សៀមរាបៈ អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា​កំពុង​រៀបចំ​អនុវត្ដ​គម្រោង​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​នៅតាម​សាលារៀន​ក្នុង​ខេត្ដ​សៀមរាប ខណៈ​ជំហាន​ដំបូង​នេះ​មាន​សាលារៀន​ចំនួន ២០ នឹង​ត្រូវ​ជ្រើសរើស​ជា​កន្លែង​គ្មាន​​ប្លាស្ទិក​ដោយ​ប្រើប្រាស់​ដប​ទឹក​ជំនួស​វិញ​។

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​មាន​គម្រោង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​នៅតាម​សាលារៀន​តាមរយៈ​ការប្រើប្រាស់​ដប​ទឹក​ក្នុង​នោះ​ដប​ទឹក​ចំនួន ៤០០០ គ្រោង​នឹង​ចែកជូន​សិស្ស​ក្នុងការ​អនុវត្ត​គម្រោង​ជំហាន​ដំបូង​ក្នុង​ខេត្តសៀមរាប​នា​ចុងខែ​កុម្ភៈ​​ឆ្នាំ​ ២០២០ ខាងមុខ​។

លោក​ថ្លែងថា​៖ «​គម្រោង​នេះ​គ្រោង​អនុវត្ដ​ជាមួយ​សាលារៀន​ចំនួន ២០ ក្នុង​ខេត្ដ​សៀមរាប​ដែល​សាលា​ទាំងនេះ​ត្រូវបាន​កំណត់ថា ជា​សាលារៀន​ដែល​គ្មាន​ប្លាស្ទិក​ដោយ​បែរមក​​ឱ្យ​សិស្សានុសិស្ស​ប្រើប្រាស់​ដប​ទឹក​ជំនួស​ការប្រើប្រាស់​ថង់​ ឬ​ដប​ប្លាស្ទិក​នៅតាម​បណ្ដា​សាលារៀន​ទាំង​ ២០ ​នេះ​។ តាមរយៈ​គម្រោង​នេះ​នឹង​មាន​បង្រៀន​​សិស្ស​ពី​បរិស្ថាន​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ផលប៉ះពាល់​នៃ​ផលិតផល​ប្លាស្ទិក ជាពិសេស​ផលិតផល​ប្លាស្ទិក​ដែល​អាច​ប្រើប្រាស់​បានតែ​ម្ដង​ទៅលើ​បរិស្ថាន​ក្នុង​រយៈពេល​វែង​»​។

បើតាម​លោក ភក្ត្រា តាំងពី​ឆ្នាំ​ ២០១៨ ​មក​គឺ​អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​បាន​បណ្ដុះបណ្ដាល​ក៏ដូចជា​ផ្សព្វផ្សាយ​ទៅដល់​សិស្ស​មួយចំនួន​នៅតាម​សាលារៀន​ក្នុង​ខេត្ដ​សៀមរាប ហើយ​សិស្សានុសិស្ស​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ទាំងនោះ​ក៏​បាន​ប្ដេជ្ញា​ថា​ប្រើប្រាស់​ថង់​ជា​​ប្រភេទ​សាច់​ក្រណាត់​ក្នុង​ការទិញ​អីវ៉ាន់ ប្រអប់​ដាក់​បាយ និង​ដប​ទឹក​ដែល​អាច​លាង​ទុក​សម្រាប់​ប្រើប្រាស់​នៅពេល​ក្រោយ​បាន ។

លោក​បញ្ជាក់ថា តាមរយៈ​អនុក្រឹត្យ​ស្ដីពី​ការគ្រប់គ្រង​ថង់ប្លាស្ទិក​ដែល​បានដាក់​ឱ្យ​អនុវត្ដ​តាំងពី​ឆ្នាំ​ ២០១៧ មក​នោះ​ក៏​​មានការ​បញ្ចូល​តម្លៃ​ថង់​ប្លាស្ទិក​ក្នុង​ ១ ​ថង់​តម្លៃ​ ៤០០​ រៀល​បន្ថែម​ផងដែរ​។ ​យន្តការ​នេះ​បាន​ធ្វើឱ្យ​មាន​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក​តាម​ផ្សារ​ទំនើប​នៅ​កម្ពុជា​ដែល​តាម​តួលេខ​មាន​រហូត​ដល់​ ៣០ ​ភាគរយ ។

លោក រស់ សុវាចា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា បរិស្ថាន​សាលារៀន​ល្អ​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​លើ​ការលើកកម្ពស់​គុណភាព​រៀន និង​បង្រៀន​។

ក្រោម​កិច្ចសហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ក្រសួង​អប់រំ​បាន​បញ្ចូល​ខ្លឹមសារ​ស្ដីពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ប្លាស្ទិក​​ និង​ការងារ​បរិស្ថាន​ទូទៅ​ចូល​ក្នុង​កម្មវិធីសិក្សា និង​បញ្ជ្រាប​ខ្លឹមសារ​នេះ​ចាប់ពី​កម្រិត​មត្តេយ្យ​សិក្សា​ឡើងទៅ​។

លោក​ថ្លែងថា​៖ «​ក្រសួង​អប់រំ​កំពុង​បន្ត​អនុវត្ត​កម្មវិធីសិក្សា​ស្តីពី​បរិស្ថាន និង​លើកទឹកចិត្ត​សិស្សានុសិស្ស​គ្រប់​កម្រិត​សិក្សា​ឱ្យ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា ការពារ​បរិស្ថាន​សាលារៀន និង​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក​។ ក្រសួង​អប់រំ​ក៏​បាន និង​បន្ត​រៀបចំ​ចលនា​ប្រឡងប្រណាំង​សាលារៀន​ស្អាត​ដើម្បី​លើកកម្ពស់​បរិស្ថាន​តាម​សាលារៀន​»​។

លោក​បន្ថែមថា ក្រសួង​អប់រំ​បាន និង​កំពុង​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​សុខភាព​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ​គ្រប់​កម្រិត​ថ្នាក់​។ ក្នុងន័យ​នេះ​ក្រសួង​អប់រំ​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​តាមដាន​ពី​​ស្ថានភាព​បរិស្ថាន និង​ផលប៉ះពាល់​ជាប្រចាំ​តាមរយៈ​យន្តការ​ដែលមាន​ស្រាប់​នៅ​តាម​កម្រិត​សាលារៀន​។ ជាមួយ​នេះ​ក្រសួង​ក៏បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​វិជ្ជមាន​ពី​សំណាក់​សង្គម​ស៊ីវិល និង​គ្រប់ភាគី​ពាក់ព័ន្ធ​ផងដែរ​។

លោក Aviv Palti ស្ថាបនិក​អង្គការ​ជំនឿ​លើ​សិស្ស​ជនបទ​កម្ពុជា​ (Cambodia Rural Students Trust) ថ្លែង​ថា តាមរយៈ​គម្រោង​នេះ អង្គការ​លោក​មានបំណង​បញ្ជ្រាប​ចំណេះដឹង និង​ការអប់រំ​អំពី​បរិស្ថាន​ដល់​សិស្សានុសិស្ស​នៅតាម​សាលារៀន​ក្នុង​ខេត្ដ​សៀមរាប​។

លោក​ថ្លែងថា​៖ «​ក្នុង​ជំហាន​ដំបូង​នេះ​យើង​នឹង​ជ្រើសរើស​យក​សាលារៀន​ចំនួន ២០ ក្នុង​ការ​ចាប់ផ្ដើម​អនុវត្ត​គម្រោង​រយៈពេល​ ៤ ​ខែ​ចាប់ពី​ខែកុម្ភៈ​ខាងមុខ​នេះ​តទៅ​។ តាមរយៈ​គម្រោង​នេះ យើង​នឹង​បណ្ដុះបណ្ដាល​សិស្ស​ឲ្យ​ស្វែងយល់​ពី​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក និង​ពន្យល់​ពួកគេ​ក្នុង​ការប្រមូលផ្ដុំ​ប្លាស្ទិក​ផងដែរ​»​។

លោក​បាន​បញ្ជាក់ថា គោលដៅ​របស់​អង្គការ​ជំនឿ​លើ​សិស្ស​​ជនបទ​កម្ពុជា​នឹង​អនុវត្ដ​គម្រោង​​នេះ​ឱ្យបាន​គ្រប់​សាលា​ទាំងអស់​ទូទាំង​ខេត្ដ​សៀមរាប​៕