
ត្រាក់ទ័រសម្រាប់ឈូសឆាយដីព្រៃ នៅទីតាំងសម្រាប់អភិរក្សកាបូន នៃគម្រោង REDD+ ក្នុងខេត្តឧត្តរមានជ័យ។ រូបថត សហការី
ឧត្តរមានជ័យៈ ការអះអាងដែលថា មានកងយោធាពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើជាប្រព័ន្ធនៅក្នុងខេត្ត ឧត្តរមានជ័យ នៅក្នុងតំបន់ដែលត្រូវបានការពារដោយគម្រោងឥណទាន កាបូន ដែលទាក់ទងនឹងក្រុមហ៊ុន អាកាសចរណ៍ Virgin Atlantic ដែលមានមូលដ្ឋាននៅចក្រភព អង់គ្លេសនោះ បានជំរុញឱ្យក្រុមហ៊ុននេះ ចាប់ផ្តើមធ្វើការស៊ើបអង្កេតលើកម្មវិធីមួយនេះ។
ក្រុមហ៊ុន Virgin Atlantic បានប្រើឥណទានកាបូនពីគម្រោង REDD+ ដែលគាំទ្រដោយអង្គការ សហប្រជាជាតិ នៅក្នុងខេត្តឧត្តរមានជ័យដើម្បីជួយកាត់បន្ថយការបំភាយឧស្ម័ន ពីការហោះហើររបស់ខ្លួន។
បើយោងតាមអ្នកជំនាញអភិរក្ស លោក Suwanna Gauntlett បានថ្លែងថា គម្រោងឥណទានកាបូន នៅខេត្តឧត្តរមានជ័យ គឺជាគម្រោង រេដបូក REDD + ដំបូងគេនៅក្នុងប្រទេស កម្ពុជា ហើយវាមានបញ្ហាជាច្រើនកើតឡើង ចាប់តាំងពីបានចាប់ផ្តើមក្នុងឆ្នាំ ២០០៨។ ប៉ុន្តែការអះអាងចុងក្រោយបំផុតនៃបញ្ហាដែលរីករាលដាល ត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងរបាយការណ៍មួយ កាលពីខែមុន ដោយអង្គការបរិស្ថានមួយ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
អង្គការបរិស្ថាន Fern បានប្រើគម្រោងនេះសម្រាប់ការសិក្សា។
ការសិក្សាបានរកឃើញថា ការកាប់បំផ្លាញព្រៃឈើ នៅតែបានកើតឡើងនៅក្នុងតំបន់នោះ ចាប់តាំងពីគម្រោងនេះ បានចាប់ផ្តើមពីដំបូងមកម្ល៉េះ ខណៈដែលអ្នកភូមិពួកគាត់មិនបានទទួលប្រាក់សម្រាប់ការដើរល្បាតព្រៃនោះទេ។
លោកស្រី Anna M Catchpole អ្នកនាំពាក្យក្រុមហ៊ុន Virgin Atlantic បានឱ្យដឹង កាលពីថ្ងៃទី ២៤ ខែ ធ្នូ ថា ក្រុមហ៊ុនអាកាសចរណ៍នេះ បានប្តេជ្ញាចិត្តថា នឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន ដោយធ្វើការវិនិយោគលើបច្ចេកវិទ្យានិងយន្តហោះថ្មីៗ ដូចជាគម្រោងឥណទាន កាបូន នៅឧត្តរមានជ័យ ដែលផ្តល់តាមរយៈក្រុមហ៊ុនទូទាត់កាបូន Natural Capital Partners ជាដើម។
លោកស្រី Catchpole ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«អតិថិជនរបស់ក្រុមហ៊ុនអាកាសចរណ៍ Virgin មានជម្រើសក្នុងការទិញឥណទាននេះ ហើយប្រាក់នឹងត្រូវធ្លាក់ទៅដល់ការងារអភិរក្ស នៅក្នុងតំបន់នោះ ដើម្បីជួយផ្តល់ហិរញ្ញប្បទាន ដល់គម្រោងអភិរក្សធនធានធម្មជាតិ និងថាមពល ហើយយើងបានទាក់ទងអង្គការ Natural Capital Partners ដើម្បីធ្វើការស៊ើបអង្កេតលើការអះអាងដែលធ្វើឡើងដោយអង្គការ Fern នេះ។
លោកស្រី Catchpole មិនបានឆ្លើយតប ទៅនឹងសំណួរជាក់លាក់ ដែលពាក់ព័ន្ធនឹងការចូលរួមរបស់ក្រុមហ៊ុនអាកាសចរ Virgin Atlantic ជាមួយគម្រោង REDD + នៅខេត្តឧត្តរមានជ័យ ឬអំពីការស៊ើបអង្កេតនោះទេ។
ចំណែកអង្គការ Natural Capital Partners ក៏មិនបានឆ្លើយតប ទៅនឹងសំណើម្តងហើយម្តងទៀត ដើម្បីសុំឲ្យផ្តល់យោបល់ ចំពោះការស៊ើបអង្កេតរបស់ខ្លួននោះដែរ។
ការសិក្សានេះ បានរកឃើញថា ទីតាំងសរុបទាំងអស់ចំនួន ១៣ គឺគ្របដណ្តប់លើផ្ទៃដីជិត ៦៥០០០ ហិកតា។ គម្រោងនៅខេត្ត ឧត្តរមានជ័យ នេះ គឺមិនដំណើរការទេ។ សរុបទាំងអស់មាន ៥៨ ភូមិ ដែលត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចការពារតំបន់នោះ។
លោក កែវ អូម៉ាលីស អនុប្រធានរដ្ឋបាលព្រៃឈើ បានទទួលស្គាល់អំពី «បញ្ហាទាក់ទងទៅនឹងលំហូរហិរញ្ញវត្ថុដល់សហគមន៍» ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយលោកមិនបានផ្តល់ការអត្ថាធិប្បាយបន្ថែមទៀត ស្តីពីការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់នោះទេ ដូចអភិបាលខេត្តព្រះវិហារ លោក ស ថាវី និងរដ្ឋបាលព្រៃឈើខេត្តដែរ។
ការសិក្សានេះ បានរកឃើញថា នៅតំបន់ការពារជាច្រើន ត្រូវបានគេសន្មតថា៖ «ព្រៃឈើជាងពាក់កណ្តាល...ត្រូវបានបាត់បង់»។
ការសិក្សានោះបញ្ជាក់ថា៖ «កម្មវិធី REDD+ មិនមានអំណាច ដើម្បីបញ្ឈប់ដំណើរការទាំងនោះបានទេ។ ឧទាហរណ៍ភ័ស្តុតាងមើលឃើញផ្ទាល់ភ្នែកនិងរូបថតជាច្រើន ដែលបានបង្ហាញសកម្មភាពកងយោធាកំពុងឈូសឆាយដីព្រៃនៅក្នុងតំបន់នៃគម្រោងនោះ ក៏ប៉ុន្តែគេមិនអាចធ្វើអ្វីបានទេ»។
យោងតាមរបាយការណ៍ បានឲ្យដឹងថា មានសាក្សីម្នាក់ ក្នុងចំណោមសាក្សីជាច្រើននាក់ផ្សេងទៀតដែលជាអ្នកភូមិមានភារកិច្ចការពារព្រៃឈើនោះ បានប្រាប់ក្រុមអ្នកស្រាវជ្រាវថា៖ «តំបន់ដែលពួកគាត់ដើរល្បាត គឺនៅជិតកន្លែងដែលកងយោធាកំពុងឈូសឆាយព្រៃ។ មន្ត្រីទាំងនោះ ចូលមកជាមួយនឹងការអនុម័តយល់ព្រមពីរដ្ឋាភិបាល ដើម្បីបញ្ឈប់គម្រោង REDD+ ដែលវាបានបង្ហាញអំពីស្ថានការណ៍ទាំងមូលនៃតំបន់នោះ»។
ផលប៉ះពាល់អវិជ្ជមាន លើគម្រោងនេះ ត្រូវបានគេរាយការណ៍ស្ទើរគ្រប់ទីកន្លែង លើកលែងតែតំបន់មួយ ដែលគ្រប់គ្រងដោយព្រះសង្ឃដែលទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុខ្ពស់។
របាយការណ៍បញ្ជាក់ថា៖ «ព្រៃសហគមន៍របស់ព្រះសង្ឃត្រូវបានគ្រប់គ្រងដោយព្រះសង្ឃ ដែលមានទំនាក់ទំនង ជិតស្និទ្ធជាមួយអភិបាលខេត្ត និងអាជ្ញាធរព្រៃឈើ»។
ថ្វីបើមានការអះអាងថា អ្នកភូមិទទួលបានប្រាក់ឈ្នួលសម្រាប់ការដើរល្បាត នៅតាមតំបន់នៃគម្រោងនោះក្តី ក៏ក្រុមអ្នកស្រាវជ្រាវមិនបានរកឃើញនរណាម្នាក់ នៅថ្នាក់ភូមិ ដែលត្រូវបានគេជួលដោយគម្រោង REDD+ នេះដែរ។
អ្នកស៊ើបអង្កេតម្នាក់ បានថ្លែងនៅក្នុងរបាយការណ៍នោះថា៖ «មានពាក្យបណ្តឹងជាច្រើន អំពីការទទួលបានប្រាក់ត្រឹមតែ ៥០ ដុល្លារ សម្រាប់ភូមិទាំងមូល ដើម្បីធ្វើសកម្មភាពល្បាតព្រៃឈើច្រើនឆ្នាំ។ នៅពេលដែលខ្ញុំប្រាប់អ្នកភូមិថា តាមពិតពួកគេត្រូវទទួលបានប្រាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការដើរល្បាត ពេលនោះ ពួកគាត់បង្ហាញការភ្ញាក់ផ្អើល និងខឹងសម្បាយ៉ាងខ្លាំងរហូតដល់យំ»។
បើយោងតាមរបាយការណ៍ បានឲ្យដឹងថា នៅកន្លែងដាច់ដោយឡែកមួយផ្សេងទៀត នៃគម្រោងនេះ អ្នកភូមិត្រូវបានគេបង្ខំឲ្យសូកសំណូកទៅគណៈកម្មាធិការព្រៃសហគមន៍ ឬក៏ទាហាន ដើម្បីបានគេអនុញ្ញាតឱ្យចូលទៅក្នុងព្រៃ ដើម្បីប្រមូលផលព្រៃឈើតូចតាចដែលមិនមែនជាឈើធំៗ។
លោក Gauntlett នាយកប្រតិបត្តិអង្គការ Wildlife Alliance បានមានប្រសាសន៍ថា គម្រោងនៅខេត្តឧត្តរមានជ័យ គឺជាកម្មវិធី REDD+ ដំបូងបំផុតរបស់កម្ពុជា ហើយប្រហែលជាគម្រោងដែលពិបាកបំផុត ដោយយោងទៅលើផែនការមិនល្អ កង្វះការគាំទ្រពីដៃគូនានា និងការប្រមូលផ្តុំកងយោធានៅក្នុងតំបន់នោះ។ វាត្រូវបានអនុម័តដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅខែឧសភា ឆ្នាំ ២០០៨ ដោយយោងទៅតាមឯកសារមួយស្តីពីទិន្នន័យ REDD + នៅពេលដែលអ្នកតាំងលំនៅជាច្រើន នៅក្នុងតំបន់នោះគឺជាទាហាន។
លោកស្រីបន្ថែមថា៖ «វាបានក្លាយជារឿងមួយដ៏លំបាក ក្នុងការការពារព្រៃឈើ។ ពួកគេបានកាប់បំផ្លាញព្រៃឈើ យ៉ាងច្រើន»។
ជាលទ្ធផលលោកមិនមានការភ្ញាក់ផ្អើលនោះទេ នៅពេលបានឮអំពីការអះអាងដែលបានលើកឡើង នៅក្នុងរបាយការណ៍នោះ។
លោកថ្លែងថា៖ «ប៉ុន្តែវាផ្ទុយទៅនឹងគោលដៅនៃសកម្មភាពរបស់គម្រោង [REDD +] នេះ ដែលត្រូវបានគេគិតថា ដើម្បីកែលម្អជីវភាពរស់នៅរបស់អ្នកភូមិ និងដើម្បីជួយការពារព្រៃឈើនោះ»។ លោកបន្ថែមថា គម្រោងនេះហាក់ដូចជាមានកំហុសតាំងពីដំបូងដោយដៃគូរបស់រដ្ឋាភិបាលហាក់ធូររលុងនឹងគ្មានលទ្ធផល។
យោងតាមឯកសារស្តីពីគម្រោងនេះ បញ្ជាក់ថា ដៃគូទាំងនោះ រួមមានទាំងអ្នកភូមិក្នុងមូលដ្ឋាន រដ្ឋបាលព្រៃឈើ អង្គការ Pact ក្រុមហ៊ុន Terra Global Capital និងសហគមន៍ព្រៃឈើអន្តរជាតិ ជាដើម។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Daimen Hardie មន្ត្រីនៅសហគមន៍ព្រៃឈើអន្តរជាតិ កាលពីសប្តាហ៍មុន បានអះអាងថា អង្គការរបស់លោក មិនធ្លាប់ចូលរួមក្នុងគម្រោង REDD + នៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែបើយោងតាមលោក អូម៉ាលីស បានឲ្យដឹងថា ក្រុមហ៊ុន Terra Global Capital ដែលមានមូលដ្ឋាននៅទីក្រុង សានហ្វ្រានស៊ីស្កូ នៅតែជាដៃគូដដែល។
លោក Suwanna បានថ្លែងថា ត្រូវឱ្យមានភាគីទី ៣ ចូលរួម ដូចជាអង្គការក្រៅរដ្ឋាភិបាលជាដើម ដើម្បីជួយដល់គម្រោងនេះ ដើម្បីឲ្យអាចចេញជាលទ្ធផលល្អបាន។
លោកបន្តថា៖ «បើចង់ឲ្យបានគម្រោង REDD ល្អ ត្រូវតែមានការការពារនៅកន្លែងនោះផ្ទាល់»។
អ្នកអភិរក្សឯករាជ្យលោក Marcus Hardtke បានថ្លែងថា នៅពេលដែលគម្រោងនេះ ចាប់ផ្តើមដំបូងវាហាក់បាន «គូសបញ្ជាក់អំពីកិច្ចការជាច្រើន និងបានបង្ហាញជាសេណារីយោឈ្នះឈ្នះ»។
លោកបានថ្លែងតាមរយៈអ៊ីមែលថា៖ «តាមពិតគម្រោងនេះនៅមានប៉ុន្តែវាហាក់មិនមានដំណើរការទេ។ វាមានតែនៅលើក្រដាសសរលោងតែប៉ុណ្ណោះ និងសំណើសុំផ្តល់មូលនិធិដែលបានសរសេរឡើង ដោយអ្នកពិគ្រោះយោបល់ ដើម្បីលក់គម្រោងឥណទានកាបូន។ ឥទិ្ធពលទៅដល់តំបន់នោះ ហាក់ស្ទើរតែគ្មានសោះ»។
យោងតាមឯកសារ ស្តីពីគម្រោងនេះ បានឲ្យដឹងថា គិតត្រឹមខែ កុម្ភៈ ឆ្នាំ ២០១៦ គម្រោងនេះ បានចេញប័ណ្ណឥណទាន កាបូន ចំនួន ៤៨ ០០០។
លោក Hardtke បានចោទប្រកាន់ថា វាជា «គម្រោងរកលុយ» សម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលលក់ឥណទាន និងសម្រាប់ «មន្ត្រីទំនាក់ទំនងសាធារណៈ»។
លោក Hardtke បានមានប្រសាសន៍ថា៖ «ឧទាហរណ៍នេះ បានបង្ហាញឲ្យយើងដឹងថា ការពិតគឺមិនទាក់ទងនោះទេ នៅពេលនិយាយដល់ការធ្វើសាជីវកម្មឥណទានកាបូនជាលក្ខណៈអន្តរជាតិ»៕NS