ភ្នំពេញៈ គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​អភិវឌ្ឍ​ផ្លូវដែក​ប្រវែង​ជិត ១៩ គីឡូម៉ែត្រ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ចំនួន ៦ ក្នុង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​នេះ ដោយ​រំពឹង​ថា គម្រោង​អភិវឌ្ឍន៍​នេះ នឹង​ចូលរួម​ចំណែក​អភិវឌ្ឍ​ទំនើបកម្ម​ទីក្រុង និង​ការ​កាត់​បន្ថយការកកស្ទះ​នៅ​ក្នុង​​រាជធានី​ភ្នំពេញ។

ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រសួង​បរិស្ថាន​បាន​ផ្សាយ​ថា​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា ​លោក​សូ ខន​ឫ​ទ្ធី​គុណ ​រដ្ឋលេខា​ធិការ​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រ​ជុំ​អន្តរក្រសួង​ស្ដីពី​ការ​ពិនិត្យ​ និង​ផ្ដល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញ​លេញ​ ​(ESIA)​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ដែក​ប្រវែង​ជិត​ ១៩ ​គីឡូម៉ែត្រ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

​ក្នុង​កិច្ចប្រជុំ​នោះ​បាន​សម្រេច​​​ឱ្យ​ក្រុមហ៊ុន ​នី​ប៉ុង កូ​អេ ខូ​អិ​ល​ធី​ឌី ​ដែលជា​ក្រុមហ៊ុន​សិក្សា​គម្រោង​ ត្រូវ​ផ្ដល់​ព័ត៌មាន​បន្ថែម​ពី​ប្រភេទ​រថភ្លើង​ និង​ត្រូវ​បញ្ជាក់​ទីតាំង​ការដ្ឋាន​ និង​ការគ្រប់គ្រង​សំណល់​រឹង​រាវ ​និង​បានសម្រេច​ឱ្យ​ក្រុមហ៊ុន ​ទីប្រឹក្សា​ PPIC Co.,Ltd ត្រូវ​សហការ​ជាមួយ​ម្ចាស់​គម្រោង ​ធ្វើការ​កែសម្រួល​ដើម្បី​បំពេញ​បន្ថែមទៅ​ក្នុង​របាយការណ៍​ ESIA នូវ​រាល់​មតិ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ។

កិច្ចប្រជុំ​ស្ដីពី​គម្រោង​អភិវឌ្ឍន៍​​ផ្លូវ​ដែក​នេះ ​ក្រៅពី​មាន​ការ​ចូល​រួម​ពី​មន្ត្រី​តំណាង​ក្រសួង​ស្ថា​ប័​ន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទាំង ២ ​ក្នុង​នោះ​ក៏មាន​មន្ត្រី​សាលារាជធានី​ភ្នំពេញ ​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ផងដែរ។

បើតាម​ទំព័រ​ហ្វេស​ប៊ុក​ក្រសួង​បរិស្ថាន​បញ្ជាក់ថា​ ផ្លូវ​ដែក​នេះ នឹង​ត្រូវ​ស្ថាបនា​នៅតាម​បណ្ដោយ​មហាវិថី​ហ្សា​លដឺហ្គោល ​មហា​វិថី​សម្ដេច​ មុនីរ៉េត ​កំណាត់​មហាវិថី​សហព័ន្ធ​រុស្ស៊ី ​ផ្លូវ​វេងស្រេង​ កំណត់​ផ្លូវជាតិ​លេខ ៤ និង​កំណាត់​ផ្លូវ​ទំនប់​កប់​ស្រូវ។

កាលពី​​ម្សិលមិញ ​លោក​នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​លោក​លី បូរិន ​អនុរដ្ឋលេខាធិការ​នៃក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនទទួល បន្ទុក​ផ្លូវ​ដែក​និង​លោកវ៉ា​ ស៊ីម​សុរិយា ​មន្ត្រី​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន ​មិនអាច​បញ្ជាក់​អំពី​ព័ត៌មាន​បន្ថែម​បានទេ ​ដោយសារ​ពួក លោក​បញ្ជាក់​ថា ​មិនទាន់​ដឹង​ច្បាស់​អំពី​គម្រោង​នេះ។

ចំណែក​លោក​សាំ ពិសិដ្ឋ ​ប្រធាន​មន្ទីរ​សាធារណការ និងដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ក៏​មិនបាន​ឆ្លើយតប​ដែរ​ដោយ​ជំរុញ​ឱ្យទៅ​សួរ​ខាង​មន្ត្រី​នាំពាក្យ​ក្រសួង​សាធារណការ​វិញ ​ខណៈ​លោក​ ម៉េត មាស​ភក្ដី​ មន្ត្រី​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់ថា ​លោក​​មិន​បានដឹង​អំពី​គម្រោង​ស្ថាបនា​ផ្លូវ​នេះ​ឡើយ។

លោក​បញ្ជាក់ថា​៖ «សាលា​ក្រុង​ដូច​អត់​គម្រោង​អនុម័ត​ផ្លូវ​រថភ្លើង​នេះ​ទេ។ ដល់ពេល​សួរ​អ៊ីចឹង ​ខ្ញុំ​ឆ្ងល់​វិញ។ ជួនកាល​វា​គម្រោង​សិក្សា​ ព្រោះ​អា​គម្រោង ​[សិក្សា]​ ចង់​[អភិវឌ្ឍ]វា​មាន​ច្រើន​ប្រភេទ​ណាស់ ​ប៉ុន្តែ​មិនទាន់​អនុម័ត​ជា​ផ្លូវការ ​ដល់​អ៊ីចឹង!​ ខ្ញុំ​អត់​ទាន់​អាច​និយាយ​បាន​ទេ»។

លោក ​សេង គ្រី ​អនុប្រធាន​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​ស្ដីពី​ការពិនិត្យ​ និង​ផ្ដល់យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ពេញលេញ ​ESIA ​លើកឡើងថា​ តាម​ការធ្វើ​បទ​បង្ហាញ​ពី​ក្រុមហ៊ុន​សិក្សា​គម្រោង​ឱ្យដឹងថា ​ការស្ថាបនា​ផ្លូវ​រថភ្លើង​នេះនឹង​ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០១៩ ​ប៉ុន្តែ​លោក​ថា ​ក្នុង​បទបង្ហាញ​នោះ​មិនបាន​បញ្ជាក់​អំពី​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ចំណាយ​ឡើយ។

លោក​ថ្លែងថា​៖ «ចាប់ផ្ដើម​សាងសង់​ វា​ទាល់តែ​យើង​សិក្សា​ហើយ​សិន​ ប៉ុន្តែ​ការសិក្សា​ហ្នឹង​វា​អត់​ទាន់​ចប់»៕