កំពង់ឆ្នាំងៈ សាលាដំបូង​ខេត្ត​កំពង់​ឆ្នាំង ​បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​គ្រូបង្រៀន​ម្នាក់​ឈ្មោះ​ ប៉ុល ទិត្យ​ធានី ​ហៅ ​ប៉ូច ​ដាក់​ពន្ធនា​គារ​ជា​បណ្ដោះ​អាសន្ន​ ដោយ​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទល្មើស​ដើរ​ព្យាបាល ​និង​ចាក់ថ្នាំ​ប្រជាពលរដ្ឋ​ខុសច្បាប់​នៅ​តាម​មូលដ្ឋាន​ស្រុក​កំពង់​ត្រឡាច ​ដែល​គ្រួសារ​គ្រូ​បង្រៀន​​រូប​នេះ​ថា​ ជារឿង​នយោ​បាយ ​ប៉ុន្ដែ​មន្ត្រី​អះអាងថា​ ករណី​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នយោបាយ​នោះ​ទេ។

លោក​ ឈួន ស៊ីវិន ​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិល​មិញ​ថា ​សាលា​ដំបូង​ខេត្ត​បានសម្រេច​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ​ ប៉ុល ទិត្យ​ធានី ​អាយុ ៤៩ ឆ្នាំ ​រស់នៅ​ភូមិ​​ក្រ​សះ​ថ្មី ​ឃុំ​ឈូកស ​ស្រុក​កំ​ពង់​ត្រ​ឡាច មុខរបរ​ជា​គ្រូបង្រៀន​ នៅ​វិទ្យាល័យ​សម្ដេច​អគ្គ​ធម្ម​ពោធិសាល ​ជា ស៊ីម​ កំពង់​ត្រឡាច ​កាលពី​ល្ងាច​ថ្ងៃទី ១៧ ​ខែ​ ឧសភា។

លោក​បន្តថា​ ការឃុំខ្លួន​នេះ ​បន្ទាប់ពី​សមត្ថកិច្ច​បាន​ចាប់ខ្លួន​តាម​ដីកា​របស់​ព្រះរាជអាជ្ញា ​និង​តាម​បណ្ដឹង​របស់​មន្ទីរ​សុខា​ភិបាល​ខេត្ត​កំពង់​ឆ្នាំង​ ក្រោម​បទចោទ​ប្រកាន់ ​​«រំលោភ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល»​ តាម​មាត្រា ២៦ ​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ៦ ខែ​ដល់​ ២ ឆ្នាំ ​បន្ទាប់ពី​បុគ្គល​រូបនេះ​ ធ្លាប់​ត្រូវបាន​ព្រមាន ​ណែនាំ ​និងឲ្យ​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​ឲ្យ​បញ្ឈប់​សកម្មភាព។

លោក​បញ្ជាក់ថា​៖ «គាត់​ជាប់ចោទ​ពីបទ​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ដែល​ពុំមែន​ជា​អ្នក​មាន​វិជ្ជាជីវៈ​សុខា​ភិបាល​នៅ​ តាម​មូលដ្ឋាន​របស់​គាត់​ហ្នឹង ​ហើយ​ពាក្យបណ្ដឹង​នេះ​ គឺ​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ គេ​ប្ដឹង​មក​តុលាការ ​ហើយ​តុលាការ​ក៏​ធ្វើការ​តាម​ហ្នឹង​ទៅ»។

លោក​ ប្រាក់ វ៉ុន ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង ​កាលពី​ម្សិលមិញ​បាន​ថ្លែងថា ​មុនពេល​លោក​សម្រេចចិត្ត​ប្ដឹង​នេះ ​គឺ​មន្ត្រី​បានចេញ​សារ​ព្រមាន ​និង​ណែនាំ​ជាច្រើន​លើក​មក​ហើយ ​ជុំវិញ​សកម្មភាព​របស់​លោក​ប៉ុល ទិ​ត្យ​ធានី​ ដែល​មាន​ជំនាញ​ជា​គ្រូបង្រៀន ​ប៉ុន្ដែ​គាត់​ឆ្លៀត​ពេល​ទៅ​ដើរ​ព្យាបាល​និង​ចាក់ថ្នាំ​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់​ត្រឡាច​ ដោយ​គ្មាន​វិជ្ជាជីវៈ​ និង​ពុំមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​សុខាភិបាល ។

​ការលើកឡើង​ពី​ការ​ពាក់​ព័ន្ធ​នឹងរឿង​នយោបាយ​នោះ​ លោក​ថា​ការឃាត់ខ្លួន​ជា​រឿង​បទ​ល្មើស​របស់​បុគ្គល​រូប​នេះ​ផ្ទាល់​ដែល​បានធ្វើ​ខុសច្បាប់។

លោក​ថា​៖ «​អាហ្នឹង​ជា​រឿង​ស៊យ​ជាន់គ្នា​របស់​គាត់​ទេ​ យើង​ធ្វើតាម​ច្បាប់​រឿង​បទ​ល្មើស​បុគ្គល​គាត់​ទេ ​ប៉ុន្ដែ​បើ​គេ​ថា​ ខ្ញុំ​ធ្វើ​ហ្នឹង​ជារឿង​នយោបាយ ​ខ្ញុំ​ក៏​មិនដឹង​ថា​ម៉េច​ដែរ ​ព្រោះ​គាត់​ធ្លាប់​ធ្វើជា​មន្ត្រី​អតីត​បក្ស​ប្រឆាំង​មែន»។

ជុំវិញ​ការចោទ​ប្រកាន់​ទាំងនេះ ​កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្ដិ៍​មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​ទៅ​ក្រុម គ្រួសារ​លោក​ ប៉ុល ទិត្យ​ធានី ​ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​ករណី​នេះ​បាន​ទេ។

ប៉ុន្ដែ​អ្នកស្រី ហៃ ធា​រី ជា​ភរិយា​លោក ​ប៉ុល ទិត្យ​ធានី ​ត្រូវបាន​វិទ្យុ​អាស៊ីសេរី​ស្រង់​សម្ដីកាលពី​សប្តាហ៍មុន​ថា ​ប្ដី​អ្នកស្រី​មិនបាន​បើក​អាជីវកម្ម​ព្យាបាល​ជំងឺ​ដូច​ការចោទប្រកាន់​ទេ​ ព្រោះ​ទីតាំង​ដែល​បើក​កន្លែង​ព្យាបាល​ជំងឺ​នោះ ​ជា​របស់​កូនស្រី​អ្នកស្រី ​ដែលមាន​សញ្ញា​បត្រ​ពេទ្យ​បើក​ព្យាបាល​ជំងឺ​ត្រឹមត្រូវ។

អ្នកស្រី​ចាត់ទុក​ករណីនេះ​ថា ​ជាការគំរាម​កំហែង​ផ្នែក​នយោ​បាយ​​ដោយសារ​លោក​ ប៉ុល ទិត្យធានី ​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​គណបក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង។

អ្នកស្រី​ថ្លែងថា​៖ «បើ​សិនជា​រឿង​ចាក់​ថ្នាំ​ គឺ​​សមត្ថកិច្ច​ចាប់​ប្ដី​ខ្ញុំ​តាំងពី​យូរ​ណាស់​ហើយ។ មិនមែន​មក​ចាប់​ពេល​ប្ដី​ខ្ញុំ​គាត់​កំពុង​ហូបបាយ​ដូច្នេះ​ទេ ​គឺ​កូន​ខ្ញុំ​បើក​ព្យាបាល​ហ្នឹង​យូ​រឆ្នាំ​មក​ហើយ​។ បើ​គេ​ចាប់​គាត់​ទៅ​បង្រៀន​មិន កើត ​ហើយ​គេ​នឹង​លុបឈ្មោះ​ចេញ​ពី​គ្រូ​ដែរ»៕