ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​សម្រេច​មិន​ធ្វើការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ជា​ជំនួយ​របស់​ចិន​ជូន​អ្នក​ដែលមាន​អាយុ​លើសពី ៥៩ ​ឆ្នាំ អ្នកឧស្សាហ៍​មាន​ជំងឺ​អាល្លែកហ្ស៊ី អ្នកជំងឺ​កន្ទាលត្រអាក ជំងឺ​ត្រអក អ្នកមាន​បញ្ហា​ផ្លូវដង្ហើម ជំងឺ​ហឺត និង​អ្នកមាន​ជំងឺ​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​នោះឡើយ​។ នេះ​បើតាម​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​។

លោកស្រី វណ្ណឌីន បាន​ថ្លែង​កាលពី​ថ្ងៃទី ​៦ ខែកុម្ភៈ​ថា មនុស្ស​អាយុ​ ៦០ ​ឆ្នាំ​ឡើង ​មិនអាច​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន ​បានទេ ដោយ​ត្រូវធ្វើ​ការសិក្សា​សិន ថា​តើ​នៅពេល​ដែល​ចាក់​វ៉ាក់សាំង​កូវីដ​នេះហើយ តើ​នឹង​អាចបង្កើត​បាន​នូវ​កងការពារ​ខ្លាំងក្លា​ដូច​ដែល​បុគ្គល​មាន​អាយុ​ ១៨ ​ឆ្នាំ​ដល់​ ៥៩ ​ឆ្នាំ​ដែរឬទេ​?​។

លោកស្រី​បញ្ជាក់ថា៖ «​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ដោយសារ​តែ​វ៉ាក់សាំង​នេះ ជា​ប្រភេទ​វ៉ាក់សាំង​ថ្មី ជាពិសេស​យើង​ត្រូវគោរព​ទៅតាម​គោលការណ៍​របស់​គេ​ឱ្យបាន​ត្រឹមត្រូវ​។ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩​បានសម្រេច​មិនធ្វើការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ជូន​អ្នក​ដែល​មាន​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង​ទេ​»​។ អ្នកនាំពាក្យ​រូបនេះ​បាន​បញ្ជាក់ថា អ្នក​ដែលមាន​អាយុ​ពី​ ១៨ ​ឆ្នាំ​ ដល់​ ៥៩ ​ឆ្នាំ​ គឺ​អាច​ចាក់​បាន​តាម​ការស្ម័គ្រចិត្ត​ហើយ​បន្ទាប់ពី​ចាក់​លើក​ទី​១ ​រយ:ពេល​ចន្លោះ​ពី​ ១៤ ​ថ្ងៃ​ទៅ​ ២៨ ​ថ្ងៃ​គឺ​ត្រូវ​ចាក់​ដូស​ទី​២​។

បើតាម​លោកស្រី​ វណ្ណឌីន មុខសញ្ញា​ដែល​ហាម​ដទៃទៀត​មាន​ដូចជា ការប្រតិកម្ម​ជាមួយ​នឹង​សារធាតុ​នៅក្នុង​វ៉ាក់សាំង​គឺ​អ្នកនោះ​ឧស្សាហ៍​ទទួលរង​នូវ​អាល្លែកហ្ស៊ី (Allergic) ​ជំងឺ​កន្ទាលត្រអាក (Urticaria) ​ជំងឺ​ត្រអក (Eczema) អ្នក​ដែលមាន​បញ្ហា​ផ្លូវដង្ហើម (acute respiratory disease) ​ជំងឺហឺត (asthma) ​ការហើម ឬ​រលាក​សរសៃឈាម (Angioedema) អ្នក​ដែល​កំពុងមាន​ការឈឺចាប់​នឹង​ជំងឺ​ទាន់ហន់​ណាមួយ​ជាពិសេស​ជំងឺ​រុំារ៉ៃ​ធ្ងន់ធ្ងរ ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​បំបៅ​ដោះ​កូន ស្ត្រី​ដែលមាន​ផែនការ​ពពោះ​ក្នុង​រយៈពេល​ ៣ ​ខែ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លុបចោល​គម្រោង​ដែល​លោក​គ្រោង​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ បន្ទាប់ពី​ការិយាល័យ​នៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ប្រកាស​ថា វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​ចាក់​បានតែ​មនុស្ស​មាន​អាយុ​ពី ១៨ ​ឆ្នាំ​ទៅ​ ៥៩ ​ឆ្នាំ​តែប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន បាន​ពន្យល់​នៅលើ​បណ្តាញ​សង្គម​កាលពី​ល្ងាច​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថា សម្រាប់​លោក​ដែលមាន​អាយុ ៦៨ ​ឆ្នាំ​ឡើង​ហើយ គឺ​មិនទាន់​អាច​ចាក់​វ៉ាក់សាំង​កូវីដ​បានទេ​។

លោក​បញ្ជាក់ថា៖ «​ដូចនេះ​គម្រោង​ចាក់​វ៉ាក់សាំង​ដែល​គ្រោង​ចាក់​នៅ​ថ្ងៃទី​ ១០ ខែកុម្ភៈ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​នឹង​ត្រូវ​លុបចោល អាស្រ័យ​ដោយ​ទាំង​ខ្ញុំ​ទាំង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងទៀត​ភាគច្រើន​មាន​អាយុ​លើសពី​ ៦០ ​ឆ្នាំ​ទៅហើយ មិនអាច​ចាក់​បានទេ​»​។

លោកស្រី​ ឱ វណ្ណឌីន បាន​បន្តថា ក្រៅពីនេះ​អ្នក​ដែលមាន​ជំងឺ​ប្រកាច់​ ឬ​កន្ត្រាក់ មាន​ជំងឺ​ឆ្កួតជ្រូក ស្កន់ ឬ​មាន​ជំងឺ​សរសៃប្រសាទ រលាក​ស្រោមខួរ មាន​ជំងឺ​តំណពូជ ឬ​អ្នក​ដែល​មាន​បញ្ហា​ប្រព័ន្ធ​សរសៃប្រសាទ (Guillain-Barre Syndrome) អ្នក​ដែលមាន​កង្វះ​ភាពស៊ាំ​ពី​កំណើត (Immune deficiency) អ្នក​មាន​មេរោគ​ហ៊ីវ (HIV) ​អ្នក​មាន​ជំងឺមហារីក​កូនកណ្តុរ (Lymphoma) អ្នកមាន​ជំងឺ​ឈាមស អ្នកមាន​ជំងឺ​បេះដូង​សរសៃឈាម​ធ្ងន់ធ្ងរ ជំងឺថ្លើម​ធ្ងន់ធ្ងរ និង​ជំងឺ​ដុះ​ដុំ​សាច់​មហារីក​ធ្ងន់ធ្ងរ អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺមហារីក អ្នក​ដែល​មាន​ប្រវត្តិ​ឆ្លង​ជំងឺ​កូវីដ​ ១៩​ មិនគួរ​ចាក់​វ៉ាក់សាំង​ទាំងនេះ​ទេ ហើយ​គ្រូពេទ្យ​គឺជា​អ្នកពិនិត្យ​លើ​អាការ​របស់​អ្នក​ដែល​ត្រូវ​ចាក់​។

ក្រៅ​ពីនេះ​លោកស្រី​ ឱ វណ្ណឌីន បាន​លើកឡើង​ថា​៖ «​ការចាក់​វ៉ាក់សាំង​គឺ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត ហើយ​ត្រូវ​ប្រើប្រាស់​តាម​ប្រព័ន្ធ​អនឡាញ ដែល​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង​នឹង​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ចុះឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​របស់​យើង​ដែល​យើង​ហៅថា E-Registration ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យើង​មាន​បំណង​ចង់​ចាក់​វ៉ាក់សាំង​អាច​ចុះឈ្មោះ​បាន​»​។

ចាប់ពី​ថ្ងៃទី​ ៩ ខែ កុម្ភៈ​ ឆ្នាំ​ ២០២១ ​តទៅ​ក្រសួង​សុខាភិបាល​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នូវ​គេហទំព័រ​ថ្មី​មួយ​ជា​ផ្លូវការ​ដែល​អាចឱ្យ​ពលរដ្ឋ​ចូលទៅ​ចុះឈ្មោះ​តាមរយៈ​វេបសាយ​នោះបាន​។

លោកស្រី​ ឱ វណ្ណឌីន បានលើកឡើង​ទៀតថា​៖ «​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ត្រៀមលក្ខណៈ​រួចរាល់​ជាស្រេច​នៅក្នុង​ការទទួល​យក​វ៉ាក់សាំង​នេះ​ដើម្បី​ចាត់ចែង​រៀបចំ​ចាក់​ជូន​ទៅដល់​បងប្អូន​ដែល​ស្ថិត​ក្នុង​ក្រុម​អាទិភាព ហើយ​បាន​ចុះឈ្មោះ​ទទួលយក​ដោយ​ស្ម័គ្រចិត្ត​នូវ​វ៉ាក់សាំង​ស៊ីណូហ្វ៉ាម​នេះ​ផងដែរ​»​។

បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ការចាក់​វ៉ាក់សាំង​កូវីដស៊ីណូហ្វ៉ាម​នេះ​នឹង​ប្រព្រឹត្តទៅ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ (​ថ្នាក់ជាតិ ខេត្ត និង​ស្រុក​) ទៅតាម​ពេលវេលា ដែល​ក្រសួង​នឹង​ធ្វើការ​ជូនដំណឹង នៅពេល​ក្រោយ​ទៀត​។

គិត​ត្រឹម​ថ្ងៃទី​ ៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នកឆ្លង​វីរុស​កូវីដ​ ១៩ ​ចំនួន​ ៤៧៤ ​នាក់​ ក្នុង​នោះ​មាន​អ្នក​ដែល​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៤៥៤ ​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​ ២០ ​នាក់​៕

វីដេអូ៖