ភ្នំពេញៈ គណៈកម្មការទី ៨ នៃព្រឹទ្ធសភាបានគាំទ្រវិធានត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង ៥ ចំណុច ក្នុងន័យកាត់បន្ថយការប្រើថ្នាំជក់នៅកម្ពុជាដែលសង្គមស៊ីវិលមើលឃើញថា បើអនុវត្តវិធាននេះបានជោគជ័យនឹងជួយជីវិតមនុស្សបានជិត ៦ ម៊ឺននាក់ ពីការស្លាប់មុនអាយុ និងកាត់បន្ថយការខាតបង់សេដ្ឋកិច្ចជិត ២ ពាន់លានដុល្លារ នៅឆ្នាំ ២០៣៣ ខាងមុខ។
តាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជាកាលចុងខែកក្កដាបានឲ្យដឹងថា វិធានត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង ៥ ចំណុចរួមមាន ការបង្កើនការយល់ដឹង និងផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ដល់សាធារណជនយុវជន និងភាគីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។
ការពង្រីកកម្មវិធីកន្លែងធ្វើការ ទីសាធារណៈ ជាតំបន់គ្មានផ្សែងបារី ការពង្រីកសារព្រមានសុខភាពជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់ឲ្យមានទំហំធំ និងការបង្កើនពន្ធលើផលិតផលថ្នាំជក់ដើម្បីប្រសិទ្ធភាពការពារសុខភាពដល់ប្រជាជនព្រមទាំងការហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទម្រង់។
ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជាកាលពីចុងខែមុនលោកស្រី មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទាការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភាបានលើកឡើងថា តាងនាមឲ្យគណៈកម្មការទី ៨ នេះលោកស្រីគាំទ្រចំពោះវិធានទាំង ៥ ចំណុច ដែលបានដាក់ចេញនោះ។
ជាមួយគ្នានេះលោកស្រីក៏បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវតែបន្តរួមសហការជំរុញដោះស្រាយចំពោះផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់នៅកម្ពុជា ដើម្បីឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់ថយចុះដែលបង្ការកុំឲ្យខាតបង់សេដ្ឋកិច្ច និងចំណាយលើការព្យាបាល។
លោកស្រីបញ្ជាក់ថា៖ «សង្ឃឹម និងមានជំនឿយ៉ាងមុតមាំលើឆន្ទៈ និងការចូលរួមប្ដេជ្ញាចិត្តរបស់ឯកឧត្តមលោកជំទាវ លោក លោកស្រី ពិតជាខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមទប់ស្កាត់បញ្ហាប្រឈមសំដៅបង្ការ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅកម្ពុជាប្រកបដោយលទ្ធផលដូចដែលបានកំណត់ទុក»។
លោកស្រីក៏បានសន្យាផងដែរថា គណៈកម្មការទី ៨ នៃព្រឹទ្ធសភានឹងបន្តកិច្ចសហការល្អបន្ថែមទៀតជាមួយអង្គការចលនា ដើម្បីសុខភាពកម្ពុជាក្នុងករណីបើមានសំណូមពរស្នើសុំការគាំទ្រណាមួយដើម្បីជំរុញឲ្យអត្រាអ្នកប្រើប្រាស់ថ្នាំជក់មានការថយចុះ ជាពិសេសចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពសង្គម។
លោក មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានឲ្យដឹងថា តាមការស្រាវជ្រាវពីការវិនិយោគលើការត្រួតពិនិត្យថ្នាំជក់នៅកម្ពុជារបស់អង្គការសហប្រជាជាតិបានបង្ហាញថា ការអនុវត្តវិធានត្រួតពិនិត្យផលិតផលថ្នាំជក់ទាំង ៥ ចំណុចអាចធ្វើឲ្យកម្ពុជាសង្គ្រោះជីវិតពលរដ្ឋបានប្រមាណ ៥៧ ០០០ នាក់ពីការស្លាប់មុនអាយុ។
លោកបន្តថា ការស្រាវជ្រាវនេះក៏បានបង្ហាញដែរថា វិធានទាំង ៥ ចំណុចនេះក៏ចូលរួមបង្ការកុំឲ្យមានការខាតបង់សេដ្ឋកិច្ច និងលើការព្យាបាលប្រមាណ១ ៨៩៩ លានដុល្លារ នៅឆ្នាំ ២០៣៣ ផងដែរ។
លោកបញ្ជាក់ថា៖ «ប្រជាជនកម្ពុជាចំនួន ១៥ ០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាំជក់ដែល ៣៣ ភាគរយ នៃអ្នកស្លាប់ទាំងអស់កើតឡើងចំពោះពលរដ្ឋដែលមានចំណូលទាបបំផុត។ មិនតែប៉ុណ្ណោះការប្រើប្រាស់ថ្នាំជក់បណ្តាលឲ្យខាតបង់ទឹកប្រាក់ចំនួន ៦៤៩ លានដុល្លារ អាមេរិកស្មើនឹង ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា»។
តាមការសិក្សាលើការអង្កេតស្ដីពីការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ ២០១៩ បានបង្ហាញថា មានបារីប្រមាណ ៣០ ភាគរយ ដែលដាក់តាំងលក់លើទីផ្សារពុំមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងរូបភាព ហើយបារី ៥៨ ភាគរយ ដែលលក់នោះពុំមានតែមប្រិ៍ពន្ធនោះទេ។
ការសិក្សានេះក៏បានបញ្ជាក់ផងដែរថា មានការផ្សាយពាណិជ្ជកម្មបារីប្រមាណ ២០ ភាគរយ ដោយក្រុមហ៊ុនថ្នាំជក់បានផ្ដល់សម្ភារផ្សាយពាណិជ្ជកម្ម និងផលប្រយោជន៍ទៅឲ្យអ្នកលក់បារីជាច្រើន៕