ភ្នំពេញៈ គណៈរដ្ឋមន្ត្រី​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំ ២០២១ ដោយ​គ្រោង​ចំណាយ​ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជាង ៨ ០០០ លាន​ដុល្លារ ហើយ​គ្រោង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​កម្រិត ១ ៥០០ SDR ដើម្បី​ទប់ទល់​នឹង​ការចំណាយ​ដែល​ត្រូវបាន​ព្យាករ​ថា ចំណូល​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ​នោះ​មាន​ការធ្លាក់ចុះ​។

ការអនុម័ត​គម្រោង​ថវិកាជាតិ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតីភាព​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយនឹង​ត្រូវ​ដាក់ជូន​រដ្ឋសភា​ពិនិត្យ​ និង​អនុម័ត​មុន​នឹង​អាច​ចំណាយ​ថវិកា​ទាំងនេះ​នៅ​ឆ្នាំ​ ២០២១ ជា​ផ្លូវការ​។ សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​ ២៣ ខែតុលា​ ថា សម្រាប់​ឆ្នាំ​ ២០២១ រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ថ្នាក់ជាតិ​ប្រមាណ​ ៧,៥ ​ពាន់​លាន​ដុល្លារ ដែល​មាន​ការថយ​ចុះ ១,៩ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។

ចំណែក​ការចំណាយ​ថវិកា​ថ្នាក់ក្រោម​ជាតិ​មាន​ប្រមាណ​ ៦៣៤ ​លាន​ដុល្លារ ដែល​ថយចុះ​ ២២,៥ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០​។ សេចក្តីប្រកាស​ដដែល​បន្ត​ថា​ចំពោះ​ថវិកា​ដែល​រដ្ឋ​គ្រោង​ប្រមូលបាន​នៅ​ឆ្នាំ ២០២១ គឺ​នៅក្នុង​កម្រិត​ថ្នាក់ជាតិ​មាន​ប្រមាណ ៤ ៩០២ លាន​ដុល្លារ​ដែល​នឹង​មាន​ការថយចុះ​ ១៧, ៣ ភាគរយ ហើយ​ចំណូល​ថវិកា​ដែល​ប្រមូលបាន​ក្នុង​កម្រិត​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន ៣៧៣ លាន​ដុល្លារ​ដែល​ថយចុះ ១៧,៣ ​ភាគរយ​។

ចំពោះ​ការកំណត់​នៃ​ការខ្ចីប្រាក់​គណៈរដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល បាន​កំណត់​ទំហំ​នៃ​ការខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​ឆ្នាំ ២០២១ ក្នុង​កម្រិត ១ ៥០០ លាន​ SDR គឺ​កើនឡើង ១០០ លាន​ SDR ធៀប​នឹង​ឆ្នាំ​ ២០២០»​។

លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ថ្ងៃទី ២៤ តុលា ក្រោយ​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​នេះ​ថា គណៈរដ្ឋមន្ត្រី​បាន​គិតគូរ​យ៉ាង​ហ្មត់ចត់ ដើម្បី​អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២១​។

លោក​បន្តថា ច្បាប់​ថវិកា​នេះ​បាន​ពិនិត្យ​អំពី​ស្ថានភាព​នៃ​បញ្ហា​ដែល​កម្ពុជា​ត្រូវ​ប្រឈម​នាពេល​ខាង​មុខ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​ជីវភាព​របស់​ប្រជាជន​ក្រោយ​ទឹកជំនន់ និង​ដំណើរការ​ក្រោយ​វិបត្តិ​កូវីដ ១៩​។

លោក​បញ្ជាក់ថា​៖ «​ច្បាប់​ថវិកា​ឆ្នាំ​ ២០២១ ដែល​យើង​ប្រើប្រាស់ និង​ប្រសិទ្ធ​នាម​ថា ជា​ថវិកា​ប្រយុទ្ធ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​ព្រមទាំង​តម្រង់​ឆ្ពោះ​ទៅ​រក​ការស្ដារ​ឡើងវិញ​ក្រោយពេល​ជំងឺ​កូវីដ​ ១៩»​។

បន្ថែម​ពីនេះ​លោក​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ច្បាប់​ថវិកា​ឆ្នាំ​ ២០២១ ​នេះ​មាន​ចរិត​ពិសេស​របស់​វា​នៅត្រង់​ថា មិនមែន​គ្រាន់តែ​ជា​ថវិកា​ធម្មតា​នោះទេ គឺ​វា​មានន័យ​ក្នុង​ការដោះស្រាយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​សម្រាប់​ទទួលបាន​ការងារ​ធ្វើ​ និង​ប្រាក់ចំណូល​ជាពិសេស​តម្រង់​ឆ្ពោះ​ទៅ​រក​កសិករ​នៅ​ទីជនបទ​។

លោក​បន្ថែម​ថា​៖ «​ក្នុង​កិច្ចប្រជុំ ខ្ញុំ​បាន​ចង្អុល​ទិស​ថា ឱ្យ​ផ្ដោត​ការយកចិត្ត​ទុកដាក់​ទម្លាក់​សាច់​ប្រាក់​នេះ ទៅ​កាន់​តំបន់​ខេត្ត​នានា​ដែល​ទទួល​រងគ្រោះ​ដែល​យើង​ប៉ាន់ប្រមាណ​ថា ១៦០ ​លាន​ដុល្លារ​អាមេរិក​នេះ​ អាច​នឹង​ដោះស្រាយ​ការងារ​បាន​ចំនួន​ ១ ​លាន​កន្លែង ដើម្បី​ទទួល​យក​នូវ​ប្រាក់​នេះ​»​។

លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​អាទិត្យ​ថា កម្ពុជា​បាន​ប្រឈម​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់ ដែល​តម្រូវ​ឲ្យ​ការអនុម័ត​ថវិកា​ទាំងនេះ គឺ​ត្រូវ​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​ដំណើរការ​បាន​ល្អ​។

បន្ថែម​ពីនេះ​លោក​ថា​ ចំណូល និង​ចំណាយ គឺ​ត្រូវតែ​ធ្វើឡើង​ឲ្យ​មាន​សមតុល្យ​គ្នា ព្រោះ​បើ​មិន​ដូច្នេះ​ទេ​នឹង​ធ្វើឲ្យ​រដ្ឋាភិបាល​បង្តើន​ការខ្ចី​កម្ចី​ពី​បរទេស​កាន់តែ​ច្រើន​ថែមទៀត​។ ម្យ៉ាង​បើ​ចំណូល​តិច​ជាង​ការចំណាយ​នោះ​ក៏បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាពិសេស គឺ​ការអភិវឌ្ឍ​ប្រទេស​តែម្តង​។

លោក​រៀបរាប់​ថា​៖ «​ទំហំ​ជាង ៨ ០០០ ​លាន​ដុល្លារ​ហ្នឹង ​គឺជា​ចំនួន​មួយ​ដែល​ល្អ ជួយ​ជំរុញ និង​ទ្រទ្រង់​ចរន្ត​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​បាន​ខ្លះ ទោះ​មិនបាន​ទាំងស្រុង​ក្តី​។ តែ​ឆ្នាំ​ ២០២១ នេះ​បើ​យើង​គ្មាន​ថវិកា​ក៏​មិនអាច​ធ្វើ​អ្វី​តាម​ផែនការ​ដែរ​។ ដូច​នៅ​ឆ្នាំ ២០២០ យើង​គ្រោង​ចំណាយ​ជាង ៩ ០០០ លាន​ដុល្លារ​ តែ​យើង​ក៏បាន​កាត់​ការចំណាយ​ ៥០ ​ភាគរយ​ ព្រោះ​យើង​ប្រមូល​លុយ​បាន​តិច​ដែល​មិនអាច​ប្រើប្រាស់​លុយ​តាម​ផែនការ​នោះទេ​»​។

លោក ប៉ិច ពិសី លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​គួរ​រក្សា​ថវិកា​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ធានា​ដល់​សេដ្ឋកិច្ច​ជាតិ​ក្នុង​ពេល​ជួប​ហានិភ័យ​នាពេល​ខាងមុខ ជាពិសេស​គឺ​ការរក្សា​ឲ្យ​បាន​នូវ​ការចំណាយ​ថវិកា​ចរន្ត​រួមទាំង ថវិកា​សម្រាប់​មូលធន​ផងដែរ​។

រដ្ឋាភិបាល​បាន​អះអាង​ថា ខ្ទង់​ទឹក​ប្រាប់​ចំណាយ​ប្រមាណ​ជាង ៨ ០០០ លាន​ដុល្លារ​នេះ​ នឹង​ធានា​ដល់​ការបើកប្រាក់​បៀវត្សរ៍​ប្រាប់​បំណាច់​មុខងារ និង​ប្រាក់រង្វាន់​ផ្សេងៗ​ទៀត​ដល់​មន្ត្រី​រាជការ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ឲ្យ​បាន​ដូច​ឆ្នាំ​ ២០២០ ខណៈ​ដែល​ចំណាយ​មូលធន នៅតែ​មាន​ក្នុង​កម្រិត​មួយ​ដដែល​ដោយ​គ្រាន់តែ​មាន​ការថយចុះ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕

វីដេអូ៖