់ដឹង​អំពី​ការបង្កើត​នូវ​ច្បាប់ និង​គោលនយោបាយ​ផ្សេងៗ​ដូច្នេះ​ការបង្កើត​ច្បាប់ គោលនយោបាយ​ក៏​ត្រូវ​ការ​ស្គាល់​អំពី​បទពិសោធ​ពិត​របស់​កសិករ​ ឬ​ក៏​ក្រុម​គោលដៅ​ហ្នឹង​ដែរ​។

លោក​ មាស នី ថា​៖ «​ក៏​ប៉ុន្តែ​អាកិច្ចការ​អស់​ហ្នឹង​ជា​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ទៅ​តាម​ប្រព័ន្ធ​។ មិន​ចាំបាច់​ដល់​តែ​កសិករ​ហ្នឹង​គាត់​ឡើង​ទៅ​ធ្វើ​ជា​សភា​បាន​អាច​បង្កើត​គោលនយោបាយ​ហ្នឹង​ត្រូវ​ទេ​។ ខ្ញុំ​និយាយ​នេះ​មិនមែន​បាន​ន័យ​ថា​ខ្ញុំ​រើសអើង​កសិករ​ទេ ក៏​ប៉ុន្តែ​គួរតែ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ ថា តើ​គុណភាព ឬ​ក៏​លក្ខណសម្បត្តិ​កសិករ​ប្រភេទ​ណា ដែល​នឹង​អាច​ឡើង​មក​ធ្វើ​ជា​បេក្ខជន​របស់​សភា​បាន​?»​។

លោក​បន្ថែម​ថា​៖ «​ខ្ញុំ​មើល​ទៅ​កសិករ​ខ្មែរ​ឥឡូវ ក៏​មិនមែន​បាន​ន័យ​ថា​មាន​តែ​កសិករ​សុទ្ធ​ទេ​គឺ​មាន​បញ្ញវន្ត​មួយចំនួន​ក៏​គាត់​បាន​ដាក់​ខ្លួន​ទៅ​ធ្វើ​ជា​កសិករ​ផង​ដែរ ដែល​ជា​រឿង​មួយ​អ្នក​នយោបាយ​ត្រូវ​គិត​»៕