សៀមរាបៈ «សួនសិក្សា» ដែលជាគម្រោងសាកល្បងរយៈពេល ៣ ឆ្នាំដោយផ្តោតសំខាន់លើការបង្កើតសួនបន្លែ និងបង្កើតផ្ទះបាយនៅតាមសាលារៀន បានទាក់ទាញចំណាប់អារម្មណ៍របស់កុមារឲ្យផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សាដោយសារតែគម្រោងនេះបានជួយធ្វើឲ្យការសិក្សារបស់កុមារប្រសើរឡើង ព្រោះវាបានផ្សារភ្ជាប់មេរៀនក្នុងសៀវភៅទៅនឹងសកម្មភាពជាក់ស្ដែងក្នុងសួនបន្លែ និងផ្ទះបាយក្នុងសាលារៀន។
គណៈប្រតិភូមួយក្រុមដែលក្នុងនោះរួមមានលោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា និងលោកស្រី Susanne Legena នាយកប្រតិបត្តិ អង្គការភ្លែនអន្តរជាតិអូស្ត្រាលីរួមនឹងអាជ្ញាធរខេត្តកាលពីម្សិលមិញបានធ្វើទស្សនកិច្ចសិក្សាទៅកាន់សាលាបឋមសិក្សាត្រពាំងស្វាយស្ថិតនៅស្រុកអង្គរធំ ខេត្ដ សៀមរាបជាទីតាំងដែលកំពុងត្រូវបានអនុវត្តសាកល្បងគម្រោង សួនសិក្សានេះ។ នៅទីតាំងអនុវត្តគម្រោងមានការចូលរួមស្វាគមន៍ពីអាជ្ញាធរស្រុក ឃុំ ភូមិ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ១០០ នាក់។
លោក យី គីមថាន នាយកស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានថ្លែងថាគម្រោងសួនសិក្សានេះបានផ្តោតសំខាន់លើការបង្កើត និងថែទាំសួនបន្លែ និងបង្កើតផ្ទះបាយនៅតាមសាលារៀន។ កុមារអាចចូលរួមបង្កើតសួនបន្លែ ដាំដុះដំណាំតាមរដូវកាល និងរៀនចម្អិនអាហារឆ្ងាញ់ៗ ស្រស់ៗ និងសម្បូរអាហារូបត្ថម្ភដោយខ្លួនឯង។ ជាមួយគ្នានេះកុមារអាចចែករំលែកអាហារទាំងនោះជាមួយគ្រូបង្រៀន និងមិត្តភក្តិរបស់ពួកគេផងដែរ។
លោកថា៖ «តាមរយៈគម្រោងនេះគ្រូបង្រៀនប្រើប្រាស់សួនបន្លែ និងផ្ទះបាយសិក្សាជាកន្លែងរៀនសូត្រ ដើម្បីផ្សារភ្ជាប់នឹងការបង្រៀនមុខវិជ្ជាភាសាខ្មែរគណិតវិទ្យា វិទ្យាសាស្ត្រ និងសិក្សាសង្គមក្នុងបរិបទជីវិតជាក់ស្តែង»។
លោក គីមថាន ឲ្យដឹងថា គម្រោងនេះទទួលបានការគាំទ្រមូលនិធិដោយរដ្ឋាភិបាលប្រទេសអូស្ត្រាលីដោយសហប្រតិបត្តិការជាមួយមូលនិធិ Stephanie Alexander Kitchen Garden Foundation (SAKGF)។ ក្នុងនោះអង្គការភ្លែនអន្តរជាតិកម្ពុជាជាអ្នកផ្តួចផ្តើមគម្រោង «សួនសិក្សា» នេះ ដោយមានគម្រោងសាកល្បងរយៈពេល ៣ ឆ្នាំចាប់ផ្តើមពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០។
លោកបញ្ជាក់ថា៖ «គោលបំណងនៃគម្រោងនេះដើម្បីចូលរួមចំណែកពង្រឹងគុណភាពអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡាឲ្យកាន់តែមានប្រសិទ្ធភាព និងជំរុញការចូលរួមរបស់មាតាបិតា និងអ្នកថែទាំកុមារឲ្យគាំទ្រចំពោះការរៀនសូត្ររបស់កុមារនៅផ្ទះផងដែរ»។
លោក ពុត សាមិត្ត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបានថ្លែងក្នុងពេលទស្សនកិច្ចនេះដែរថា សួនបន្លែ និងផ្ទះបាយបានផ្តល់នូវបរិយាកាសរីករាយសម្រាប់កុមារ ដើម្បីរៀនសូត្រ និងពង្រឹងចំណេះដឹងរបស់ពួកគេឲ្យបានល្អប្រសើរឡើង។
លោកថ្លែងថា៖ «គម្រោងនេះបានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សិស្ស។ តាមរយៈគម្រោងនេះ សិស្សមិនមែនគ្រាន់តែរៀនទៅតាមសៀវភៅសិក្សាប៉ុណ្ណោះទេ ប៉ុន្ដែបានផ្សារភ្ជាប់ទៅនឹងការអនុវត្ដជាក់ស្ដែងរបស់កុមារ។ ពេលកុមារមានការចូលរួមអនុវត្ដផ្ទាល់បែបនេះ ការយល់ដឹងរបស់ពួកគាត់ក៏កាន់តែស៊ីជម្រៅថែមទៀតដែលអាចឈានទៅចាប់យកជំនាញណាមួយច្បាស់លាស់សម្រាប់ខ្លួនឯងនាពេលអនាគត»។
លោកបន្ថែមថាគម្រោងនេះធ្វើឲ្យមានការចូលរួមបំផុសការត្រិះរិះពិចារណារបស់កុមារលើកកម្ពស់កិច្ចសហការរវាងកុមារី និងកុមារា និងជំរុញឲ្យមានភាពស្មើគ្នាដោយគ្មានការរើសអើងភេទ វប្បធម៌ អាយុ និងសមត្ថភាពយេនឌ័រ តាមរយៈការធ្វើការរួមគ្នា។
កុមារី ស្រី នី ជាសិស្សមួយរូបដែលបានចូលរួមក្នុងគម្រោងសួនសិក្សាថ្លែងថា ការអនុវត្តជាក់ស្តែងនៅសួនបន្លែ និងសកម្មភាពផ្ទះបាយបានធ្វើឲ្យនាងរៀនសូត្របានច្រើន និងស្វែងយល់បានច្រើន ពីការរស់នៅជាក់ស្ដែងថែមទៀត។
កុមារីរូបនេះនិយាយថា៖ «ខ្ញុំមានសេចក្តីរីករាយណាស់ដែលបានចូលរួមក្នុងសកម្មភាពសួនសិក្សា ពីព្រោះខ្ញុំបានរៀនទ្រឹស្តីក្នុងថ្នាក់រៀនជាមួយគ្រូ ហើយបានយកមកអនុវត្តនៅក្នុងសួនបន្លែជាក់ស្តែង។ ខ្ញុំទទួលបានចំណេះដឹងទាក់ទងនឹងការដាំដំណាំការធ្វើការងារជាក្រុម និងរៀនសូត្រដោយក្តីរីករាយ»។
អ្នកគ្រូ យ៉ុន កញ្ញា វ័យ ២៥ ឆ្នាំបង្រៀននៅសាលាបឋមសិក្សាត្រពាំងស្វាយ និងជាគ្រូបង្គោលមួយរូបនៃគម្រោងសួនសិក្សាបានថ្លែងថា គម្រោងនេះបានផ្តល់ភាពរីករាយដល់សិស្សានុសិស្ស ជួយធ្វើឲ្យការសិក្សារបស់ពួកគេប្រសើរឡើង និងបានបង្កើនភាពស្និទ្ធស្នាលរវាងគ្រូ និងសិស្សផងដែរ។
លោកថ្លែងថា៖ «គម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់កុមារឲ្យផ្តោតការយកចិត្តទុកដាក់សិក្សា។ វាបានជួយធ្វើឲ្យការសិក្សារបស់កុមារប្រសើរឡើង ព្រោះវាបានផ្សារភ្ជាប់មេរៀនក្នុងសៀវភៅទៅនឹងសកម្មភាពជាក់ស្ដែងក្នុងសួនបន្លែ និងផ្ទះបាយក្នុងសាលារៀន»។
បើតាមលោក យី គីមថាន គម្រោងសួនសិក្សាកំពុងអនុវត្តតាមសាលាបឋមសិក្សាចំនួន ១៥ ក្នុងខេត្តសៀមរាប និងខេត្ដស្ទឹងត្រែងដោយបានផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្សជាពិសេសកុមារងាយរងគ្រោះ និងកុមារមានពិការភាពជាង ៤០០០ នាក់ក្នុងនោះមានកុមារីប្រមាណ ៥០%។
បើតាមអង្គការភ្លែនអន្តរជាតិប្រទេសកម្ពុជាបានផ្តួចផ្តើមគម្រោង «សួនសិក្សា» ដែលជាគម្រោងសាកល្បងមានរយៈពេល ៣ ឆ្នាំចាប់ផ្តើមពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ នេះក្នុងគោលបំណងចូលរួមចំណែកពង្រឹងគុណភាពអប់រំរបស់ក្រសួងអប់រំឲ្យកាន់តែមានប្រសិទ្ធភាព និងជំរុញឲ្យមានការចូលរួមរបស់មាតាបិតា និងអ្នកថែទាំកុមារឲ្យគាំទ្រចំពោះការរៀនសូត្ររបស់កុមារនៅផ្ទះ។
លោក គីមថាន ថា៖ «យើងនឹងអាចបន្តគម្រោងនេះបន្ថែមទៀតតាមរយៈកម្មវិធីស្បៀងអាហារពិភពលោកក្នុងការបង្កើនចំនួនសាលាក្នុងខេត្ដសៀមរាប។ បន្ទាប់ពីចប់គម្រោងនេះ យើងនឹងចងក្រងនូវបទពិសោធល្អៗនៃកម្មវិធីនេះ ដើម្បីពិភាក្សាជាមួយក្រសួងអប់រំ ដើម្បីយកគម្រោងនេះពង្រីកឲ្យបានទូទាំងថ្នាក់ជាតិ។ ប៉ុន្ដែអាស្រ័យលើការពិភាក្សាបន្តទៀតជាមួយអប់រំ»៕