ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ពី​ម្សិលមិញ​សម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដើម្បី​ត្រៀម​សម្រាប់​រៀបចំ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​នេះ ដែល​មាន​សមាសភាព​ជិត​ ១០០ ​នាក់ ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ទូទាំង​ប្រទេស​។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ក៏បាន​ប្រកាស​ទិញ​វ៉ាក់សាំង ៤ ​លានដូស​បន្ថែមទៀត​ផងដែរ​។

បើតាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១៧ ខែមីនា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ មាន​តួនាទី និង​ភារកិច្ច ដឹកនាំ ចាត់ចែង​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​។

ពិនិត្យ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នៅ​ទូទាំង​ប្រទេស បណ្តុះបណ្តាល​ក្រុមគ្រូពេទ្យ និង​កិច្ចការ​ផ្សេងៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ នេះ​។ គណៈកម្មការ​នេះ​មាន​សិទ្ធិ​រៀបចំ​អនុគណៈកម្មការ​ចំពោះ​កិច្ច និង​លេខាធិការដ្ឋាន សម្រាប់​គាំទ្រ​ដំណើរការ​នៃ​គណៈកម្មការ​ចំពោះ​កិច្ច​នេះ និង​អាច​ស្នើសុំ​បន្ថែម​នូវ​សមាជិក-​សមាជិកា​ទៅតាម​ការចាំបាច់​។

លិខិត​ដដែល​បញ្ជាក់ថា​៖ «​គណៈកម្មការ​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​ត្រា​របស់​ក្រសួង​សុខាភិបាល ហើយ​នៅតាម​ក្រសួង​ស្ថាប័ន និង​រាជធានី-ខេត្ត​ត្រូវ​រៀបចំ​អនុគណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​១៩ ដែល​ទទួល​ខុសត្រូវ​លើ​សម្រង់​ស្ថិតិ​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្រោម​សមត្ថកិច្ច​របស់ខ្លួន​»​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារ​សំឡេង​កាលពី​យប់ ថ្ងៃទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ ស្តីពី​ការបង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​នេះ​ដើម្បី​ទទួល​បន្ទុក​រ៉ាប់រង​ក្នុង​ការចាក់​វ៉ាក់សាំង​ទាំង​នៅក្នុង​ផ្នែក​ស៊ីវិល កងទ័ព និង​ផ្នែក​នគរបាល​។ ក្នុងនោះ​លោក​នាយក​រដ្ឋមន្ត្រី​បានសម្រេច​តែងតាំង​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​បន្ទុក​គ្រប់គ្រង ដឹកនាំ​ការចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដោយ​រៀបចំ​ផែនការ​មេ​សម្រាប់​រៀបចំ​បន្ត​ពី​ជំហាន​ដែល​ក្រសួង​បាននិង​កំពុង​ធ្វើ​សព្វថ្ងៃនេះ​។

អាជ្ញាធរ​សង្កាត់​ផ្សារដេប៉ូ​ ៣ ចុះ​ចែក​ម៉ាស់​ដល់​ពលរដ្ឋ​នៅ​តំបន់​មួយ​ក្នុង​ខណ្ឌទួលគោក​ពី​ម្សិលមិញ​។ហេង ជីវ័ន

លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា​៖ «​នៅពេល​ខាងមុខ វ៉ាក់សាំង នឹង​អាច​មកដល់​ជា​បន្តបន្ទាប់ ដែល​ចាំបាច់​ត្រូវមាន​ផែនការមេ​មួយ​ជាក់លាក់​។ បើសិនជា​យើង​មិន​ធ្វើ​ដូច្នេះ​ទេ ការងារ​នៅ​សាំញ៉ាំ ហើយ​ចល័ត មិន​រហ័ស​។ យើង​មាន​អង្គភាព​ដែល​ត្រូវ​រៀបចំ​អង្គភាព​មួយ​គឺជា​អង្គភាព​ដែល​ដឹកនាំ​ធ្វើ​លទ្ធកម្ម​សម្រាប់​ការទិញ ការរក​ជំនួយ​ផ្សេងៗ ដែល​សុំ​យោបល់​ខ្ញុំ​ជា​បន្តបន្ទាប់ រាប់ទាំង​ការសុំ​យោបល់​ខ្ញុំ​នៅថ្ងៃនេះ ដែល​ត្រូវ​ទទួល​ទិញ​បន្ថែមចំនួន​ ៤ ​លាន​ដូស​»​។

ជាមួយ​គ្នា​នេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សម្រេច​ឱ្យមាន​ការចាក់​វ៉ាក់សាំង​សម្រាប់​គ្រូបង្រៀន​ក្នុង​ភាព​ជា​បន្ទាន់​មួយ​សម្រាប់​នៅ​ទីក្រុង​ភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​។

លោក​ ហ៊ុន សែន សង្កត់ធ្ងន់​ថា​៖ «​យើង​មិនមាន​អាថ៌កំបាំង​អី​ជាមួយ​នឹង​ប្រជាពលរដ្ឋ​យើង​ទេ គឺ​យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាពលរដ្ឋ​យើង​ក្នុង​រង្វង់​ពី​ ១០ ​ទៅ​ ១៣ ​លាន​នាក់ ហើយ​ឥឡូវ​យើង​បាន​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​រួចហើយ​»​។

លោក​បន្ថែមថា​៖ «​តាម​ការដែល​យើង​បានទទួល​ព័ត៌មាន វ៉ាក់សាំង​នឹង​មកដល់​ចំនួន​ ១,៥ ​លាន​ដូស​នៅពេល​ខាងមុខ​នេះ ហើយ​ជា​បន្តបន្ទាប់​ទៀត​ក៏​នឹង​មកដល់​។ យើង​ក៏​ស្វះស្វែង​ដើម្បី​ទិញ​វ៉ាក់សាំង​ Johnson&Johnson របស់​អាមេរិក​ផងដែរ​។ ដូចនេះ​សុំឱ្យ​មាន​ការទទួលខុសត្រូវ​ជាក់លាក់​លើ​បញ្ហា​នេះ​តែម្តង​»​។

លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រាប់​ឱ្យ​ក្រុមការងារ ត្រូវ​រៀបចំ​យន្តការ​រៀបចំ​កម្លាំង​សរុប​ឱ្យអស់​លទ្ធភាព ដើម្បី​រៀបចំ​ការចាក់​វ៉ាក់សាំង​។ រៀបចំ​វ៉ាក់សាំង​ទៅដល់​ប្រជាជន​ឱ្យបាន​កាន់តែ​ឆាប់​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​ ១០ ខែកុម្ភៈ ដល់​ថ្ងៃទី ​១៦ ខែ មីនា ឆ្នាំ​ ២០២១ ក្រសួង​បាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ​ស៊ីណូហ្វាម និង​កូវីសែល​ (Covishield) ​របស់​ក្រុមហ៊ុន​ AstraZeneca) ​ដល់​ជន​ស៊ីវិល​ទូទាំង​ប្រទេស​បាន​ចំនួន​ ១៧០ ៦៥៩ ​នាក់​។ ចំណែក​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​លើក​ទី១ ​ដល់​កងកម្លាំង​មាន​ចំនួន​ ១០៩ ៣២៤ ​នាក់ ឯ​អ្នកចាក់​លើក​ទី​២ បាន​ចំនួន​ ៥៩ ៤២៤ ​នាក់​។

ដោយឡែក​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បន្ថែមទៀត​ចំនួន​ ៧៥ ​នាក់ ខណៈ​មាន​អ្នក​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ២២ ​នាក់​ផងដែរ​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​ ១៧ ខែមីនា​។

របាយការណ៍​បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​នេះ​មាន​ក្នុង​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ៥០ ​នាក់ ខេត្តកណ្តាល​ ២២ ​នាក់ ខេត្ត​ព្រៃវែង​ ចំនួន​ ២ ​នាក់ និង​ខេត្ត​តាកែវ​ចំនួន​ម្នាក់​។ ចំនួន​ឆ្លង​ថ្មី​នេះ​ធ្វើឱ្យ​ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​ បាន​កើនឡើង​រហូតដល់​ ៩៩០ ​នាក់​។

ក្រសួង​ឱ្យដឹងថា​ពី​ម្សិលមិញ អ្នក​ដែល​បាន​ព្យាបាល​ជា​សះស្បើយ​មាន​ចំនួន​ ២២ ​នាក់​ ក្នុង​នោះ​មាន​អ្នកជំងឺ​ដែល​បាន​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ​មាន​ចំនួន​ ២១ ​នាក់​។ ចំនួន​សរុប​នៃ​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​លើក​ទី៣ ​នេះ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៣៤០ ​នាក់​ហើយ​។

គិត​ត្រឹម​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ ​២០២១ កម្ពុជា​មាន​អ្នក​មាន​វីរុស​កូវីដ ​១៩ សរុប​ចំនួន​ ១ ៥០៥ ​នាក់​ ក្នុង​នោះ​អ្នកដែល​បាន​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន​ ៨៤០ ​នាក់ អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៦៦២ ​នាក់ និង​អ្នក​ស្លាប់​ចំនួន​ម្នាក់​៕