ភ្នំពេញៈ ក្រុមគ្រួសារ​លោកស្រី ស៊ឹង ស៊ីយុត អតីត​សមាជិក​លេខាធិការដ្ឋាន គណៈកម្មការ​ទី​ ៧ នៃ​ព្រឹទ្ធសភា​បាន​ប្រគល់​កុលាលភាជន៍​បុរាណ​ចំនួន​ ៥៨ ទៅ​ឲ្យ​នាយកដ្ឋាន​បុរាណវត្ថុ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដើម្បី​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​របស់​ជាតិ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​សិក្សា​ស្រាវជ្រាវ​អំពី​គំរូ​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​។

លោក ហេង កំសាន្ត ប្រធាន​នាយកដ្ឋាន​បុរាណវត្ថុ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា កុលាលភាជន៍​ដែល​ជា​វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ​មាន​ប្រភព​មកពី​ខេត្ត​ភាគ​បស្ចិម​នៃ​ប្រទេស​កម្ពុជា​នា​សម័យបុរាណ ឬ​ពី​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ នាពេល​បច្ចុប្បន្ន​។ លោក​ កំសាន្ត​ បញ្ជាក់​ថា​៖ «​ក្នុងចំណោម​កុលាលភាជន៍​ទាំង​ ៥៨ ​នោះ​មាន​មួយ​ចំនួន​មាន​អាយុកាល​ជាង​ ៤០០ ​ឆ្នាំ​មុន​សម័យ​បុរេប្រវត្តិសាស្ត្រ ឬ​មុន​គ្រិស្តសករាជ​។

ចំណែក​មួយ​ចំនួន​ទៀត​ត្រូវបាន​គេ​កសាងឡើង​ ឬ​ផលិតឡើង​នៅក្នុង​យុគសម័យ​អង្គរ​ និង​ខ្លះទៀត​ក្នុងអំឡុង​សតវត្សរិ៍​ទី​ ១៦ និង​សតវត្សរ៍​ទី​​ ១៧»​។ លោក​បន្ត​ថា​បច្ចុប្បន្ន​កុលាលភាជន៍​ទាំងនោះ​ត្រូវ​បាន​ក្រុមមន្ត្រី​ជំនាញ​នាំយក​ទៅ​ដុសលាង​សម្អាត​សម្លាប់​មេរោគ និង​ជាតិ​អំបិល ដើម្បី​រៀបចំ​ចងក្រង​ឯកសារ និង​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ជាតិ មុនពេល​នាំ​យក​ទៅ​ដាក់តាំង​ក្នុង​សារមន្ទីរ​ជាតិ សម្រាប់​ឲ្យ​ពលរដ្ឋ​ដែល​ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​ស្វែងយល់​ពី​ស្នាដៃ​សិល្បៈ​របស់​បុព្វបុរស​ខ្មែរ​។

បើ​តាម​លោក កំសាន្ត ពិធី​ប្រគល់ និង​ទទួល​កុលាលភាជន៍​ដែល​ជា​វត្ថុ​សិល្បៈ​បុរាណ​ទាំងនោះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​តាម​បណ្ដាំ​របស់​លោកស្រី ស៊ឹង ស៊ីយុត អតីត​សមាជិក​លេខាធិការដ្ឋាន​គណៈកម្មការ​ទី ៧ ​នៃ​ព្រឹទ្ធសភា​។

លោកស្រី ស៊ឹង ស៊ីយុត បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​ ២៧ ខែ​កក្កដា ឆ្នាំ​ ២០១៩ ដោយ​រោគាពាធ​ក្នុង​អាយុ​ ៧១ ​ឆ្នាំ​។

គួរ​បញ្ជាក់​ថា​កាលពី​ ២ ​ខែ​មុន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ក៏​បាន​ទទួល​នូវ​បុរាណវត្ថុ​ចំនួន​ ៨៥ ​ដុំរូប​ពី​សប្បុរសជន​ជនជាតិ​ជប៉ុន​ផងដែរ​៕