
អ្នកស្រី ង៉ែត ឃុត និងសកម្មជនបឹងកក់ផ្សេងទៀតនៅតុលាការ កាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ ក្រុមគ្រួសារសកម្មជនដីធ្លីបឹងកក់ចំនួន ៤ នាក់ ត្រូវបានតុលាការបើកសវនាការជំនុំជម្រះពីម្សិលមិញ ពាក់ព័ន្ធនឹងការចោទប្រកាន់ ក្នុងបទប្រើហិង្សា ដោយចេតនា កាលពីជិត ២ ឆ្នាំមុន។
លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅឲ្យក្រុមគ្រួសារសកម្មជនដីធ្លីចំនួន ៤ នាក់ មានឈ្មោះ អ្នកស្រី ង៉ែត ឃុន អ្នកស្រី អេង ហួយ អ្នកស្រី អេង ស្រីហ៊ាង និងអ្នកស្រី អេង សុខា ឲ្យចូលរួមសវនាការពីម្សិលមិញ ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់លើខ្លួន តាមមាត្រា ២១៧ បទហិង្សាដោយចេតនា ដែលបានប្រព្រឹត្តនៅចំណុចមុខវិហារអ៊ិស្លាម កាលពីខែមិថុនា ឆ្នាំ ២០១៧។
អ្នកស្រី ង៉ែត ឃុន ហៅយាយមុាំមី ដែលជាសកម្មជនតវ៉ាសិទ្ធិដីធ្លីមានវ័យជិត ៨០ ឆ្នាំ បានថ្លែងក្រោយបញ្ចប់សវនាការកាលពីម្សិលមិញថា ក្នុងសវនាការនេះ គឺគ្មានភាគីដើមបណ្តឹងចូលខ្លួនមកតតាំងក្តីនោះទេ គឺមានតែក្រុមគ្រួសាររបស់ខ្លួនទាំង ៤ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទហិង្សាដោយចេតនាតែប៉ុណ្ណោះ។
អ្នកស្រីយល់ថា ការកោះហៅពួកខ្លួនក្នុងពេលនេះ គឺជាការកៀបសង្កត់ និងរារាំងពួកខ្លួនកុំឲ្យមានការចូលរួមសកម្មភាពនៃការតវ៉ាជាមួយភរិយាលោក រ៉ាត់ រ័ត្នមុនី តែប៉ុណ្ណោះ ព្រោះការចោទប្រកាន់នេះ គឺមិនត្រឹមត្រូវនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «ការកោះហៅពួកខ្ញុំហ្នឹង ចាប់ផ្តើមតាំងពីពួកខ្ញុំបានចូលរួមតវ៉ាជាមួយអ្នកស្រី គឹមហ៊ាង ទាមទារឲ្យដោះលែងលោក រ៉ាត់ រ័ត្នមុនី ព្រោះពួកគេចង់បំបែកពួកយើង។ យ៉ាងណាពួកខ្ញុំនៅតែបន្តការចូលរួមជួយលោកគ្រូមុនី បើទោះជាមានការរារាំងក៏ដោយ ព្រោះខ្ញុំចង់បានយុត្តិធម៌»។
អ្នកស្រី អេង សុខា កូនស្រី និងត្រូវជាជនជាប់ចោទម្នាក់ទៀត បាននិយាយដែរថា ការកោះហៅពួកខ្លួននៅពេលនេះ ហាក់មានការសង្ស័យយ៉ាងខ្លាំង ព្រោះថា នៅពេលកោះហៅឲ្យចូលនោះ តុលាការ ព្យាយាមដាក់បន្ទុកមកលើខ្លួន បន្ទាប់មកចៅក្រមជំនុំជម្រះ ឈ្មោះ រស់ សាម៉ីឌី បានបង្ខំឲ្យពួកខ្លួនផ្តិតមេដៃលើកំណត់ហេតុដោយពុំដឹងពីអត្ថន័យក្នុងលិខិត បើទោះជាពួកខ្លួន ស្នើសុំអាន និងមិនព្រមផ្តិតមេដៃក៏ដោយ។
អ្នកស្រីបញ្ជាក់ថា៖ «ឯក្រឡាបញ្ជីឈ្មោះ នៅ សុបិន សរសេរកំណត់ហេតុបំផ្លើសថា ១ ជេរលើជនរងគ្រោះ ២ អេង ហួយនៅក្នុងហេតុការណ៍ចូលបំបែក ទាំងដែលពួកខ្ញុំមួយចំនួន មិនបាននៅកន្លែងផង។ វាអយុត្តិធម៌ណាស់ សង្ឃឹមថា តុលាការនឹងលើកការចោទប្រកាន់មកពួកខ្ញុំ»។
អ្នកស្រី សាត ផា ដើមបណ្តឹងនៃរឿងក្តីហិង្សានេះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ខ្លួនពិតជាមានជម្លោះជាមួយចុងចម្លើយនោះពិតមែន ហើយភ្លាមៗ ក្រោយមានជម្លោះ ខ្លួនក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍សង្កាត់ស្រះចក ដើម្បីស្វែងរកយុត្តិធម៌ ពីការបាត់បង់ទ្រព្យសម្បត្តិដែលខ្លួនមាន តែក្រោយពីការដាក់ពាក្យប្តឹងនេះមក គឺខ្លួនមិនដែលដឹង និងត្រូវបានតុលាការកោះហៅក្នុងនាមជាដើមបណ្តឹងម្តងណាឡើយ ហើយក្នុងករណីសវនាការលើកនេះ ក៏ខ្លួនពុំបានដឹងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំសុំឲ្យតែមានយុត្តិធម៌ តែការខ្ញុំដាក់ពាក្យប្តឹងហ្នឹង ខ្ញុំខឹងពេក ដែលសុខៗមកវ៉ៃខ្ញុំ ហើយបាត់លុយ និងទូរស័ព្ទរបស់ខ្ញុំ អ៊ីចឹងខ្ញុំចង់ឲ្យមានសំណងមកខ្ញុំ តែតុលាការគេចោទពីអី ក៏ខ្ញុំអត់ដឹងដែរ ព្រោះខ្ញុំមិនដែលបានទទួលលិខិតអីពីតុលាការសោះ តាំងពីខ្ញុំដាក់ប្តឹងហ្នឹង»។
លទ្ធផលនៃសវនាការ យ៉ាងណានោះ តុលាការនឹងប្រកាសសាលក្រមសម្រេចលើសកម្មជនទាំង ៤ នាក់ នាថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០១៩។
ភ្នំពេញប៉ុស្តិ៍ មិនអាចសុំការអត្ថាធិប្បាយពីលោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ កាលពីថ្ងៃម្សិលមិញ ព្រោះលោកមិនឆ្លើយតប៕