ភ្នំពេញៈ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងសមាគមអតីតយុទ្ធជនកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន DRAGONFLY FINTECH (CAMBODIA) Plc. និងក្រុមហ៊ុន PROXIMAX Co.,Ltd ដើម្បីជំរុញ និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ និងទិន្នន័យអតីតយុទ្ធជន។
ការចុះអនុស្សរណៈនេះធ្វើឡើងក្រោមអធិបតីភាព លោក គន់ គីម អនុប្រធានទី ១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក Richard Chung ប្រធានគ្រប់គ្រងក្រុមហ៊ុន DRAGONFLY FINTECH និងលោក Lon Wong ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន PROXIMAX កាលពីថ្ងៃទី ២ ខែមករា នៅទីស្នាក់ការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជាក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។
លោក កែវ វី ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ៣ ខែមករាថា ការចុះអនុស្សរណៈនេះគឺធ្វើឡើងដើម្បីជំរុញ និងអនុវត្តកិច្ចសហប្រតិបត្តិការនៅលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងរួមគ្នាបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យអតីតយុទ្ធជនThe Volunteer Management Information Sytem (VMIS) និងកម្មវិធី អេហ្វលើទូរស័ព្ទដៃ (Apps) ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ និងសមាគមអតីតយុទ្ធជនកម្ពុជា។
លោកថ្លែងថា៖ «កម្មវិធីអេហ្វលើទូរស័ព្ទដៃមានបំណងប្រើប្រាស់សម្រាប់ជាទីតាំងផ្គត់ផ្គង់ព័ត៌មានពាក់ព័ន្ធអតីតយុទ្ធជន និងគ្រោះមហន្តរាយនៅកម្ពុជាក្នុងតំបន់ និងពិភពលោក»។ លោកថ្លែងថា អេហ្វ នេះក៏នឹងដើរតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មានព្រមានជាមុនអំពីមុខសញ្ញាគ្រោះថ្នាក់នានាដើម្បីឱ្យពលរដ្ឋបង្ការជាមុនផងដែរ។
បើតាមលោក កែវ វី ភាគីក្រុមហ៊ុននឹងជួយមើលថែរក្សាប្រព័ន្ធដែលនឹងបង្កើតឡើងនេះ។ កម្មវិធី VMIS និងកម្មវិធីអេហ្វលើទូរស័ព្ទដៃនេះនឹងត្រូវបង្កើតឡើងដោយបច្ចេកវិទ្យាចុងក្រោយរបស់ ProximaX Sirius។
លោក គន់ គីម ថ្លែងក្នុងពេលចុះអនុស្សរណៈស្ដីពីការសហការគ្នាជាមួយភាគីក្រុមហ៊ុនទាំង ២ នេះថា គឺពិតជាមានសារៈសំខាន់សម្រាប់ការអនុវត្ដការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការគ្រប់គ្រងទិន្នន័យអតីតយុទ្ធជនកម្ពុជា។
លោកថ្លែងថា៖ «ប្រព័ន្ធ VMIS នេះ គឺសម្រាប់ការគ្រប់គ្រងទិន្នន័យ អតីតយុទ្ធជនដោយរក្សាការសម្ងាត់ខ្ពស់ គ្រប់គ្រងទិន្នន័យបានច្រើនលឿន រហ័ស និងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ការគ្រប់គ្រងនៅក្នុងស្ថាប័នទាំង ២»។
ប្រធានគ្រប់គ្រងក្រុមហ៊ុន Dragonfly Fintech លោក Richard Chung បានថ្លែងថា កិច្ចសហការជាមួយគ្នានេះនឹងជួយគាំទ្រយ៉ាងខ្លាំងដល់ក្រុមហ៊ុនក្នុងការខិតខំប្រឹងប្រែងផ្ដល់ជូននូវសេវាកម្មទូទាត់ និងហិរញ្ញវត្ថុដើម្បីលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា៕