ភ្នំពេញៈ នគរ​បាល​​ខណ្ឌ​ដង្កោ​​ បាន​បញ្ជូន​បុរស​ជា​គ្រូ​បង្រៀន ​និង​ជា​នាយក​រង​សាលា​​ភា​សា​អង់​គ្លេស​ម្នាក់​ ទៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​​ម្សិល​មិញ​បន្ទាប់​ពី​​ចាប់​ខ្លួន​បាន​ ១​​ ថ្ងៃ​ ពី​បទ​ចាប់​​​រំ​លោភ​សេពសន្ថ​វៈ​កូន​សិស្ស​មិន​ទាន់​គ្រប់​អាយុ ប្រ​ព្រឹត្ត​​នៅ​ភូមិ​ទឹក​ថ្លា​ សង្កាត់​​ភ្លើង​ឆេះ​រទេះ​ ​ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានី​ភ្នំពេញ។

លោក ជីម ស៊ី​ថា​ អធិការ​​ខណ្ឌ​ដង្កោ​​បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិ​ញ​ថា ​ជន​សង្ស័យ​ឈ្មោះ​ ចិន ​មករា​ អាយុ​ ២​៦​ ឆ្នាំ​ មុខ​របរ​ជា​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស រីឯ​ក្មេង​រង​គ្រោះ ឈ្មោះ ញ.ស អាយុ ១៥ ឆ្នាំ។

លោក​​ថ្លែង​ថា​៖ ​«​បុរស​សង្ស័យ​ បាន​សារភាព​ថា​​ គាត់​ពិត​ជា​បាន​ប្រព្រឹត្ត​លើ​ក្មេង​ស្រី​ ជា​សិស្ស​របស់​ខ្លួន​មែន​ ប៉ុន្តែ​ជា​ការ​ត្រូវ​រ៉ូវ​គ្នា​ទេ​។​ តែ​ទោះ​បីយ៉ាង​ណា​ ប្រសិន​បើ​គេ​ប្រព្រឹត្ត​គឺ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់»។

បើ​តាម​មន្រ្តី​នគរ​បាល​​ប៉ុស្តិ៍​រដ្ឋ​បាល​សង្កាត់​ក្រាំង​ពង្រ​ម្នាក់​ ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​​ បាន​ឲ្យ​ដឹង​កាល​​ពី​ម្សិល​មិញ​​ថា​ ពាក់​ព័ន្ធ​រឿង​​រំលោភ​សេពសន្ថវៈ​​នោះ ​គឺ​ខាង​ក្រុម​គ្រួសារ​ក្មេង​ស្រី​រងគ្រោះ ​បាន​ប្តឹង​មក​សមត្ថ​​កិ​ច្ច​របស់​លោក​ កាល​ពី​ថ្ងៃ​ទី ​១​៨ ខែ​មីនា​ដោយ​បាន​​ចោទ​ប្រកាន់បុរស​រូប​នោះ​​ថា​ ​​បាន​លួង​លោម​កូន​ស្រី​របស់​​គាត់​ ទៅ​រំលោភសេ​ពសន្ថវៈ​បាន​សម្រេច​ជា​ច្រើន​ដង​ផង​។​ ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​ លោក​ក៏​បាន​កំណត់​អត្តសញ្ញាណ​ និង​មុខ​សញ្ញា​របស់​ ជន​សង្ស័យ​ហើយ​ក៏​បាន​ស្នើ​ឲ្យ​ជន​រូប​នោះ​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​​ក្រាំង​ពង្រ។

លោក​ឲ្យ​ដឹង​​បន្ត​ថា​ តាម​បណ្តឹង​របស់​ក្រុម​គ្រួ​សារ​ក្មេង​រង​គ្រោះ​ថា​ ហេតុការណ៍​នេះ​ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី ​២​០ ​ដល់ថ្ងៃទី ២៤ ខែ​ធ្នូ​​ ឆ្នាំ​ ២​០​១​៨ ​មក ដោយ​ជន​សង្ស័យ​​ បាន​បបួល​ក្មេង​ស្រី​រង​គ្រោះ​ ដែល​ជា​កូន​សិស្ស​របស់​ខ្លួន​ ទៅ​ដើរ​លេង។

ពេល​នោះ ​ជន​សង្ស័យ ​​ដែល​ជា​នា​យក​រង​សា​លា​ភា​សា​អង់​គ្លេស​មួយ​ផង​នោះ ​បាន​​ឌុប​ក្មេង​ស្រី​រង​គ្រោះ​ ទៅ​ផ្ទះ​សំ​​ណាក់​ឈ្មោះ​ ​ភ្នំ​មាស​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​ទួ​ល​កី​ សង្កាត់​ភ្លើង​ឆេះ​រទេះ​ ខណ្ឌ​ដង្កោ​ ហើយ​បាន​ជួល​បន្ទប់​រួមភេទ​ជាមួយ​សិស្ស​របស់​ខ្លួន​តែ​ម្តង។

លោក​ថ្លែង​ថា​៖​ «​​សមត្ថកិច្ច​ មិន​អាច​ទៅ​ចាប់​ជន​នោះ​ភ្លាម​ៗ​បាន​ទេ​ ហើយ​​យើង​បាន​សុំ​យោបល់​ពី​ថ្នាក់​លើ​។ ខា​ង​​ថ្នាក់​លើ​បាន​ឲ្យ​យើង​អញ្ជើញ​គាត់​មក​សាក​សួរ​សិន​ ប៉ុន្តែ​បើ​ហេតុ​ការណ៍​កើត​​ឡើង​ភ្លាមៗ ​គឺ​យើង​អនុវ​ត្ត​ឃាត់​ខ្លួន​ ឬ​បង្ក្រាប​តែ​ម្តង​មិន​បាច់​សុំ​យោប​ល់​​ទេ​។ ​គាត់​ជិះ​ម៉ូ​តូ​មក​ប៉ុស្តិ៍​ខ្លួន​ឯង ​ហើ​យ​ថា​ គាត់​បាន​ចាប់​រំ​លោភ​ក្មេង​រង​គ្រោះ​បាន​ ២ ​ដង​ ប៉ុន្តែ​គាត់​ថា​ ជា​ការ​ត្រូវ​រ៉ូវ​គ្នា​ទេ»៕