បាត់ដំបង៖ គ្រាប់​មិន​ទាន់​ផ្ទុះ​ប្រភេទ (PKF) ចំនួន ១៨ កេះ ស្មើ​នឹង​ចំនួន ៤ ៥០០ គ្រាប់ ដែល​ផលិត​នៅ​សហរដ្ឋឣាមេរិក និង​បន្សល់​ទុក​ក្នុង​សម័យ​សង្គ្រាម​នៃ​របប លន់ ណុល ត្រូវ​បាន​អាជ្ញាធរ​ស្រុក​គាស់​ក្រឡ និង​ក្រុម​អ្នក​ជំនាញ CMAC ប្រចាំ​ខេត្ត​បាត់ដំបង​ប្រមូល​យក​ចេញ​ពី​បរិវេណ​វត្ត​បុរាណ​និវេសន៍ (ហៅ​វត្ត​គាស់ក្រឡ) ស្ថិត​ក្នុង​ភូមិ​មុខ​វត្ត ឃុំ​គាស់ក្រឡ​អស់​ហើយ​មក​ដល់​ពេល​នេះ ។

លោក​វរសេនីយ៍ឯក ប៉ាង ហៀង អធិការ​នគរបាល​ស្រុក​គាស់ក្រឡ​ប្រាប់ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២១ នេះ​ថា ក្រុម​ប្រតិបត្តិករ CMAC ប្រចាំ​នៅ​ខេត្ត​បាត់ដំបង បាន​គាស់​កាយ​ប្រមូល​គ្រាប់​បាន​ម្តង​កាល​ពី​ខែ​មីនា។

ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល ព្រោះ​ដី​មាន​សភាព​រឹង មិន​អាច​កាយ​យក​ចេញ​បាន ទើប​កាល​ពី​ថ្ងៃទី ៣ ខែ​ឧសភា​នេះ ទើប CMAC បាន​យក​អេស្កាវ៉ាទ័រ មក​គាស់​កាយ​ប្រមូល​យក​អស់​ចេញ​ពី​ក្នុង​វត្ត។

ព្រះសង្ឃ​គង់​ក្នុង​វត្ត​គាស់ក្រឡ​នេះ បាន​ជីក​កាយ​ដី ដើម្បី​ដាក់​លូ​ធ្វើ​បង្គន់​អនាម័យ ហើយ​បាន​ប្រទះឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​នេះ ក៏​បាន​រាយការណ៍​មក​អាជ្ញាធរ ហើយ​អជ្ញាធរ​ក៏​បាន​ប្រាប់​ទៅ​អង្គភាព​ស៊ីម៉ាក់​ចុះ​មក​ប្រមូល​យក​ចេញ ដើម្បី​សុវត្ថិភាព​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​នៅ​ក្នុង​វត្ត​នេះ និង​ពុទ្ធ​បរិស័ទ​ដែល​យក​ចង្ហាន់​មក​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ។

បើ​តាម លោក ប៉ាង ហៀង គ្រាប់​មិន​ទាន់​ផ្ទុះ ដែល​ប្រមូល​បាន​នេះ ជា​ប្រភេទ (PKF) មាន ចំនួន ១៨ កេះ ស្មើ​នឹង​ចំនួន ៤ ៥០០គ្រាប់ ខូច​គុណភាព​ប្រហែល ៩០%។ បច្ចុប្បន្ន សមត្ថកិច្ច​បាន​រាយការណ៍ និង​ប្រគល់​ជូន​ឣង្គភាព​ស៊ីម៉ាក់​ ដើម្បី​ចាត់ចែង​បន្ត។

លោក ប៉ាង ហៀង ថ្លែង​ថា៖ «គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​នៅ​មាន​គុណភាព​ មួយ​ចំនួន​ក៏​ប្រើ​លែង​កើត​ដែរ វា​អត់​មាន​កាំភ្លើង​បាញ់ វា​បន្សល់​តាំង​ពី​សម័យ​អាមេរិក (សង្គ្រាម​សម័យ លន់ ណុល) មិនមែន​សម័យ​សង្រ្គាម​ក្រោយ​នេះ​ទេ »៕