ភ្នំពេញៈ គណៈកម្មាធិការអចិន្រៃ្តយ៍រដ្ឋសភាពីម្សិលមិញបានពិភាក្សា និងពិនិត្យសេចក្តីព្រាងច្បាប់ចំនួន ៧ ទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជូនតាមផ្លូវអាកាស។ ក្នុងនោះក៏មានសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ឆ្នាំ ២០២១ ខណៈអ្នកជំនាញថា គួរតែបង្កើនកញ្ចប់ថវិកាទៅលើវិស័យកសិកម្ម និងសុខាភិបាល។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាបានថ្លែងពីម្សិលមិញថា កិច្ចប្រជុំបានសម្រេចកំណត់យកថ្ងៃទី ២៥ វិច្ឆិកា បន្តសម័យប្រជុំ រដ្ឋសភាលើកទី៥ នីតិកាលទី៦ ដែលនឹងពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៧ ដែលទាក់ទងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹកជញ្ជូនតាមផ្លូវអាកាស។ លោកថា៖ «ក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ដែលជាច្បាប់មួយដ៏សំខាន់ក៏នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈខាងមុខនេះផងដែរ»។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងពីម្សិលមិញថា សម្រាប់ឆ្នាំ ២០២១ នេះ រដ្ឋាភិបាលគួរតែបង្កើនថវិកាជំរុញទៅលើវិស័យសហគ្រាសធុនតូច និងមធ្យមដើម្បីធ្វើយ៉ាងណាឱ្យវិស័យនេះមានឱកាសពង្រឹងខ្លួនដែលអាចផលិតផលិតផលឧបភោគ បរិភោគ សម្រាប់ប្រើក្នុងស្រុកឱ្យបានគ្រប់គ្រាន់ចៀសវាងការនាំចូលពីបរទេសទាំងស្រុង។
ក្រៅពីនេះក៏បង្កើនលើវិស័យកសិកម្ម ព្រោះពលរដ្ឋកម្ពុជាភាគច្រើនពឹងផ្អែកលើវិស័យកសិកម្ម ស្របពេលមានជំងឺកូវីដ ១៩ ធ្វើឱ្យតម្រូវការកសិកម្មកើនឡើងខ្ពស់ដោយសារការនាំចូលពីបរទេសមកកម្ពុជាត្រូវរាំងស្ទះ ឬអាចកាត់បន្ថយ។
លោកបញ្ជាក់ថា៖ «ខ្ញុំគិតថា វិស័យសុខាភិបាលក៏ត្រូវតែបង្កើនថវិកាដែរ ព្រោះយើងដឹងហើយគឺជំងឺកូវីដ ១៩ ជាពិសេសសាងសង់អគារ ឬកន្លែងធ្វើចត្តាឡីស័ក ព្រោះយើងមិនអាចយកទីតាំងសាលារៀនក្មេងៗទៅធ្វើជាកន្លែងធ្វើចត្តាឡីស័កទេ។ លើសពីនេះ បរិក្ខារពេទ្យក៏ត្រូវតែទិញបន្ថែម ហើយសមត្ថភាពពេទ្យក៏ត្រូវតែបង្កើនដែរ អ៊ីចឹងធ្វើយ៉ាងណាឱ្យដើរស្របគ្នា»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ថ្លែងថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងវិស័យកសិកម្ម ដើម្បីឱ្យកសិកម្មដើរតួនាទីស្ដារវិស័យសេដ្ឋកិច្ចឡើងវិញក្នុងអំឡុងវិបត្តិកូវីដនេះ។ នៅពេលជំងឺកូវីដ ១៩ ចាប់ផ្ដើមរាលដាល ការផលិតស្បៀងអាហារត្រូវប៉ះពាល់។
លោកថ្លែងថា៖ «ខ្ញុំគិតថា បើរដ្ឋាភិបាលធ្វើឱ្យវិស័យកសិកម្ម សុខាភិបាល និងវិស័យអប់រំបានដើរទៅមុខឱ្យបានលឿនជាងគេបន្ដិច គឺប្រទេសយើងនឹងមិនសូវព្រួយបារម្ភច្រើនពេកទេ។ ខ្ញុំចង់បញ្ជាក់បន្ថែមដែរ ចំពោះវិស័យសុខាភិបាលគឺត្រូវតែពង្រឹងឱ្យដល់នៅមូលដ្ឋានផ្ទាល់ ព្រោះយើងមើលជាក់ស្ដែង នៅពេលមានគ្រោះធម្មជាតិ ឬទឹកជំនន់ម្ដងៗ យើងមិនដឹងថា ពលរដ្ឋរស់នៅមានអនាម័យកម្រិតណាទេ គឺទាំងការហូប ការផឹក និងការបន្ទោបង់»៕