ស្វាយរៀងៈ ករណីគ្រូពេទ្យនៅក្រុងស្វាយរៀងផ្សំថ្នាំឲ្យបុរសម្នាក់លេបស្លាប់ កាលពីថ្ងៃទី ៣០ កក្កដា បានចេញសំណងទៅឲ្យជនរងគ្រោះហើយ ប៉ុន្តែសមត្ថកិច្ចអះអាងថា សំណុំរឿងរបស់លោកគ្រូពេទ្យរូបនោះ នគរបាលក្រុងស្វាយរៀងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តហើយ ដោយសារថា សំណុំរឿងនេះនៅជាប់បណ្តឹងអាជ្ញា។
លោក យិន ចិន្តា នាយប៉ុស្តិ៍នគរបាលឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ប្រាប់ពីម្សិលមិញថា ជនរងគ្រោះឈ្មោះ ផេង សារ៉ាន់ ភេទប្រុស ឣាយុ ៤២ ឆ្នាំ មានលំនៅភូមិខ្នុរខាងត្បូង ឃុំស្វាយឣង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងមានប្រពន្ធនិងមានកូនប្រុស ៣ នាក់។
លោកបន្តថា បន្ទាប់ពីកើតហេតុមក សាច់ញាតិរបស់ជនរងគ្រោះបានធ្វើពាក្យបណ្តឹងមកសមត្ថកិច្ចរបស់លោក ហើយលោកបានធ្វើរបាយការណ៍ និងបញ្ជូនពាក្យបណ្តឹងបន្តទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ។ មន្ត្រីនគរបាលរូបនេះឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ៣០ កក្កដា ជនរងគ្រោះហូបបាយចេះតែអួលៗចុងដង្ហើមហើយបានទៅផ្ទះគ្រូពេទ្យនៅសង្កាត់ចេក ក្រុងខេត្តស្វាយរៀង។
លោកបន្តថា ពេលនោះគ្រូពេទ្យបានផ្សំថ្នាំក្រពះឲ្យជនរងគ្រោះសម្រាប់ទុកលេប ៧ ថ្ងៃ។ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃដដែលជនរងគ្រោះត្រឡប់មកពីផ្ទះពេទ្យ លុះដល់ម៉ោង ៩ និង ២០ នាទីជនរងគ្រោះចាប់ផ្តើមលេបថ្នាំ។ រហូតដល់ម៉ោងជាង ១១ ព្រឹកជនរងគ្រោះមានអាការចុកចុងដង្ហើម បន្ទាប់មកបែកពពុះមាត់ខ្វេដៃជើង ពេលនោះក្រុមសាច់ញាតិបានច្របាច់ដៃជើងឲ្យរហូតដល់ម៉ោង ១២ ថ្ងៃត្រង់ជនរងគ្រោះស្លាប់តែម្តង។
លោក គឹម ឡៃ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រាប់ម្សិលមិញថា សំណុំរឿងគ្រូពេទ្យនោះកំពុងដំណើរការនៅស្នងការដ្ឋាននគរបាលខេត្តនៅឡើយ ប៉ុន្តែគ្រូពេទ្យឈ្មោះ ហ៊រ សុវណ្ណា ចេញសំណងសងទៅគ្រួសារជនរងគ្រោះហើយ។ លោកបានថា៖ «គ្រូពេទ្យរូបនោះគាត់ចេញលុយសងទៅឲ្យប្រពន្ធជនរងគ្រោះហើយ តែខ្ញុំមិនដឹងប៉ុន្មានទេ»។
លោក ម៉ៅ សុខុន អធិការរងនគរបាលក្រុងស្វាយរៀងទទួលផែនយុត្តិធម៌ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញដែរថា ករណីលោកវេជ្ជបណ្ឌិតឈ្មោះ ហ៊រ សុវណ្ណា មិនបានរត់ទៅណាទេ បន្ទាប់ពីមានហេតុការណ៍ពាក់ព័ន្ធនឹងការផ្សំថ្នាំឲ្យអ្នកជំងឺស្លាប់នោះ។ ចំពោះសំណងវិញ គ្រូពេទ្យរូបនោះបានចេញសងទៅប្រពន្ធរបស់ជនរងគ្រោះហើយ។
លោកប្រាប់ថា៖ «ខ្ញុំដឹងថា គាត់សងជំងឺចិត្តគេ តែខ្ញុំមិនដឹងចំនួនលុយ ព្រោះទាំង ២ ភាគីគាត់សម្រុះសម្រួលគ្នាគាត់»។
មន្ត្រីនគរបាល ១ រូប នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងប្រាប់មិនឲ្យបញ្ចេញឈ្មោះឲ្យដឹងថា ករណីស្លាប់អ្នកជំងឺនេះខាងគ្រូពេទ្យចេញសំណងជំងឺចិត្តចំនួន ៤ ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងហើយ៕