ភ្នំពេញៈ ​គណៈមេធាវី​កម្ពុជា​ប្រកាស​បើក​ដំណើរការ​បំពេញ​ការងារ​ប្រចាំថ្ងៃ និង​ផ្តល់​សេវា​នានា​របស់ខ្លួន​ឡើងវិញ បន្ទាប់ពី​បាន​កាត់បន្ថយ​ការងារ​ប្រចាំថ្ងៃ ដោយ​រក្សាទុក​តែ​ការងារ​ជា​អាទិភាព​មួយចំនួន ដើម្បី​អនុវត្ត​​តាម​វិធានការ​រដ្ឋបាល​នានា​របស់​រដ្ឋាភិបាល​ក្នុង​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​។

សេចក្តី​ជូនដំណឹង​របស់​គណៈមេធាវី​កម្ពុជា​ចុះ​ថ្ងៃទី​ ១៨ ឧសភា បានឱ្យដឹងថា ការបើក​ដំណើរការ​ឡើង​វិញ​នេះ ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ជូនដំណឹង​តទៅ ជាមួយ​នឹង​ការបំពេញ​ការងារ​ប្រចាំថ្ងៃ និង​ផ្តល់​សេវា​នានា​របស់​គណៈមេធាវី​ជូន​ដល់​សមាជិក សមាជិកា​គណៈមេធាវី និង​សាធារណជន​ជា​ប្រក្រតី​ឡើងវិញ​។

គណៈមេធាវី​កម្ពុជា​បាន​បញ្ជាក់​ក្នុង​លិខិត​ថា​ «​បុគ្គលិក​សមាជិក សមាជិកា​គណៈមេធាវី និង​សាធារណជន​ដែល​មក​ទំនាក់ទំនង​ការងារ​នៅ​គណៈមេធាវី​​ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល​ដោយ​ត្រូវ​ពាក់​ម៉ាស់ វាស់កម្ដៅ ចូល​សម្លាប់​មេរោគ​ក្នុង​ម៉ាស៊ីន​សម្លាប់​មេរោគ លាងសម្អាត​ដៃ និង​រក្សា​គម្លាត​សង្គម​។

លោក លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដោយសារ​តែ​កន្លងមក ដើម្បី​គោរព​អនុវត្តតាម​វិធានការ​រដ្ឋបាល​នានា ជាពិសេស​វិធានការ​បិទខ្ទប់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​​កណ្តាល គណៈមេធាវី​កម្ពុជា​បាន​កាត់បន្ថយ​ការងារ​ប្រចាំ​​ថ្ងៃ​ដោយ​រក្សាទុក​តែ​ការងារ​ជា​អាទិភាព​មួយចំនួន និង​បាន​បង្កើត​ក្រុម​ប្រចាំការ​សម្រាប់​ដោះស្រាយ​ការងារ​ជា​អាទិភាព​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ការងារ​ប្រចាំថ្ងៃ​នានា​ក៏ដូចជា ការផ្តល់​សេវា​របស់​គណៈមេធាវី​ហ្នឹង គឺ​យើង​ធ្វើ​ធម្មតា​មកវិញ ដូចជា​មេធាវី​គាត់​ចង់​សុំ​វិញ្ញាបនបត្រ ការសុំ​ទទួលស្គាល់​ការបន្ត​ ឬ​ចង់​សុំឱ្យ​គណៈមេធាវី​ជួយ​អន្តរាគមន៍​ចំពោះ​ការបំពេញ​ការប្រកប​វិជ្ជាជីវៈ​នានា គឺ​យើង​នឹង​ចាប់ផ្តើម​ធ្វើឡើង​វិញ​»​។

លោក​បាន​បន្តថា​៖ «​ចំពោះ​ប្រជាពលរដ្ឋ​ដែល​គាត់​ត្រូវការ​សេវាកម្ម​មេធាវី​ការពារ​ជន​ក្រីក្រ​ ឬ​ត្រូវការ​ពិគ្រោះ​យោបល់​ផ្នែក​ផ្លូវច្បាប់​អីហ្នឹង​គឺ​យើង​ដំណើរការ​មក​ធម្មតា​វិញ ហើយ​មេធាវី​យើង​គឺ​ធ្វើ​ការចុះ​ស៊ើបអង្កេត និង​ចុះ​អធិការកិច្ច​អីហ្នឹង​គឺ​ដំណើរការ​ធម្មតា​មកវិញ​ទាំងអស់​»​។

បន្ថែម​ពីនេះ លោក លី ច័ន្ទតុលា បាន​អះអាងថា ដោយសារ​តែ​បញ្ហា​វិបត្តិ​កូវីដ​១៩ បាន​​ធ្វើឱ្យ​សកម្មភាព​ការងារ​មួយចំនួន​របស់​គណៈមេធាវី បាន​ប្រទះ​ការលំបាក ប៉ុន្តែ​គណៈមេធាវី​នៅតែ​ប្រកាន់​ជំហរ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បំពេញ​វិជ្ជាជីវៈ​នេះ ជូន​ដល់​ពលរដ្ឋ​ឱ្យ​បានល្អ​ផងដែរ​។

លោក​បាន​បន្ថែមថា​៖ «​យើង​បាន​ពង្រឹង​បែបបទ​នៃ​លក្ខខណ្ឌ​មួយចំនួន​ទាក់ទង​នឹង​ការចូល​ប្រកប​វិជ្ជាជីវៈ​មេធាវី ជាពិសេស​មាត្រា​ ៣២ ដែល​យើង​បាន​បន្ថែម​លក្ខខណ្ឌ​ដើម្បី​ឱ្យមាន​ការប្រឡង ធ្វើតេស្ត ផ្ទៀងផ្ទាត់​បន្ថែមទៀត​ដើម្បី​ពង្រឹង​បន្ថែម​សមត្ថភាព​អ្នកថ្មី​។ ​យើង​ក៏បាន​ពង្រឹង​របៀបរបប​ធ្វើ​ការងារ​ផ្ទៃក្នុង និង​ការផ្តល់​សេវា​មេធាវី​ឱ្យ​​បាន​ឆាប់រហ័ស​ផងដែរ​»​។

ក្នុង​ឆ្នាំ​ ២០២១ គិត​ត្រឹម​ថ្ងៃ​ ២០ ខែឧសភា​នេះ គណៈមេធាវី កម្ពុជា បាន​ជួយ​ការពារ​ក្តី​ដល់​ជនក្រីក្រ ដែល​មក​ពឹងពាក់​សេវា​ការពារ​ក្តី​បាន​ចំនួន ២ ១៣៦ ​ករណី ខណៈ​ក្នុង​ឆ្នាំ​នេះ​ដែរ គណៈមេធាវី​បាន​ទទួល​មេធាវី​ថ្មី​ចំនួន​ ៣១ ​រូប ដែល​នាំឱ្យ​គណៈមេធាវី​កម្ពុជា​មាន​សមាជិក​សរុប​ចំនួន ២ ៣៨២ ​រូប​។ នេះ​បើតាម​លោក លី ច័ន្ទតុលា​៕