បន្ទាយមានជ័យៈ គ្រឿងក្នុង​ជ្រូក​ចំនួន​ ១៦ ​កេស ស្មើនឹង​ ១ ០៩៤ ​គីឡូក្រាម ត្រូវបាន​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ចាប់​បាន​ និង​ដុត​កម្ទេចចោល ដោយសារ​មាន​ក្លិន​មិនល្អ និង​មាន​ដាក់​ថ្នាំ​រក្សា​ឲ្យ​បានយូរ រីឯ​អ្នកបើក​រថយន្តក្រុង សមត្ថកិច្ច​កំពុង​សាកសួរ បន្ទាប់ពី​បង្ក្រាប​បាន​កាលពី​ថ្ងៃទី​ ៣០ វិច្ឆិកា នៅ​ភូមិ​ ៣ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

លោក​ ចាប សុផារិទ្ធ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ប្រាប់​កាលពី​ថ្ងៃទី​ ២ ខែ​ធ្នូ ថា​ករណី​គ្រឿងក្នុង​ជ្រូក​ចំនួន​ ១ ០៩៤​ គីឡូក្រាម ដែល​នាំចូល​ពី​ប្រទេស ​ថៃ​ ហើយ​ដែល​សមត្ថកិច្ច​របស់​លោក​ចាប់បាន​នោះ លោក​បាន​ដុត​កម្ទេចចោល​ហើយ​កាលពី​ថ្ងៃទី​ ១ ខែធ្នូ​។ ចំពោះ​ផលិតផល​នេះ​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា គ្រឿងក្នុង​ជ្រូក​ដែល​ចាប់​បាន​នេះ​មុន​នឹង​ដុត​កម្ទេចចោល​ក៏​មាន​ការចូលរួម​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ​ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។ មន្ត្រី​ជំនាញ​បញ្ជាក់ថា សាច់ គ្រឿងក្នុង​ជ្រូក​ទាំង​​ ៨ ​ប្រភេទ​នោះ​មាន​ក្លិន​មិនល្អ និង​មាន​ដាក់​ថ្នាំ​កុំ​ឲ្យ​ឆាប់​ស្អុយ​ដែល​នេះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។

លោក​ស្នងការរង​ប្រាប់ថា​ក្នុង​ការបង្ក្រាប​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ម្នាក់​ឈ្មោះ​ សៅ នរ៉ា ភេទ​ប្រុស អាយុ​ ៤៥ ​ឆ្នាំ ​នៅ​ភូមិ​ក្រួស សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​លោក​មិនទាន់​ប្រាកដថា នឹង​ត្រូវ​ឃុំខ្លួន​ជន​នោះ​ឬ​យ៉ាងណា​ទេ អាស្រ័យ​លើ​ព្រះរាជអាជ្ញា​ជា​អ្នកសម្រេច​។

លោក​ ចាប សុផារិទ្ធ ថ្លែងថា​៖ «​ពាក់ព័ន្ធ​ការឃុំខ្លួន​យ៉ាងណា​នោះ​ខ្ញុំ​មិនទាន់​ច្បាស់​ទេ ព្រោះ​ខ្ញុំ​កំពុង​សាកសួរ​គាត់​រក​មូលហេតុ​ពិត​ជុំវិញ​ការដឹក​ទំនិញ​នេះ​»​។

លោក​រំឭកថា​កាលពី​ថ្ងៃទី​ ៣០ ខែ ​វិច្ឆិកា ឆ្នាំ​ ២០១៩ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា មាន​រថយន្ត​ ១ ​គ្រឿង​បាន​ដឹក​កេស​ទំនិញ​គួរ​ឲ្យ​សង្ស័យ​នៅ​ចំណុច​ភូមិ​ ៣ សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ​។ ពេលនោះ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ចំនួន​ ៤ ​នាក់​ ចុះ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ ១ ​គ្រឿង ​របស់​ក្រុមហ៊ុន​ឫទិ្ធ មុនី ម៉ាក​មីតស៊ុយប៊ីហ្ស៊ី ពណ៌​ខៀវ ផលិត​ឆ្នាំ​ ១៩៩៨ ពាក់​ស្លាក​លេខ​បាត់ដំបង​ 3A-0224 នៅ​ចំណុច​ចំណត​រថយន្ត​ក្រុង​សិរីសោភ័ណ​។ ក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច​បាន​ឆែកឆេរ​ឃើញ​កេស​ចំនួន​ ១៦ ដែល​ក្នុង​កេស​នោះ​មាន​ផលិតផល​គ្រឿងក្នុង​ជ្រូក​។

លោក​បន្តថា ក្រោយ​ប្រមូល​កេស​ទំនិញ​ពី​រថយន្តក្រុង​ដឹក​អ្នកដំណើរ​នោះ​ដែលមាន​ការចូលរួម​ពី​ព្រះរាជអាជ្ញា​ផង​នោះ សមត្ថកិច្ច​ឆែក​ឃើញ​មាន​ប្រភេទ​គ្រឿងក្នុង​ជ្រូក សាច់ជ្រូក ដូចជា ឆ្អឹងជំនីរ​ជ្រូក ទម្ងន់​ ២០២ ​គ.ក្រ អណ្តាត​ជ្រូក​ទម្ងន់​ ៧០ ​គ.ក្រ ត្រចៀកជ្រូក​ទម្ងន់ ២២២ ​គ.ក្រ បេះដូង​ជ្រូក​ទម្ងន់​ ៨៧ ​គ.ក្រ ខួរ​ជ្រូក​ទម្ងន់ ៦៧ ​គ.ក្រ ពោះវៀន​ជ្រូក​ទម្ងន់ ២៧៧ ​គ.ក្រ ក្រលៀន​ជ្រូក​ទម្ងន់​ ៨៧ ​គ.ក្រ ក្រពះ​ជ្រូក​ទម្ងន់ ​៨៥ ​គ.ក្រ ​ដែល​សរុប​ទាំងអស់​មាន​ទម្ងន់​ ១ ០៩៤ គ.ក្រ​។

លោក​ឲ្យ​ដឹងថា បើ​តាម​ចម្លើយ​របស់​អ្នកបើក​រថយន្ត​ឈ្មោះ​ សៅ នរ៉ា បាន​សារភាពថា គាត់​ទើប​តែ​ស៊ីឈ្នួល​ដឹក​គ្រឿងក្នុង​ជ្រូក​នេះ​បាន​ចំនួន​ ២ ​លើក យក​នៅ​ចំណុច​ទល់មុខ​វត្ត​ម៉ុងចិន​ក្នុង​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។ ពេល​ដឹក​មកដល់​រាជធានី​ភ្នំពេញ​មាន​អ្នក​ចាំ​ទទួល​យក​នៅ​ផ្សារ​ធំថ្មី​។ ចំពោះ​សេវា​ដឹក​គឺ​គាត់​យក​ ១ ​កេស​ តម្លៃ​ ២ ​ម៉ឺន​រៀល ប៉ុន្តែ​មិន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​រថយន្តក្រុង​ ឫទ្ធិ មុនី ទេ​។

លោក​ សុផារិទ្ធ ប្រាប់ថា​ដោយឡែក​ឈ្មោះ​ សូត្រ សុគន្ធរស់ ភេទ​ប្រុស អាយុ​ ៣៥ ​ឆ្នាំ​ មាន​លំនៅ ភូមិ​មិត្តភាព សង្កាត់-ក្រុង​ប៉ោយប៉ែត ដែល​ជា​ម្ចាស់​ទំនិញ​គ្រឿងក្នុង​ជ្រូក​បាន​ប្រាប់​សមត្ថកិច្ច​ថា គាត់​បាន​ជួញដូរ​ទំនិញ​ប្រភេទ​នេះ​រយៈពេល​ ២ ​ខែ​មកហើយ ឯ​សមត្ថកិច្ច​ក៏​មិន​ដែល​ចាប់​បាន​ទំនិញ​នេះដែរ​៕