ភ្នំពេញៈ ​ក្រុម​គ្រួសារ​សកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ ២ ​រូប​នៅ​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​ឡើង​មក​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំង​នេះ​ជួយ​អន្តរាគមន៍​ដោះលែង​កូន​របស់​ពួកគេ បន្ទាប់ពី​សាលា​ដំបូង​ខេត្ត​កោះកុង​ឃុំ​ខ្លួន​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​កញ្ញា​កន្លង​ទៅ​ដោយសារ​តែ​ពួកគេ​បាន​ទៅ​ថត​សាឡង់​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី យ៉ុងផាត់ ដែល​សង្ស័យ​ថា​មាន​ដឹក​ខ្សាច់​។

ការ​ស្នើសុំ​ឲ្យ​ជួយ​អន្តរាគមន៍​លើ​ការ​ឃុំឃាំង​កូន​របស់​ខ្លួន​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​តុលាការ​ខេត្ត​កោះកុង​គ្រោង​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ទាំង ២ ​រូប​នេះ​នៅ​ថ្ងៃ​ទី ២៥ ខែ​មករា​ឆ្នាំ​ ២០១៨ ​។

អ្នកស្រី ទី ម៉ារី ត្រូវ​ជា​ម្ដាយ​របស់​សកម្មជន​បរិស្ថាន​ឈ្មោះ ហ៊ុន វណ្ណៈ បាន​លើក​ឡើង​ថា​អ្នកស្រី​បាន​ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូនប្រុស​អ្នកស្រី​ជាច្រើន​ដង​មក​ហើយ ប៉ុន្ដែ​ពួកគេ​មិន​បាន​ឆ្លើយតប​អ្វី​ជា​មួយ​អ្នកស្រី​ទេ ដោយ​ខណៈ​នេះ​អ្នកស្រី​សម្រេច​ចិត្ត​ទៅ​ដាក់​លិខិត​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​។

អ្នកស្រី​បន្ត​ថា​ លិខិត​ស្នើសុំ​ជួយ​អន្តរាគមន៍​នេះ​គឺ​ដាក់​នៅ​ក្រសួង​បរិស្ថាន ក្រសួង​រ៉ែ និង​ថាមពល រដ្ឋសភា និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ «​ខ្ញុំ​រំពឹង​ថា​ស្ថាប័ន​ទាំង​នេះ​នឹង​ជួយ​អន្តរាគមន៍​ឲ្យ​ដោះលែង​កូនប្រុស​របស់​ខ្ញុំ ព្រោះ​ពួកគេ​មិន​បាន​ធ្វើ​អ្វី​ខុសច្បាប់​ទេ​ដោយ​ពួកគេ​គ្រាន់តែ​ថតរូប​ទេសភាព​តាម​សមុទ្រ​តែ​ប៉ុណ្ណោះ ពួកគេ​នៅ​ក្មេង​ណាស់​មិន​ដឹង​ពី​បញ្ហា​អ្វី​ច្បាស់​ទេ​»​។

អ្នកស្រី ដួង សាកធារី ត្រូវ​ជា​ម្ដាយ​សកម្មជន​បរិស្ថាន​ឈ្មោះ ឌឹម គុនឌី បាន​ថ្លែង​ថា​អ្នកស្រី​សង្ឃឹម​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នេះ​នឹង​ជួយ​អន្តរាគមន៍​ឲ្យ​តុលាការ​ខេត្ត​កោះកុង​ដោះលែង​កូនប្រុស​អ្នកស្រី​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​។

«​កូនប្រុស​របស់​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ​ដោយ​គ្រាន់តែ​ពួកគេ​ថតរូប​ទេសភាព​តាម​មាត់សមុទ្រ ហើយ​កន្លង​មក​ដែល​ពួកគេ​បាន​ធ្វើ​នេះ យើង​អាច​ចាត់ទុក​ថា​ពួកគេ​ធ្វើ​ដើម្បី​ជាតិ​របស់​យើង​ទៅ​វិញ​ទេ បើ​កូន​ខ្ញុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ច្បាប់ ខ្ញុំ​ក៏​មិន​មក​ទាមទារ​បែប​នេះ​ដែរ តែ​នេះ​គ្នា​គ្មាន​ខុស​អ្វី​ទេ​»​។

តាម​លិខិត​របស់​ម្ដាយ​សកម្មជន​បរិស្ថាន​ទាំង​ ២ ​រូប​ដែល​សុំ​ជួប​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​សរសេរ​ថា​៖ «​កូនៗ​របស់​យើង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ហើយ​ការ​ចូលរួម​របស់​ពួកគេ គឺ​ស្រប​ទៅ​នឹង​សេចក្ដី​អំពាវនាវ​របស់​រដ្ឋាភិបាល​ក៏​ដូចជា​ក្រសួង​បរិស្ថាន​ផ្ទាល់ ដែល​បាន​អំពាវនាវ​ឲ្យ​យុវជន​ចូលរួម​ឃ្លាំ​មើល និង​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ប៉ុន្ដែ​នៅ​ពេល​ដែល​ពួកគេ​ចូលរួម​បែរ​ជា​មាន​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​មិន​មាន​ដំណោះស្រាយ​អ្វី​ទៅ​វិញ​។ ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​កូនៗ​យើង​ខ្ញុំ​ដែល​កំពុង​ជាប់​ឃុំឃាំង​ដោយ​អយុត្តិធម៌ ដូច្នេះ​ទើប​យើង​ខ្ញុំ​ស្នើសុំ​ជួប​ឯកឧត្តម​ដើម្បី​បង្ហាញ​អំពី​ទុក្ខ​កង្វល់ និង​ផល​លំបាក​របស់​ពួកគេ​ក៏​ដូចជា​យើង​ខ្ញុំ​ជា​ម្ដាយ​បង្កើត​គឺ​មាន​ការ​អាណិត​អាសូរ និង​នឹក​រឭក​កូនៗ​ជា​ខ្លាំង​»​។

លោក លី ហួត មន្ត្រី​រដ្ឋបាល​នៃ​ក្រសួង​បរិស្ថាន​ដែល​បាន​ចេញ​មក​ទទួល​ញត្តិ​កាលពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា​លោក​គ្រាន់តែ​អាច​ទទួល​យក​បញ្ហា​របស់​ពួកគាត់​តែ​ប៉ុណ្ណោះ​។

លោក​និយាយ​ថា​៖ «​ខ្ញុំ​ទទួល​បញ្ហា​ដែល​ពួកគាត់​ដាក់​មក​ដើម្បី​ពិនិត្យ​ពី​បញ្ហា​ដែល​បាន​ស្នើ​ ឬ​ដាក់​មក​កាន់​ក្រសួង ប៉ុន្ដែ​លទ្ធផល​បែប​ណា​ខ្ញុំ​មិនមែន​ជា​អ្នក​សម្រេច​ទេ​ហើយ​រង់ចាំ​ការ​សម្រេច​របស់​ថ្នាក់​លើ​»​។

ការ​ឃុំ​ខ្លួន​សកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ​លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ​នេះ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២២ ក្នុង​នោះ​ក៏​មាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ផង​ដែរ​នោះ​កាលពី​ថ្ងៃ​ទី​ ១៤ ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ និង​ដោះលែង​អ្នក​ទាំង​ ២ ​នាក់​នោះ​ជា​បន្ទាន់​។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ហៅ​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​ ២ ​នាក់​នោះ​ថា ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុផល​ធ្វើ​តាម​អំពើ​ចិត្ត និង​ជា​ចេតនា​ប៉ុនប៉ង​បិទ​សំឡេង ដាក់​ទណ្ឌកម្ម​ទៅ​លើ​ការងារ​ស្រប​ច្បាប់​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្នែក​បរិស្ថាន​។

លោក ហ៊ុន វណ្ណៈ និង​លោក ឌឹម គុនឌី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០១៧ ក្នុង​ពេល​ពួកគាត់​កំពុង​ថតរូប​សាឡង់​ធំៗ​ ២ ​គ្រឿង​នៅ​ស្រុក​ព្រែកខ្សាច់ ខេត្ត​កោះកុង​ដែល​ពួកគាត់​សង្ស័យ​ថា​កំពុង​ដឹក​ខ្សាច់​នាំ​ចេញ​ខុស​ច្បាប់​។ ពួកគាត់​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កោះកុង​ពី​បទ​ «​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​» និង «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​»​។

លោក​ សំ ចំរើន មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​ទាំង ២ ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៅ​ក្នុង​ការ​តតាំង​រឿង​ក្តី​នេះ​ហើយ​និង​ខំប្រឹងប្រែង​ឱ្យ​អស់​លទ្ធភាព​ដើម្បី​រក​យុត្តិធម៌​ជូន​កូនក្តី​របស់​លោក​។

លោក​ អ៊ុន សុវណ្ណធារី ព្រះរាជអាជ្ញារង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អធិប្បាយ​ដោយ​ថ្លែង​ថា​៖​ «​ខ្ញុំ​កំពុង​រវល់​ខ្លាំង​ណាស់​មិន​អាច​និយាយ​ទូរស័ព្ទ​បាន​ទេ​»​។

នៅ​ដើម​ឆ្នាំ ២០១៥ ប្រធាន​អង្គការ​មាតា​ធម្មជាតិ​គឺ​លោក Alejandro Gonzalez Davidson ត្រូវ​បាន​រដ្ឋាភិបាល​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោម​ហេតុផល​ថា​ទិដ្ឋាការ ឬ​វីសា​របស់​ជនបរទេស​ដែល​តែងតែ​ចេញ​មុខ​ការពារ​ធនធាន​ធម្មជាតិ​រូប​នេះ​ផុត​កំណត់​។

អង្គការ​មាតា​ធម្មជាតិ​ត្រូវ​គេ​ដឹង​ថា​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​ខេត្ត​កោះកុង​ជាពិសេស​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​អាជីវកម្ម​បូម​ខ្សាច់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។ ទោះ​ជា​យ៉ាង​ណា​នៅ​ទីបំផុត​ក្រសួង​មហាផ្ទៃ​បាន​សម្រេច​លុប​ឈ្មោះ​អង្គការ​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ​ ២០១៧៕