ភ្នំពេញៈ គម្រោង​ស្តីពី​ការស្តារ និង​ពង្រឹង​ជីវភាព​រស់នៅ​របស់​សហគមន៍​ជនបទ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​ដែល​ផ្តល់​ការគាំទ្រ​ដល់​អ្នកទទួលផល​ប្រមាណ​ជិត​ ១ ​ម៉ឺន​នាក់​ ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​បាន​ចុះ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​នេះ​ពី​ម្សិលមិញ​រវាង​ក្រសួង​កសិកម្ម​ និង​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី​ ១៥ កុម្ភៈ គម្រោង​នេះ​មាន​គោលដៅ ដើម្បី​ជួយ​ដល់​ក្រុម​រង​ផលប៉ះពាល់​ខ្លាំង បំផុត​ពី​ជំងឺ​រាតត្បាត​កូវីដ ១៩ ​ដែល​នឹង​អនុវត្ត​ក្នុង​រយៈពេល​ ២០ ​ខែ​ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍន៍​ និង​សហប្រតិបត្តិការ​ (SDC)​។ ក្រុម​ដែល​រងផលប៉ះពាល់​ខ្លាំង​មាន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កសិករ​ខ្នាតតូច ពលករ​ចំណាកស្រុក​ដែល​បាន​ត្រឡប់មក​ប្រទេស​វិញ និង​កម្មករ​ដែល​បាត់បង់​ការងារ​។

យោងតាម​ការវាយតម្លៃ​ឆាប់​រហ័ស​មួយ​ដែល​ធ្វើឡើង​រួមគ្នា​រវាង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមប្រឹក្សា​ស្តារ​វិស័យ​កសិកម្ម និង​ជនបទ និង​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ​កាលពី​ខែ​មេសា ឆ្នាំ​ ២០២០ បាន​បង្ហាញ​ពី​តម្រូវការ​អាទិភាព​របស់​ក្រុម​ងាយ​រងគ្រោះ រួមមាន​ធាតុ​ចូល​កសិកម្ម និង​សម្ភារ​សម្រាប់​ផលិតកម្ម ការកសាង​សមត្ថភាព​បច្ចេកទេស​ផលិត ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ​សហគមន៍ ដូចជា​អាង​ស្តុក​ទឹកជា​ដើម និង​ការផ្សារភ្ជាប់​ទៅកាន់​ទីផ្សារ​។

លោក ស្រី វុទ្ធី អគ្គលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​គម្រោង​ និង​ពិធី​ចុះ​កិច្ចព្រមព្រៀង​ពី​ម្សិលមិញ​ថា​ការអនុវត្ត​គម្រោង​នេះ គឺ​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​ជាក់ស្តែង​របស់​កសិករ ដើម្បី​ស្តារ​ជីវភាព​របស់​ពួកគេ​ឡើងវិញ តាមរយៈ​ការកសាង​សមត្ថភាព​ផលិតផល និង​លើកកម្ពស់​ការទទួល​បាន​ចំណូល​ពី​សកម្មភាព​កសិកម្ម​។

លោក​មាន​ប្រសាសន៍​ថា​៖ «​គម្រោង​នេះ​ជួយ​ជា​គម្រោង​ជំនួយ​បច្ចេកទេស​ដែល​អង្គការ​នេះ​នឹង​ជួយ​ផ្នែក​បច្ចេកទេស​ទៅដល់​អ្នកអនុវត្ត​គម្រោង​របស់​យើង​នៅ​តាម​ខេត្ត​។ នៅក្នុង​ឯកសារ​គម្រោង​មាន​កំណត់​នូវ​ក្រុម​គោលដៅ​ដែល​នឹង​ទទួល​ផល​ដែលមាន​ជាច្រើន​ពាន់​គ្រួសារ​ដែល​ត្រូវ​ទទួលផល​ពី​គម្រោង​នេះ​»​។ លោក ស្រី វុទ្ធី បញ្ជាក់​ថា​គម្រោង​ទាំងនេះ​មាន​ខ្លះ​ត្រូវបាន​ផ្តល់​ជា​ជំនួយ​ផ្នែក​បច្ចេកទេស និង​ខ្លះ​ជា​គម្រោង​វិនិយោគ​ដោយ​ការផ្តល់​ជា​ថវិកា​ឱ្យ​កសិករ​សង់​ជា​ផ្ទះ​សំណាញ់​ជាដើម​។

បើតាម​លោក​អគ្គលេខាធិការ​គម្រោង​នេះ​មិនបាន​គ្របដណ្តប់​គ្រប់​ខេត្ត​ទូទាំង​ប្រទេស​ទេ ដោយសារ​វា​ជា​គម្រោង​ជំនួយ​ផ្នែក​បច្ចេកទេស​ដែល​មិនមាន​ថវិកា​ច្រើន​សម្រាប់​ជួយ​ទៅដល់​គ្រប់​ខេត្ត​បានឡើយ​។ អង្គការ​ដៃគូ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សិក្សា និង​រើស​ខេត្ត​ដែលមាន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ច្រើន​ និង​មាន​ធនធាន​នៅ​តិច​ដើម្បី​ជួយ​ស្តារ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើងវិញ​។

ជាមួយ​គ្នា​នេះ ក្រោម​ជំនួយ​របស់​ទីភ្នាក់ងារ​ស្វ៊ីស​សម្រាប់​ការអភិវឌ្ឍន៍​ និង​សហប្រតិបត្តិការ​នេះ​ផងដែរ ក៏​នឹងត្រូវ​អនុវត្ត​ព្រម​គ្នា​ជាមួយនឹង​គម្រោង​ ២ ​ផ្សេងទៀត​របស់​អង្គការ​ FAO ​ដែល​បាន​បើកសម្ពោធ​ព្រម​គ្នា​កាលពី​ម្សិលមិញ គឺ​គម្រោង​ «​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​ និង​បច្ចេកទេស​ស្តីពី​សុវត្ថិភាព​ចំណីអាហារ តាមរយៈ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ចំណីអាហារ និង​ការបញ្ជាក់​គុណភាព​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩» ​និង​គម្រោង​ «​សមភាព​យេនឌ័រ​ និង​លើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​»​។

លោក​ Alexandre Huynh តំណាង​អង្គការ​ស្បៀង​ និង​កសិកម្ម​នៃ​សហប្រជាជាតិ (FAO) ប្រចាំ​ប្រទេស​កម្ពុជា ​ថ្លែង​ម្សិលមិញ​ថា​គម្រោង​ទាំងនេះ​មាន​សារៈសំខាន់ ជាពិសេស​ក្នុង​អំឡុងពេល​នៃ​ការរង​ផលប៉ះពាល់​ពី​កូវីដ​១៩​។ លោក​សម្តែង​នូវ​ក្តី​រីករាយ​ដែល​គ្រប់គ្នា​បាន​អង្គុយ​ជាមួយគ្នា​នៅពេលនេះ មិនមែន ដើម្បី​គាំទ្រ​តែ​គម្រោង​មួយ​ទេ ប៉ុន្តែ​មាន​រហូត​ទៅដល់​គម្រោង​ ៣ ពី​ស្ថាប័ន​ ៣ នៅក្រោម​កិច្ចដឹកនាំ​របស់​ក្រសួង​កសិកម្ម​។

លោក​បន្ថែមថា កសិកម្ម​គឺជា​វិស័យ​ដ៏សំខាន់​មួយ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​។ យោងតាម​ធនាគារ​ពិភពលោក​បាន​ឱ្យដឹងថា​ជាង​ ៦០ ​ភាគរយ​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ចន្លោះ​ឆ្នាំ ២០០៧ និង​ ២០១១ ​បានមកពី​កសិកម្ម​។

លោក​ Alexandre Huynh មានប្រសាសន៍​ថា​៖ «​ថ្ងៃនេះ​យើង​បានឃើញ​នូវ​ភាពជា​ដៃគូ​ដ៏ល្អ​ប្រសើរ​ក្នុងចំណោម​ដៃគូ​ដ៏សំខាន់​រួមមាន FAO, SDC, IFAD, CARD និង MAFF​។ ភាពជា​ដៃគូ​នេះ​នឹង​អនុញ្ញាត​ឱ្យ​យើង​ឆ្ពោះ​ទៅ​មុខ​រួមគ្នា​ជាមួយ​ភារកិច្ច​សំខាន់ៗ​ដើម្បី​រួមចំណែក​ដល់​ការសម្រេច​គោលដៅ​ ២ គឺ​ការស្តារ​ជីវភាព​រស់នៅ​របស់​គ្រួសារ​នៅតាម​ជនបទ​ដែល​រង​ផលប៉ះពាល់ និង​បង្កើន​ផលិតភាព និង​គុណភាព​នៃ​ផលិតកម្ម​កសិកម្ម​»​។

លោក​ជឿជាក់​ថា ការចូលរួម​ និង​ភាពជា​ដៃគូ ភាព​ជា​អ្នកដឹកនាំ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ដៃគូ​នានា គម្រោង​នេះ​នឹង​សម្រេច​គោលដៅ​ប្រកប​ដោយ​មហិច្ឆតា​នេះ​ទាំងអស់​គ្នា​៕