ភ្នំពេញៈ ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី បាន​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​​សំខាន់ៗ​ ២ ​សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​មួយ​ និង​គម្រោង​វិនិយោគ​​​ស្ថានីយ​ផលិត​អគ្គិស​នី​ដើរ​ដោយ​ពន្លឺ​ព្រះ​អាទិត្យ​ចំនួន​ ៤ មាន​ថាម​ពល​សរុប​ ១៤០ ​មេហ្គាវ៉ាត់។​

​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​បង្ហាញ​លទ្ធផល​​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​​គណៈ​រដ្ឋ​មន្ត្រី ​ដែល​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​សុក្រ។ ​កិច្ច​ប្រជុំ​បាន​​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​កិច្ច​ការ​ពារ​អ្នក​​​ប្រើ​ប្រាស់ ​សេច​ក្តី​ព្រាង​ច្បាប់​ស្ដី​ពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ​(​អន​ឡាញ​)​ សេច​ក្តី​ព្រាង​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពី​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ ​ឆ្នាំ​ ២០១៩​​-២០២៥​ ​និង​គម្រោង​វិនិយោគ​សាង​សង់​ស្ថានីយអគ្គិស​នី​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​បន្ថែម​ ៤​ គម្រោង​ ដែល​មាន​អានុ​ភាព​សរុប​ ១៤០​ មេហ្គាវ៉ាត់។​

​ពាក់​ព័ន្ធ​នឹង​​សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​កិច្ច​ការ​ពារ​អ្ន​ក​ប្រើ​ប្រាស់​ ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យដឹង​​ថា​ ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភ​ព​លោក​ ដែល​ក្នុង​នោះ​មាន​ប្រទេស​ ៩​ ​ក្នុង​សមា​គមន៍​​អាស៊ាន​មាន​ច្បាប់​នេះ​​ពួក​គេ​កំពុង​អនុ​វត្ត​ច្បាប់​​ស្ដី​ពី​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ លើក​លែង​តែ​កម្ពុជា។​

​សេច​ក្តី​ព្រាង​ច្បាប់​នេះ​បញ្ជាក់​​ពី​គោល​បំណង​ថា ​ច្បាប់​នេះ​នឹង​ «កា​រពារ​ផល​ប្រយោ​ជ​ន៍​អ្នក​ប្រើ​ប្រាស់​ពី​ការ​អនុ​វត្ត​មិន​សុច​រិត​របស់​ពាណិជ្ជ​ករ​ក្នុង​សកម្ម​ភាព​ពាណិជ្ជ​កម្ម​ ការពារ​សិទ្ធិ​ និង​ផល​ប្រ​យោជ​ន៍​របស់​អ្នក​ប្រើ​ប្រាស់​ គាំ​ទ្រ​ទីផ្សារ​ឲ្យ​មាន​កា​រប្រកួត​ប្រជែង​ទាំង​តម្លៃ​ និង​គុណ​ភាព​សេវា​ និង​ទំ​និញ​»​។​ ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​មាន​ ១១ ​ជំពូក​ ​និង​ ៥១​ មាត្រា។​

​លោក​ ផៃ​ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិ​បាល​បាន​ថ្លែង​ថា​ ជា​គោល​ការណ៍​ធនា​គារ​ផ្ដល់​ហិរញ្ញ​វត្ថុ​ដល់​ពល​រដ្ឋ​ខ្ចី​ដើម្បី​រស់​ក្នុង​បរិបទ​ក្នុង​ទី​ផ្សារ​សេរី​ ដើម្បី​ឲ្យ​​ពួកគេ​មាន​លុយ​ប្រើប្រាស់។​

​លោក​ថ្លែង​ថា​៖​ ​«​យើង​ឃើញ​សេវា​ច្រើន​​រួម​មាន​ប្រាក់​កម្ចី​ទៅ​ទិញ​ផ្ទះ​ កម្ចី​ទៅ​រៀន​សូត្រ​ កម្ចី​ធ្វើ​អ្វីផ្សេងៗ​ ​ប្រាក់​កម្ចី​នេះ​ជា​ទំ​និញ​ហិរញ្ញ​វត្ថុ​របស់​ធនាគារ។​ ​ធនា​គារ​ត្រូវ​សរសេរ​គោល​ការណ៍​ខ្លួន​ឯង​មួយ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជា​ពល​រដ្ឋ​ មិន​មែន​គ្រាន់​តែ​ជា​ម្ចាស់​លុយ​ យក​ពលរដ្ឋ​ជា​ខ្ញុំ​ទេ»​។​

​លោក​បន្ថែម​ថា ​ច្បាប់​​នេះ​ក៏​បញ្ជាក់​ពីការ​​ចូល​រួម​របស់​ធនា​គារ ​និង​រដ្ឋាភិ​បាល​ក្នុង​ការ​​គ្រប់​គ្រង​លើ​អត្រា​ការ​ប្រាក់​កម្ចី​ និង​ប្រាក់​សន្សំ​ជា​ដើម។

ដោយ​ឡែក​ សេចក្តី​ព្រាង​ច្បាប់​ស្ដី​ពី​ពាណិជ្ជ​កម្ម​តាមអន​ឡាញ ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​ផ្ដល់​វិធាន​ជា​មូល​ដ្ឋាន​ដ៏​សំខាន់​ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​តាម​អន​ឡាញ​ក្នុង ​និង​ក្រៅ​ប្រទេស​ប្រកប​ដោយ​ទំនុក​ចិត្ត។​ ច្បាប់​នេះ​នឹង​​រួម​បញ្ជូល​នូវ​ការ​ទទួល​ស្គាល់​សុពល​ភាព​ អានុភាព​ ភាព​អាច​អនុ​វត្ត​បាន​ និង​ភាព​អាច​ទទួល​យក​បាន​នៃ​ប្រព័ន្ធ​អេឡិច​ត្រូនិក​ កំណត់​ត្រា​អេឡិច​ត្រូនិក​ ​និង​កិច្ច​សន្យា​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក ​យ​ថា​ភូត​ភាព​ ​(ភាព​ត្រឹម​ត្រូវ​)​ នៃ​កំណត់​​ត្រា​អេឡិច​ត្រូនិក ហត្ថ​លេខា​អេឡិច​ត្រូ​និក​ដែល​កំណត់​ដោយ​ស្ថាប័ន​រដ្ឋ។​ ​

សេច​ក្តី​ប្រកាស​ព័ត៌​មាន​សរសេរ​ថា៖​ «​សេច​ក្តី​ព្រាង​ច្បាប់​នេះ​មាន​គោល​បំណង​លើក​កម្ពស់​កិច្ច​ការ​ពារ​អ្នក​ប្រើ​ប្រាស់​ និង​ទទួល​បាន​ព័ត៌​មាន​ច្បាស់​លាស់​​ និង​គ្រប់​គ្រាន់​​អំពី​ទំនិញ​ ឬ​សេវា​ដាក់​លក់​តាម​ប្រព័ន្ធ​អេឡិច​ត្រូ​និក​ ព្រម​ទាំង​ជួយ​រារាំង​ការ​ប្រព្រឹត្ត​អំពើ​ទាំង​ឡាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​ទំនុក​ចិត្ត»។​

​សេច​ក្តី​ព្រាង​ច្បាប់​នេះ​មាន​ ១២ ​ជំពូក​​ និង​ ៦៧ ​មាត្រា​។​ លោក​ ផៃ​ ស៊ីផាន​ បញ្ជាក់​ថា​ ការ​រក​ស៊ី​តាម​ប្រព័ន្ធ​អន​ឡាញ​​ក៏​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ ដូច​ជា​ការ​លក់​ផលិត​ផល​តាម​ហ្វេស​ប៊ុក​ជា​ដើម។​ លោក​បញ្ជាក់​ថា​ ច្បាប់​នេះ​ស្ថិត​នៅ​ក្នុង​​ក្រប​ខ័ណ្ឌ​នៃ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ និង​ពន្ធដារ។​

​ពាក់​ព័ន្ធ​នឹង​សេច​ក្តី​​ព្រាង​យុទ្ធ​សាស្ត្រ​ជាតិ​ស្ដី​ពី​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ ឆ្នាំ ​២០១៩​-២០២៥​ ទីស្ដី​កា​រ​ថ្លែង​ថា ​យុទ្ធ​សាស្ត្រ​នេះ​មាន​គោល​ដៅ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ដែល​មាន​គុណ​ភាព​ កាត់​បន្ថយ​អត្រា​ស្ត្រី​ដែល​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញ​វត្ថុ​ឲ្យ​បាន​ពាក់​កណ្ដាល​ ​ពី​ ២៧​% ​មក​នៅ​ ១៣​%​ និង​ពង្រឹង​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ផ្លូវ​ការ​ពី​ ៥៩%​ ទៅ​ ៧០%។​ ​បើ​តាម​ការ​ប្រកាស​ព័ត៌​មាន​ដដែល ​សកម្ម​ភាព​ចំនួន ១១៥​ ​នឹង​ត្រូវ​អនុវត្ត​ដើម្បី​សម្រេច​គោល​ដៅ​គម្រោង​នេះ​ ​ដែល​បែង​ចែក​ជា​ ៧​ ជំពូក។​

ដោយ​ឡែក​​ការ​សាង​សង់​ស្ថានីយផលិត​ថាម​ពល​អគ្គិស​នី​ដើរ​ដោយ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​វិញ នឹង​ត្រូវ​សាង​សង់​នៅ​ខេត្ត​ពោធិ៍សាត់ ​បាត់​ដំបង​ ​បន្ទាយ​មាន​ជ័យ ​និង​ស្វាយ​រៀង​ ដែល​គម្រោង​ទាំង​ ៤ ​អាច​ផលិត​ថា​ម​ពល​បាន​ ១៤០​ មេហ្គាវ៉ាត់។​

សេច​ក្តី​ប្រកាស​ព័ត៌​មាន​បាន​បញ្ជាក់​ថា​ ស្ថិរ​ភាព​នយោ​បាយ​នៅ​កម្ពុជា​ជំរុ​ញ​ឲ្យ​មាន​ការ​វិនិ​យោគ​កើន​ឡើង​លើ​គ្រប់​វិស័យ ​និង​ស្ថានភាព​ល្អ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨​ ធ្វើ​ឲ្យ​មាន​សកម្ម​ភាព​វិនិ​យោគ​លើ​សំណង់​កើន​ឡើង​យ៉ាង​គំហុក​លើស​ពេល​មុនៗ​ ដែល​ប៉ះពាល់​ដល់​កា​រប្រើ​ប្រាស់​អគ្គិសនី​ក្នុង​ឆ្នាំ ២០១៩។​

លោ​ក​ ​ឡៅ ​ម៉ុង​ហៃ​ អ្នក​វិភាគ​នយោបាយ​​ថា​ លោក​មិន​អាច​អត្ថា​ធិប្បាយ​លើ​ច្បាប់​ទាំង​នេះ​បាន​ទេ ​ដរាប​ណា​លោក​មិន​បាន​អាន​ខ្លឹម​សារ​នៃ​ច្បាប់​ទាំង​នេះ៕​