ភ្នំពេញៈ យោងតាមលទ្ធផលការអង្កេតតាមដានគុណភាពខ្យល់ពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់តាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជាត្រឹមម៉ោង ១ រសៀលថ្ងៃទី ២១ ខែមករា ម្សិលមិញ បង្ហាញថាកំហាប់ភាគល្អិតនិចលនៅក្នុងខ្យល់ PM2.5 មានកម្រិតនៅក្នុងរង្វង់ស្តង់ដាកម្រិត ៥០ ដែលបង្ហាញថា គុណភាពខ្យល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាមានគុណភាពល្អប្រសើរឡើងវិញ។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ស្ថានភាពគុណភាពល្អប្រសើរនៃខ្យល់វិលមករកសភាពដើមវិញនេះ គឺតាំងតែពីថ្ងៃសៅរ៍ក្រោយពីមានការកើនឡើងហួសកម្រិតស្តង់ដាកាលពីថ្ងៃទី ១៧ ខែមករា កន្លងទៅ»។
លោកឱ្យដឹងថា មន្ទីរជំនាញរបស់ក្រសួងបរិស្ថានបានបន្តតាមដានជាប្រចាំអំពីស្ថានភាពគុណភាពខ្យល់ និងបន្តផ្តល់ព័ត៌មានជាប្រចាំដល់សាធារណជនពីការវិវត្ដនៃស្ថានភាពខ្យល់នេះ។
លោក នេត្រ ភក្ដ្រា ថ្លែងថា៖ «ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីជំនាញបរិស្ថានទាំងអស់រួមនឹងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរបរិស្ថាន រួមនឹងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តវិធានការមួយចំនួនតាមការអំពាវនាវរបស់ក្រសួងបរិស្ថាន និងស្នើសុំបន្តអនុវត្តវិធានការនេះជាប្រចាំ ដើម្បីចូលរួមថែរក្សាស្ថានភាពគុណភាពខ្យល់នៅកម្ពុជា»។
ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៧ ខែមករា បានចេញសេចក្តីជូនដំណឹងដល់មន្ទីរបរិស្ថាន រាជធានី-ខេត្តត្រូវសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិអនុវត្តវិធានការមួយចំនួន រួមមាន ១- ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ និងការដុត សំរាមសំណល់រឹងនៅតាមទីចំហ ការឆេះនៅតាមទីលានចាក់សំរាម។ ២- ត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីពីការដ្ឋានសំណង់ និងការដ្ឋានកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធូលីហុយនៅតាមដងផ្លូវ។ ៣- សម្អាតអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈស្រោចទឹកលើដងផ្លូវកុំឱ្យធូលីហុយ។ ៤- ចុះអប់រំប្រជាពលរដ្ឋកុំឱ្យដុតសំរាម សំណល់រឹង ការដុតស្មៅគល់ជញ្ជ្រាំង និងសំណល់កសិកម្មផ្សេងៗទៀត។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ក្នុងខ្យល់នេះមិនមែនមាននៅតែព្រះរាជាណាចក្រកម្ពុជាទេ។ ប៉ុន្តែនិន្នាការនៃកំណើននេះមាននៅក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ដោយសារតែអាកាសធាតុនៃអនុតំបន់ទន្លេមេគង្គមានភាពស្ងួតហួតហែង។
លោកបានឱ្យដឹងថា ប្រភព និងសកម្មភាពសំខាន់ៗដែលជាហេតុបង្កឱ្យមានកំហាប់ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍ការបញ្ចេញផ្សែងពីរោងចក្រឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត និងពីចំហេះឥន្ធនៈផ្សេងទៀត ភ្លើងឆេះព្រៃការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។
បើយោងតាមក្រសួងបរិស្ថានកំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល PM2.5 គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ដែលមានអង្គត់ផ្ចិតតូចជាង ២,៥ មីក្រុង។ ភាគល្អិតនិចលមានប្រភពមកពីការដុតឥន្ធនៈហ្វូស៊ីល និងកម្ទេចធូលីផ្សេងៗ។
ក្រសួងបញ្ជាក់ថា ភាគល្អិតនិចលនេះអាចស្រូបចូលទៅដល់សួត និងពេលខ្លះដល់សរសៃឈាមដែលអាចបង្កការប៉ះពាល់ដល់សុខភាពមនុស្សប្រសិនបើស្រូបចូលលើសកម្រិតកំណត់៕