ភ្នំពេញៈ​ គណ​បក្ស​នយោ​បាយ​ចំនួន​ ៣​ ដែល​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នាបាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិប​តេយ្យ​ខ្មែរ ដោយ​អះ​អាង​ថា​សម្ព័ន្ធ​នេះ​នឹង​រួមគ្នា​ដោះ​ស្រាយ​វិបត្តិ​នានា​ក្នុង​សង្គម​នយោបា​យ​តាមរយៈ​ខ្មែរ​ និង​ខ្មែររួមទាំង​បណ្តុះ​គំនិត​ជាតិ​និយម​គំរូ​ថ្មី​ដល់​យុវជន​ជំនាន់​ក្រោយ​ ជា​អ្វី​ដែល​សង្គម​ស៊ីវិល​រំពឹង​ពី​លទ្ធ​ភាព​នៅ​មាន​កម្រិត​។

ការ​ប្រ​កាស​ជា​ផ្លូវការ​នេះបាន​ធ្វើ​ឡើង​ក្នុង​ស​ន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃទី​ ២៥ ​វិច្ឆិកា នៅ​សណ្ឋា​គារ​ Himawari ភ្នំពេញ ដោយ​មាន​ការ​ចូល​រួម​ពី​លោក ម៉ម សូណង់​ដូ ប្រធាន​គណ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជា​ធិប​តេយ្យ លោក ​ញឹក ​ប៊ុនឆៃ ប្រធាន​ឝណ​បក្ស​ខ្មែរ​រួបរួម​ជាតិ លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណ​បក្ស​ខ្មែរ​តែ​មួយ និង​មន្ត្រី​គណ​បក្ស​នយោ​បាយ​ជា​ច្រើន​រូប​ទៀត​។

សម្ព័ន្ធ​ភាព​អ្នក​ប្រជា​ធិប​តេយ្យ​ខ្មែរ (The Alliance of Khmer Democrats) បាន​តែង​តាំង​លោក ម៉ម សូណង់ដូ ធ្វើ​ជា​ប្រធាន លោក ញឹក ប៊ុន​ឆៃ ជា​អនុ​ប្រធាន និង​លោក គុជ លី ជា​អគ្គ​លេខា​ធិ​ការ ។​គណ​បក្ស​ទាំង ​៣ បាន​អះ​អាង​នៅ​ក្នុង​ស​ន្និសីទ​កា​សែត​​ថា ពួកគេ​នឹង​រួម​គ្នាស្នើ​ឲ្យ​មាន​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋធម្ម​នុញ្ញកែប្រែ​ច្បាប​អន្តោ​ប្រវេសន៍ និង​ច្បាប់​សញ្ជាតិរួម​ចូល​រួម​ឈឺ​ឆ្អាល​នឹង​បញ្ហា​ព្រំ​ដែន​និង​វិស័យ​ផ្សេងៗ​ទៀត​ផង​ដែរ​។

លោក ម៉ម​ សូណង់ដូ បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា នេះ​គឺជា​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​ការ​ចង់​សម្ព័ន្ធ​គ្នាដើម្បី​ប្រមែ​ល​ប្រមូល​អ្នក​ប្រជា​ធិប​តេយ្យ​រួម​គ្នា។ លោក​បន្ត​ថា​ សម្ព័ន្ធ​នេះ​នឹង​គិតពី​ប្រយោ​ជន៍​ជា​ជាតិ​ការ​ពារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ជាធំហើយ​ក្នុង​ពេល​ខាង​មុខ ក៏​មិន​មាន​ការ​បែក​បាក់​គ្នា​នោះ​ដែរ​។

លោក​បាន​បញ្ជាក់​ថា៖ ​«ចិត្ត​គំនិត​យើង​ចង់​ឲ្យ​ជាតិ​រស់​នៅបាន​ក្តី​ខុស គង់ វង្ស និរន្ត​រ៍ ដោយ​អត់​មាន​ការ​ផ្លាស់​ប្តូរ​។ យើង​នឹង​បន្ត​ជជែក​វែ​កញែក​រួមគ្នា ដើម្បី​ឲ្យ​កាន់​តែ​រឹង​មាំ។ ប៉ុន្តែ​ការ​រឹងមាំ​នេះ មិន​មែន​ចង់​បាន​តួនា​ទី ជា​នាយក​រដ្ឋមន្ត្រី​អី​ទេ។ សម្ព័ន្ធ​ភាព​អ្នក​ប្រជាធិប​តេយ្យ​ខ្មែរ​យើង​មកពី​គណ​បក្ស​ទាំង​ ៣ មិន​អាចជា​នាយករ​ដ្ឋមន្ត្រី​ទេ តែ​យើង​សំណូ​ម​ពរ​សុំ​ឲ្យ​គណ​បក្ស​ស្នេហា​ជាតិ​ទាំង​អស់​គ្នា រួប​រួម​គ្នា ដើម្បី​កសាង​ជាតិ​តែ​ប៉ុណ្ណឹង»។

លោក ញឹក ប៊ុនឆៃ បាន​ថ្លែង​ដែរ​ថា ហេតុ​ដែល​នាំ​ឲ្យ​ពួក​លោក​រួម​គ្នា គឺដោយ​សារ​គោលនយោ​បាយ​គណប​ក្ស​ទាំង ៣ មាន​និន្នាការ​ប្រហែល​គ្នា​ក្នុង​ការបណ្តុះ​គំនិត​ជាតិ​និយម​ថ្មី​ដោយ​គ្មាន​ការ​លាប​ពណ៌​គ្មាន​វប្បធម៌​ក្តិច​ត្រួយ។សម្ព័ន្ធ​ភាពនេះ​នឹង​រួមគ្នា​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ស​ម្រា​ប់​ការបោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ​​សង្កាត់​ឆ្នាំ ២០២២ ​និង​កា​របោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ អាណត្តិ​ថ្មី ឆ្នាំ ២០២៣​ ទៀត​ផង​។

លោក​បាន​បញ្ជាក់​ថា៖ «កន្លង​ទៅមានការ​លាប​ពណ៌​គ្នា កាប់​សម្លាប់​គ្នា ដែល​នេះជា​ឧទាហ​រណ៍​មួយ។ អ៊ីចឹង​យើង​សព្វថ្ងៃ​លាប​ពណ៌​គ្នា​អត់​ឈប់ តើ​ថ្ងៃ​ណា ខ្មែរ​យើង នឹងមាន​ឱកាស​បាន​ចេះ​រួបរួ​មសាមគ្គី ចេះ​ស្រឡាញ់​គ្នា ​និង​ចេះ​ធ្វើការ​ជាមួយគ្នា?»។

លោក ប៉ា ច័ន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិ​បតេយ្យ​កម្ពុជា​បា​នថ្លែ​ងថា ការចង់​សម្ព័ន្ធ​នេះ គឺ​គ្រាន់តែ​ជាការ​បង្កើត​ចរន្ត​នយោ​បាយ​ថ្មី​មួយ​ប៉ុណ្ណោះ។ ប៉ុន្តែ​​លទ្ធ​ភាព​គឺ​នៅមាន​កម្រិ​ត​ក្នុងការ​ការ​ពារនិង​ធ្វើឱ្យ​មានឱ​កាស​និ​ង​លំហ​នយោ​បាយ​បែប​ប្រជាធិប​តេយ្យសេ​រី​និង​យុត្តិ​ធម៌​ពិត​ប្រាកដ​នៅកម្ពុ​ជា ព្រោះ​សម្ព័ន្ធ​នេះ​កើត​ពី​គណ​បក្ស​តូច​ៗដែល​មាន​ការ​គាំទ្រ​តិច​តួច​កាល​ពី​ការ​បោះឆ្នោត​មុន​ៗ។

លោក ច័ន្ទ​រឿន បាន​បន្ថែម​ថា៖ ​«ហេតុ​នេះ​លទ្ធ​ផល​រំពឹង​ទុក​និង​អនា​គត​របស់​សម្ព័ន្ធ​នេះ​អាស្រ័​យ​លើ​លទ្ធ​ភាព​ និង​សមត្ថ​ភាព​របស់​គណ​បក្ស​តូចៗ​ទាំង ៣​ ធ្វើខ្លួន​ជា​អ្នក​នយោ​បាយ​បែប​ប្រជាធិ​បតេយ្យ​ពិត​ប្រាកដ និង​មាន​គោល​នយោ​បាយ​ជាក់​លាក់​ ដែល​អាច​ទាក់​ទាញ​ការ​ជឿទុ​ក​ចិត្ត​ពី​ពលរដ្ឋ​ខ្មែរ​ចាប់​ពី​ពេល​នេះ​តទៅ»៕