កំពង់ស្ពឺ: គណៈរដ្ឋមន្ត្រីបានស្នើទៅកាន់ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តកំពង់ស្ពឺពិនិត្យរកដំណោះស្រាយរៀបចំដីដោយស្របច្បាប់បែងចែកឱ្យប្រជាពលរដ្ឋចំនួន ៤១ គ្រួសារ ក្នុងនោះមានទាំងក្រុមគ្រួសារយោធិនផងដែរ ដីដែលត្រូវបែងចែកនោះមានទំហំ ២៦៤,៨១ ហិកតា ស្ថិតនៅភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។
សេចក្ដីស្នើនេះបានធ្វើឡើងក្រោយពីមេបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ស្នើសុំលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងស្នើសុំបន្តដល់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមលិខិតដែលភ្នំពេញប៉ុស្តិ៍ទើបតែទទួលបានកាលពីម្សិលមិញ។ លិខិតនោះរាជរដ្ឋាភិបាលសម្រេចជាគោលការណ៍ឱ្យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺចុះពិនិត្យដើម្បីដោះស្រាយ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានថ្លែងពីម្សិលមិញថា រាជរដ្ឋាភិបាលមានគោលនយោបាយដីធ្លីដោយការផ្ដល់ដីសម្បទានសង្គមកិច្ច ដើម្បីជួយដោះស្រាយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រដោយធ្វើឱ្យមានតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍ បើទោះបីជាមានការចោទប្រកាន់ពីភាពមិនប្រក្រតីក្នុងនយោបាយបែងចែកដីធ្លីក៏ដោយ ក៏អាជ្ញាធរត្រូវតែចាត់វិធានការតាមច្បាប់ជាធរមានដោយមិនអនុញ្ញាតឱ្យមានការចាប់ដីរដ្ឋអនាធិបតេយ្យទេ។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) បានឱ្យដឹងកាលពីម្សិលមិញថា មានក្រុមជនខិលខូចកំពុងរៀបចំផែនការស្នើសុំដីពីរដ្ឋ (ក្នុងតំបន់នោះ) យកដីទៅលក់ឱ្យអ្នកផ្សេង។
លោក ហ៊ាន ថ្លែងថា៖ «ខ្ញុំកំពុងបន្តស្រាវជ្រាវរកមេខ្លោងដែលជាអ្នករៀបចំផែនការភូតកុហករាជរដ្ឋាភិបាល»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានដឹងថា មុននឹងកាត់ឆ្វៀល ឬផ្ដល់សិទ្ធិប្រទានកម្មដីឱ្យបុគ្គលណាម្នាក់គឺមានការពិនិត្យច្បាស់លាស់ ជាពិសេសបញ្ជាក់ពីអត្តសញ្ញាណប្រជាពលរដ្ឋដែលទទួលដីក៏ដូចជាក្បាលដីដែលនឹងត្រូវផ្ដល់។ ការកាត់ឆ្វៀលដីនេះ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលដោយមានភាគីពាក់ព័ន្ធ៕