ភ្នំពេញៈ រយៈពេល ៣ ខែដំបូងនៃឆ្នាំនេះគម្រោង USAID ព្រៃឡង់ បៃតង បានបង្ហាញរបាយការណ៍សំខាន់ៗបន្ទាប់ពីធ្វើសកម្មភាពគាំទ្ររដ្ឋាភិបាលក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការបង្កើតផែនការយុទ្ធសាស្ត្រសម្រាប់សហគមន៍ព្រៃឈើ ការជ្រើសរើស ក្រុមសហគមន៍ និងបណ្ដុះបណ្ដាល មន្ត្រីឧទ្យានុរក្ស ប៉ុន្ដែតំណាងសហគមន៍ថា ទទួលផលប្រយោជន៍តិចតួចពីគម្រោងនេះ។
តាមរបាយការណ៍របស់គម្រោង USAID ព្រៃឡង់បៃតងដែលបានបង្ហាញលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនកាលពីថ្ងៃទី ៣០ ខែមីនាឲ្យដឹងថា គម្រោង USAID ព្រៃឡង់បៃតងសម្រាប់ខែមករា ឆ្នាំ ២០២០ បានផ្ដល់វគ្គបណ្ដុះបណ្ដាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឧទ្យានុរក្សដោយសហការជាមួយក្រសួងបរិស្ថានបានរៀបចំវគ្គបណ្ដុះបណ្ដាលមួយស្ដីពីបច្ចេកទេសល្បាត និងការអនុវត្តច្បាប់។
គម្រោង USAID បានផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពីការបង្កើតកម្មវិធីទស្សនាផ្នែកទេសចរណ៍ដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ការពារសហគមន៍ដើម្បីកំណត់ព្រំប្រទល់ និងដំឡើងបង្គោលព្រំប្រទល់ ការគាំទ្ររដ្ឋបាលព្រៃឈើដើម្បីបង្កើតផែនការយុទ្ធសាស្ត្រសម្រាប់សហគមន៍ព្រៃឈើ និងជួយលើកកម្ពស់យល់ដឹងអំពីការហាមឃាត់ឱសថឌីក្លូហ្វេណាក់ (Diclofenac) ដើម្បីការពារសត្វត្មាតដែលជិតផុតពូជ។
របាយការណ៍បន្តថា សម្រាប់ខែកុម្ភៈគម្រោង USAID ព្រៃឡង់បៃតងជួយគាំទ្ររដ្ឋាភិបាលក្នុងការជ្រើសរើសប្រធានក្រុមសហគមន៍សម្រាប់ចុះល្បាត ដើម្បីជាផ្នែកមួយនៃការចូលរួមជាមួយមន្ត្រីឧទ្យានុរក្ស។ គម្រោងបានគាំទ្រដល់ការអង្កេតចំនួនសត្វក្រៀលនៅក្នុងខេត្តព្រះវិហារ។ គម្រោងបានបណ្ដុះបណ្ដាលសហគមន៍អំពីការសម្គាល់អត្តសញ្ញាណប្រភេទសត្វព្រៃសំខាន់ៗ និងអំពីសារៈសំខាន់នៃការការពារជីវចម្រុះ ដោយបានចូលរួមសម្របសម្រួលសិក្ខាសាលាដើម្បីបង្កើតកិច្ចព្រមព្រៀងផែនការការងារប្រចាំឆ្នាំគាំទ្រវិស័យទេសចរណ៍ក្នុងខេត្ត ៤ ផងដែរ។
របាយការណ៍បន្ថែមថាគម្រោង USAID ព្រៃឡង់បៃតងសម្រាប់ខែមីនានេះ បានអញ្ជើញភាគីពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ ដើម្បីណែនាំពីកម្មវិធីទស្សនាដែលបង្កើតឡើងថ្មីសម្រាប់តំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ។ គម្រោងបានណែនាំឧបករណ៍ផ្ទុកទិន្នន័យចល័ត និងបង្ហាញពីវិធីសាស្ត្រនៃការតាមដានការគ្រប់គ្រងតំបន់អភិរក្សដល់ក្រសួងបរិស្ថាន និងគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើផែនទីតំបន់ទេសចរណ៍។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានថ្លែងកាលពីថ្ងៃទី ១ មេសា ថាគម្រោងព្រៃឡង់បៃតងដែលជាកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទិសដៅអភិរក្ស និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ឲ្យបានគង់វង្ស។ លោកបន្តថា គម្រោងនេះធ្វើយ៉ាងណាកុំឲ្យពលរដ្ឋចូលលួចកាប់ឈើ និងបរបាញ់សត្វចូលរួមក្នុងការបង្កើតមុខរបរថ្មីដល់ប្រជាសហគមន៍។ លោកថា៖ «គម្រោងព្រៃឡង់បៃតងដែលមានរយៈពេល ៥ ឆ្នាំ [២០១៨- ២០២៣] នឹងផ្តល់ផលជាវិជ្ជមានក្នុងការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ជីវចម្រុះនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់»។
អ្នកស្រី ភោគ ហុង តំណាងសហគមន៍ការពារព្រៃឡង់ប្រចាំខេត្តព្រះវិហារ ថ្លែងកាលពីថ្ងៃទី ១ មេសា ថាក្រុមសហគមន៍ការពារព្រៃឡង់ប្រចាំខេត្តព្រះវិហាររបស់អ្នកស្រីបានទទួលជំនួយពីគម្រោង USAID ព្រៃឡង់បៃតង បន្តិចបន្តួចដែលមិនអាចឆ្លើយតបតាមតម្រូវការបានក្នុងរយៈពេលជិត ២ ឆ្នាំ។
អ្នកស្រីបន្តថាគម្រោង USAID ព្រៃឡង់បៃតងកំណត់ឲ្យចុះល្បាត ៣ លើកក្នុង ១ ខែ។ អ្នកស្រីថា៖ «ពេលពួកខ្ញុំចុះល្បាតម្ដងៗគឺខ្វះខាតសម្ភារគ្រឿងបរិភោគឧបភោគ និងមធ្យោបាយធ្វើដំណើរ ហើយលុយដែល USAID ឲ្យមកនេះមិនអាចទប់ទល់ការចំណាយរបស់ពួកខ្ញុំទេ»។ លោក Matthew Eduwardsen ប្រធានកម្មវិធី USAID ព្រៃឡង់បៃតងមិនអាចទាក់ទងបានទេពីម្សិលមិញ៕