ភ្នំពេញៈ ​គ្រូបង្គោល​ចំនួន​ ១១ ​នាក់​ បានបញ្ចប់​ការសិក្សា​ពី​វគ្គបណ្តុះបណ្តាល​ទីផ្សារ​ឌីជីថល​តាមរយៈ​អនឡាញ​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក​ដោយ​ជោគជ័យ​ជា​អ្វីដែល​អង្គការ​ផេក​កម្ពុជា​រំពឹងថា ពួកគេ​នឹង​ចូលរួម​បណ្តុះបណ្តាល​បន្ត​ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​កម្ពុជា​ជិត​ ២ ​ពាន់​នាក់​បន្ថែមទៀត​នៅ​កម្ពុជា​ ដើម្បី​ជំរុញ​ឱ្យ​អាជីវកម្ម​របស់​ស្ត្រី​មាន​ការរីកចម្រើន​។

កាលពី​ម្សិលមិញ គម្រោង​សហគ្រិន​នារី​សកម្ម​ដែល​អនុវត្ត​ដោយ​អង្គការ​ផេក​កម្ពុជា​គាំទ្រ​ដោយ​អង្គការ​ USAID ​បានរៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​ដល់​គ្រូ​បង្គោល​ផ្នែក​ឌីជីថល​ហ្វេសប៊ុក​ចំនួន​ ៧ ​នាក់​បន្ថែមទៀត ក្រោយ​បញ្ចប់​ (​វគ្គ​បណ្ដុះបណ្ដាល​ទី​ ២ ពី​ខែកញ្ញា ដល់​ខែ​តុលា​) បន្ទាប់ពី​គ្រូបង្គោល​ ៤ ​នាក់​បាន​ទទួល​វិញាបនបត្រ​បញ្ចប់​វគ្គបណ្តុះបណ្តាល​ជា​ស្ថាពរ​កាលពី​ខែសីហា ឆ្នាំ​​មុន​ (​វគ្គ​ទី​ ១ ​ពី​ខែ​មករា​ ដល់​ខែ​មិថុនា​)​។

ជាមួយ​នឹង​ការបញ្ចប់​វគ្គ​បណ្តុះបណ្តាល​នេះ អង្គការ ផេក​កម្ពុជា រំពឹង​ថា​ចាប់ពី​ពេល​នេះ​ដល់​ឆ្នាំ​ ២០២៣ គ្រូ​បង្គោល​ទាំង​ ១១ ​នាក់​នេះ​ នឹង​ចូលរួម​ផ្តល់​ការបណ្តុះបណ្តាល​បន្ត​ដល់​សហគ្រិន​ស្ត្រី​វ័យក្មេង​ប្រមាណ​ ១ ៧០០ ​នាក់ ជុំវិញ​ចំណេះដឹង​ទីផ្សារ​ឌីជីថល​ហ្វេសប៊ុក​។

អង្គការ​ផេក​កម្ពុជា​បាន​ឱ្យ​ដឹងថា​ «​កាលពី​ចុង​ឆ្នាំ​ ២០២០ សហគ្រិន​ស្ត្រី​ប្រមាណ​ ៦០០ ​នាក់​ បាន​ទទួល​ការបណ្តុះបណ្តាល​តាមរយៈ​អនឡាញ​ជុំវិញ​ការបណ្តុះបណ្តាល​ទីផ្សារ​ឌីជីថល​ហ្វេសប៊ុក ដើម្បី​ជំរុញ​អាជីវកម្ម​របស់​ពួកគេ ឱ្យ​កាន់តែ​មាន​រីកចម្រើន​បន្ថែមទៀត​»​។

អង្គការ​នេះ​បន្ត​ថា ការបណ្តុះបណ្តាល​នេះ​គឺ​បាន​ផ្តល់​ការយល់ដឹង​ទូលំទូលាយ​អំពី​មូលដ្ឋានគ្រឹះ​ការធ្វើ​ទីផ្សារ​តាម​អ៊ីនធឺណិត​ ការបង្កើត​ទំព័រ​ហ្វេសប៊ុក​​អាជីវកម្ម និង​ខ្លឹមសារ និង​ការអនុវត្ត​ល្អៗ ការគាំទ្រ​ពួកគេ​ជាមួយ​នឹង​ចំណេះដឹង​ក្នុង​ការចាប់ផ្តើម និង​រីកចម្រើន​អាជីវកម្ម​របស់​ពួកគេ​តាមរយៈ​ការប្រើប្រាស់​វេទិកា​អនឡាញ​ដែល​មាន​អាជីវកម្ម​ច្រើន​បាន​ទាញយក​នូវ​សក្តានុពល​នេះ​។

លោកស្រី Sabine Jouke នាយិកា​ប្រចាំ​ប្រទេស​អង្គការ ផេក​កម្ពុជា និង​គម្រោង​សហគ្រិន​នារី​សកម្ម​បាន​ថ្លែងថា នេះ​គឺជា​ក្តី​រីករាយ​មួយ​ដែល​គម្រោង​នេះ​បាន​ក្លាយជា​ដៃគូ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​ណែនាំ​អំពី​កម្មវិធី​ #SheMeansBusiness នៅក្នុង​ប្រទេស​កម្ពុជា​។ ​លោកស្រី​បន្តថា​ #SheMeansBusiness ​គឺជា​កម្មវិធី​ថ្មី​ដែលមាន​គោលបំណង​ក្នុង​ការបណ្តុះបណ្តាល​ដល់​សហគ្រិន​ស្ត្រី​កម្ពុជា​អំពី​ជំនាញ​ទីផ្សារ​ឌីជីថល​។

លោកស្រី​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​នឹង​ជួយ​ស្ត្រី​ឱ្យមាន​ការយល់ដឹង​អំពី​របៀប​​នៃ​ការចាប់ផ្តើម និង​ពង្រីក​អាជីវកម្ម​របស់​ពួកគេ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត ស្របពេល​ដែល​វា​កំពុង​មាន​សក្តានុពល​ខ្លាំង​បំផុត​ក្នុង​ការជួយ​ឱ្យ​អាជីវកម្ម​ទទួល​បាន​ជោគជ័យ​»​។

លោកស្រី​ ហុក ស្រីមុំ សហ​ស្ថាបនិក Khmer Lesson និង​ជា​គ្រូ​បង្គោល​​ដែល​បញ្ចប់​វគ្គ​បណ្តុះបណ្តាល បាន​​ថ្លែងប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា នៅ​​ពេល​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្រើន​អំពី​ទីផ្សារ​ឌីជីថល​នឹង​ធ្វើឱ្យ​យើង​គ្រប់គ្នា ជាពិសេស​ស្ត្រី​នឹង​កាន់តែ​ឃើញ​​ទីផ្សារ​អាជីវកម្ម​កាន់តែ​ធំ​ទូលាយ​។

លោកស្រី​បន្ត​ថា ម្ចាស់​អាជីវកម្ម​គឺ​មិនអាច​នៅតែ​បន្ត​អាជីវកម្ម​របស់ខ្លួន​តាម​​បែប​ប្រពៃណី ដោយ​មិន​ចាប់​យក​ទីផ្សារ​ឌីជីថល​នោះទេ​។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​អ្វី​ដែល​ខ្ញុំ​ទទួល​បាន​គឺ​មិន​ត្រឹមតែ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ គឺ​ខ្ញុំ​អាចជួយ​ដល់​ស្ត្រី​ផ្សេងទៀត ដែល​គាត់​កំពុង​ធ្វើ​អាជីវកម្ម​ហ្នឹង ឱ្យ​គាត់​ចេះ​​ប្រើ​ឌីជីថល ដើម្បី​ឱ្យ​ការលក់​ផលិតផល​របស់គាត់​ទទួល​បាន​កាន់តែ​ធំទូលាយ​។ ​ស្ត្រី​យើង គួរតែ​ងាក​មក​ប្រើប្រាស់​អាជីវកម្ម​តាម​ឌីជីថល​ឱ្យបាន​ច្រើន ព្រោះ​អ្នកណា​ក៏​ប្រើប្រាស់​ទូរស័ព្ទ​ដែរ ហើយ​មាន​លក្ខណៈ​ធំធេង​មែនទែន​»​។

កញ្ញា យីង ស្រីពៅ បុគ្គលិក​អង្គការ​​មួយ​ដែល​ប្រើប្រាស់​ទីផ្សារ​ឌីជីថល​ជា​ចាំបាច់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ពី​គ្រូ​បង្គោល​អំពី​ទីផ្សារ​ឌីជីថល​នេះ​បានធ្វើ​ការងារ​របស់​កញ្ញា​មាន​ការវិវឌ្ឍ​​ល្អ​ហើយ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទាំងនេះ​គឺ​បាន​ជួយ​ការងារ​ច្រើន​ផងដែរ​។

កញ្ញា​និយាយ​ថា​៖ «​ការសិក្សា​នេះ គឺ​​បាន​ជួយ​ពន្យល់​ខ្ញុំ​ឱ្យ​ចេះ​បែងចែក​​ច្បាស់​នូវ​របៀប​ប្រើប្រាស់​ទីផ្សារ​ឌីជីថល​ដោយ​មាន​លក្ខណៈ​ខុសគ្នា​ទៅតាម​កម្មវិធី​នីមួយៗ​។ ​នៅពេល​យើង​ដឹង​ពី​របៀប​ប្រើប្រាស់​គឺ​ជួយ​ការងារ​ខ្ញុំ​បាន​ច្រើន​​ និង​ជំរុញ​ការងារ​របស់ខ្ញុំ​បាន​រហ័ស​»​។

ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​ ៧ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ការរីកចម្រើន​នេះ​មិន​​មាន​ភាពស្មើគ្នា​នោះទេ ដែល​ធ្វើឱ្យ​ស្ត្រី​ និង​សេដ្ឋកិច្ច​របស់​ពួកគេ​មិនអាច​តាម​​ទាន់​ការរីកចម្រើន​នេះ ខណៈ​អាជីវកម្ម​ផ្ទាល់​ខ្លួន​របស់​ស្ត្រី​ប្រមាណ​ ៦០ ​ភាគរយ​ក្នុង​នោះ​មាន​ ៩៩ ​ភាគរយ​ជា​សហគ្រាស​ខ្នាតតូច​។ នេះ​បើតាម​សេចក្តី​ប្រកាស​រួម​របស់​អង្គការ​ផេក​កម្ពុជា និង​អង្គការ USAID​។

លោក Ruici Tio ប្រធាន​កម្មវិធី​គោលនយោបាយ APAC ប្រចាំ​ក្រុមហ៊ុន facebook បាន​ថ្លែងថា នៅពេល​ស្ថានភាព​ស្ត្រី​កាន់តែ​ល្អប្រសើរ នោះ​​អត្ថប្រយោជន៍​ដែល​យើង​ទទួល​បាន​គ្រប់គ្នា​ក៏​ទៅតាម​នោះដែរ​។ លោក​បាន​​បន្តថា​៖ «#SheMeansBusiness មិនមែន​ត្រឹមតែ​ភ្ជាប់​សហគ្រិន​ស្ត្រី​ជាមួយ​នឹង​ការផ្តល់​អំណាច​បណ្តាញ​ទំនាក់ទំនង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​លើក​កម្ពស់​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​​សារៈសំខាន់​នៃ​សហគ្រិន​ស្ត្រី​ក្នុង​ការរួមបញ្ចូល​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​​ផងដែរ​»៕