កំពង់ស្ពឺៈ គណៈ​គ្រប់គ្រង​វត្ត​គិរីស្តេចគង់ នៅ​ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​បាន​យល់ព្រម​ប្រគល់​សិលាចារឹក​សុវណ្ណភូមិ​ដែល​រកឃើញ​តាំងពី​ជាង​ ២០ ​ឆ្នាំ​មុន​ទៅ​សារមន្ទីរ​ជាតិ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ស្នើ​មាន​លក្ខខណ្ឌ​ត្រូវ​ប្រារព្វ​ពិធី​អរូបី និង​តាម​សាសនា​ជា​មុន​សិន​មុន​នឹង​មាន​ការ​ដង្ហែ​ក្បួន​ទៅ​សារមន្ទីរ​ជាតិ​។

ការយល់ព្រម​ប្រគល់​សិលាចារឹក​នេះ​ក្រោយពី​មាន​ការស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: លោកស្រី​ ភឿង សកុណា ព្រម​ទាំង​សម្ដេច​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ក្រោយពី​មាន​ការ​ចុះ​ទៅ​យក​ជាច្រើន​លើក ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ក៏ដូចជា​ខាង​គណៈកម្មការ​វត្ត​មិន​យល់ព្រម​។

លោក​ នឹម សំណាង ប្រធាន​គណៈកម្មការ​សាងសង់​វត្ត​គិរីសេ្តចគង់​ថ្លែង​កាលពី​ថ្ងៃទី​ ១០ ខែ​ធ្នូ​ថា​ការយល់​ព្រម​ប្រគល់​ជូន​សិលាចារឹក​នេះ​ក្រោយ​មាន​ការ​ស្នើសុំ​ពី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប: ព្រមទាំង​សម្ដេច​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត​ និង​នៅ​ក្រោម​លក្ខខណ្ឌ​មាន​ការ​ប្រារព្ធ​ពិធី​អរូបី និង​បែប​សាសនា​។

លោក​ សំណាង បាន​បញ្ជាក់​ថា​៖ «​យើង​បាន​សំណូមពរ​ទៅ​ព្រះមេគណខេត្ត ជា​អធិបតី​ដ៏ខ្ពង់ខ្ពស់ លោក​បាន​ទទួល​យល់ព្រម​ថា​យើង​ប្រគល់​ឲ្យ​ក្នុង​លក្ខខណ្ឌ​មាន​ការ​ប្រារព្ធ​ពិធី​ផ្នែក​ជំនឿ​អរូបី​។ ទី​ ២ យើង​ត្រូវ​ធ្វើ​ពិធី​ដក​ពាក្យ​បណ្តាសា ហើយ​បើ​សិន​ជា​សម្បតិ្ត​ហ្នឹង​ជា​បេតិកភណ្ឌ​ជាតិ​ទេ​យើង​សូម​មេគណ​ខេត្ត​សូម​ឲ្យ​មាន​ការ​ដង្ហែ​»​។

លោក​ សំណាង ​បន្ថែម​ថា​៖ «​ពាក្យ​ថា​សុណ្ណភូមិ​ហ្នឹង បើ​សិលាចារឹក​បាន​បាត់​ទៅ ឬ​មាន​ការ​ឃុបឃិត​ជាមួយ​ជនខិលខូច​ ឬ​ក៏​ឲ្យ​ទៅ​សារមន្ទីរ​ត្រូវ​ធ្វើឲ្យ​មាន​ការ​ធ្លាក់​នរក នេះ​ជា​ពាក្យ​បណ្តាសា​។ យើង​សូម​ឲ្យ​មាន​របាំ​ព្រះរាជ​ទ្រព្យ ភ្លេងពិណពាទ្យ​នៅ​ពេល​ដង្ហែ​។ យើង​ធ្វើ​ពិធី​រំដោះកម្ម​រួច​ហើយ​យើង​ធ្វើ​ពិធី​ដោះ​បណ្តាសា រួច​ធ្វើ​ពិធី​ឆ្លង​ និង​ដង្ហែ​វា​ទៅ​សារមន្ទីរ​»​។

បើ​ទោះបី​ជា​យ៉ាង​ណា​លោក​ សំណាង ​មិន​ទាន់​អាច​បញ្ជាក់​ថា​កម្មវិធី​សាសនា​នឹង​ត្រូវ​ប្រារព្ធ​បាន​នៅពេល​ណា​នោះ​ទេ ដោយ​ត្រូវ​មាន​ការ​ប្រជុំ​គ្នា​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ប្រជុំ​ជាមួយ​គណៈកម្មការ ដើម្បី​ពេល​ដក​ពី​កន្លែង​ហ្នឹង​ទៅ កុំ​ឲ្យ​កើត​កលិយុគ​ឲ្យ​មាន​ភាព​សុខដុមរមនា​កុំ​ឲ្យ​មាន​ភ័យ​ដល់​ប្រជាពលរដ្ឋ​។ មាន​ការប៉ុនប៉ន​មក​យក​ច្រើន​ដង​ហើយ ហើយ​មាន​ប្រជាជន​តវ៉ា​ច្រើន​ដោយសារ​គាត់​ជឿថា គួរ​តែ​នៅ​កន្លែង​គាត់​»​។

លោក​ ប្រាក់ សុណ្ណារ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: និយាយ​ថា​មន្ត្រី​ជំនាញ​ពី​សារមន្ទីរ​ជាតិ​នាយកដ្ឋាន​បុរាណវត្ថុ ដឹកនាំ​ដោយ​អគ្គនាយករង​បេតិកភណ្ឌ អាជ្ញាធរ​ដែនដី​អម​ដោយ​លិខិត​របស់​សម្ដេច​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែល​បាន​ស្នើឲ្យ​យក​សិលាចារឹក​នេះ​មក​រក្សា​ទុក​នៅ​ភ្នំពេញ​ សារមន្ទីរ​ជាតិ ដោយសារ​អ្នក​ជំនាញ​អាន​សិលាចារឹក​នេះ​មាន​ពាក្យ​សុវណ្ណភូមិ​សម័យ​មុន​អង្គរ​សតវត្យរ៍​ទី ៧ ដែល​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​។ យោង​តាម​លិខិត​ស្នើសុំ​របស់​សម្តេច​ព្រះមហា​សុមេធាធិបតី នន្ទ ង៉ែត និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្ប​: បាន​ផ្ញើ​តាម​សម្តេច​សង្ឃនាយក​ដើម្បី​ធ្វើ​សំណើសុំ​យក​សិលាចារឹក​សុវណ្ណភូមិ​។

លោក​បញ្ជាក់​ថា​៖ «​ការ​ដែល​យើង​ទៅ​លើក​នេះ​ជា​ការស្នើសុំ​លើក​ទី​ ៣ ហើយ​ព្រះគ្រូ​ចៅអធិការវត្ត អាចារ្យ​អីហ្នឹង ប្រជាពលរដ្ឋ​គាត់​មិន​ព្រម​ឲ្យ​ទេ ហើយ​គាត់​យក​សិលាចារឹក​ហ្នឹង​ទៅ​លាក់​ទុក ពេល​ដែល​យើង​ទៅ​យក ហើយ​យើង​ក៏​ដកថយ​វិញ​»​។

លោក​ សុវណ្ណារ៉ា ឲ្យ​ដឹង​ថា​កាលពី​ថ្ងៃ​អាទិត្យ​ព្រះមេគណ​ខេត្ត​ព្រះអង្គ និមន្ត មក​ប្រជុំ​ជាមួយ​អាចារ្យវត្ត ព្រះគ្រូ​ចៅអធិការ​វត្ត​គិរីស្តេចគង់​។ កិច្ចប្រជុំ​នោះ​បាន​ចេញ​ជា​កំណត់ហេតុ​មួយ​ដោយ​បាន​ឯកភាព​ថា ប្រគល់​មក​សារមន្ទីរ​ជាតិ ប៉ុន្តែ​មិន​ទាន់​ភ្លាមៗ​ទេ​ដោយ​ថា​ទុក​ធ្វើ​ពិធីបុណ្យ​សុំ​តាម​ជំនឿ​គាត់​។

លោក​ ធុយ ចាន់ធួន អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌ និង​វិចិត្រសិល្បៈ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​និយាយ​ថា សុវណ្ណ​ភូមិ​អាស៊ីអាគ្នេយ៍ គេ​តែង​គិត​ថា​គេ​ជា​ប្រទេស​សុណ្ណភូមិ ប៉ុន្តែ​អត់​មាន​ភ័ស្តុតាង​។ ការលើក​ឡើង​នេះ​លោក​ចង់​សំដៅ​ទៅ​ប្រទេស​ថៃ​ដែល​ដាក់​ឈ្មោះ​ព្រលាន​យន្តហោះ​ «​សុវណ្ណភូមិ​» របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ភស្តុតាង​។ ចំណែក​កម្ពុជា​ឃើញ​ច្បាស់​នៅ​លើ​សិលាចារឹក​ហ្នឹង​ប្រហែល​ក្នុង​ឆ្នាំ​ ៦៣០​។ នេះ​ជា​ពាក្យ​សុវណ្ណភូមិ និង​ជា​នគរ​ដែល​ចាស់​ជាងគេ​។

លោក​បញ្ជាក់​ថា​៖ «​ព្រះសង្ឃ​ចង់​បាន​របស់​ហ្នឹង​នៅ​លើ​ដៃ ហើយ​អត់​ចង់​ឲ្យ​យក​ចេញ​ពី​ដៃ​ខ្លួនឯង​ដែរ​។ ប្រជាជន​មួយ​ក្រុម​ចង់​ឲ្យ​សហការ​ជាមួយ​រដ្ឋអំណាច​ដោយសារ​គាត់​មាន​មោទនភាព​ហើយ​ ១ ​ក្រុម​ទៀត​ចង់​ទុក​នៅក្នុង​តំបន់​គាត់​»​។

លោក​ ប៉ាង យ៉ន នាយ​ប៉ុស្តិ៍​សា្វយចចឹប​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កាលពី​ថ្ងៃ​សុក្រ​មាន​មន្ត្រី​បាន​ប៉ុនប៉ង​មក​យក​សិលាចារឹក​ដោយ​មាន​ការ​ប៉ះ​សម្តី​គ្នា​។ លោក​ថា​សិលាចារឹក​ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​កន្លែង​ផ្សេង ប៉ុន្តែ​ក្នុង​ទីតាំង​បរិវេណ​វត្ត​ដដែល​។

លោក​ថ្លែង​ថា​៖ «​កន្លង​មក​គ្មាន​អ្នក​ណា​យាយី​អី​ទេ ប្រជាពលរដ្ឋ​ចង់​ទុក​ដោយសារ​ផ្តល់​ភាពត្រជាក់ត្រជុំ​ផ្តល់​ភ្លៀង​ជូន​គាត់​។ ​យើង​ចាប់ផ្តើម​យាម​សិលា​ហ្នឹង​មាន​កម្លាំង​ ១០ ​នាក់ ប៉ុន្តែ​យើង​មិន​អាច​យាមកាម​បាន​​ ២៤ ​ម៉ោង​ទេ អ៊ីចឹង​យើង​ចង់​ទុក​ឲ្យ​សារមន្ទីរ​ព្រោះ​វា​ជា​សម្បតិ្ត​ជាតិ​។ យើង​មាន​ការ​ពិបាក យើង​ខ្លាច​មាន​ជនខិលខូច​លួច​ទៅ​លក់​ឲ្យ​ថៃ​»​។

កាលពី​ជាង​ ២០ ​ឆ្នាំ​មុន​ប្រជាជន​មួយ​ក្រុម​បាន​កំពុង​ជីក​ស្រះ​។ ពេល​ដែល​កំពុង​ជីក គេ​ប្រទះ​នឹង​ថ្ម​នៅ​ក្រោម​ដី​ដែល​បន្លឺ​សំឡេង​ពេល​ដែល​ចប​ជីក​ប៉ះ​ជាមួយ​នឹង​ថ្ម ហើយ​ពេល​ដែល​គេ​ជីក​កាន់​តែ​ជ្រៅ​មក​ទៀត​ក៏​បាន​ប្រទះ​ឃើញ​ថ្ម​ជាច្រើន​បន្ទះ​រហូត​ទាល់​តែ​គេ​បាន​ឃើញ​បំណែក​ថ្ម​ពី​បុរាណ​ហើយ​ប្រជាពលរដ្ឋ​ក៏​បាន​យក​ថ្ម​ហ្នឹង​មក​គោរពបូជា​។

កាលពី​ខែ​មករា​ ឆ្នាំ​នេះ​ សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិសាស្ត្រ​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក វង្ស សុធារ៉ា បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​និង​សិលាចារឹក​។ ពេល​ដែល​លោក​ សុធារ៉ា មក​ដល់​លោក​បាន​មើលឃើញ​ថា​មាន​តែ​សិលាចារឹក​ចំនួន​ ២ ​បន្ទះ​ប៉ុណ្ណោះ​ដែល​អាច​សិក្សា​បាន​។ ក្រោយមក​ទៀត​មន្ត្រី​បាន​ចុះ​ទៅ​ពិនិត្យ និង​ប៉ុនប៉ង​យក​សិលាចារឹក​មក​សារមន្ទីរ​តែ​ត្រូវ​បាន​រារាំង​មិន​យល់​ព្រម​៕