ភ្នំពេញៈ ទីតាំង​ស្តុក​ និង​ចែកចាយ​គ្រឿងសម្អាង​ជាង​ ១០ ​តោន​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ចុះ​បង្ក្រាប និង​ហៅ​ម្ចាស់​ទីតាំង​ទៅ​សាកសួរ​ពី​ម្សិលមិញ ដោយ​អះអាង​ថា​បាន​រំលោភ​កម្មសិទ្ធិបញ្ញា និង​ខុសច្បាប់​ស្ថិត​នៅ​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ខណ្ឌ​បឹងកេងកង​។ ប៉ុន្តែ​ការហៅ​ម្ចាស់​ទីតាំង​ទៅ​សាកសួរ​នោះ​មិនទាន់​បង្ហាញ​លទ្ធផល​នៅឡើយ​ទេ​។

លោក​ ស៊ីម ពិសិដ្ឋ អធិការនគរបាល​ខណ្ឌ​បឹងកេងកង​ថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ដំណឹង​នេះ ប៉ុន្ដែ​របាយការណ៍​នានា ឬ​ចំណាត់ការ​យ៉ាងណា លោក​មិន​បានដឹង​ទេ​។ លោក​ប្រាប់ថា មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ចុះមក​ចាត់វិធានការ​ផ្ទាល់​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​រឿង​របាយការណ៍ ឬ​បន្ត​នីតិវិធី​ច្បាប់​បែបណា​ទៀត ខ្ញុំ​អត់​ដឹង​ទេ ហើយ​មន្ត្រី​ខ្ញុំ​ក៏​គាត់​ចូលរួម​ដែរ តែ​គាត់​មិនដឹង​រឿង​អ្វី​ទេ​។ សូម​សួរ​ទៅ​មន្ត្រី​ជំនាញ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ព្រោះ​គាត់​អ្នកចាត់ចែង​ផ្ទាល់​»​។

លោក​ ចាន់ វ៉ាន់ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​នៅពេល​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ​។ ចំណែកឯ លោក​ ឡុង ស្រេង អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​ពី​ម្សិលមិញ​ថា លោក​មិន​បានដឹង​អំពី​ប្រតិបត្តិការ​នេះ​ទេ​។

លោក​ ពៅ ពិដោរ នាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សង្កាត់​ទួលស្វាយព្រៃ​ទី​ ១ ​បានថ្លែង​ពី​ម្សិលមិញ​ថា លោក​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ជាមួយ​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ​ដែរ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​គេ​ចាត់ចែង​អ្វី​យ៉ាងណាទេ ព្រោះ​ខ្ញុំ​គ្រាន់តែ​ឈរ​យាម​នៅ​ខាងក្រៅ​ផ្ទះ​។ ខ្ញុំ​ឃើញ​គេ​ហៅ ម្ចាស់​ទីតាំង​ហ្នឹង​ទៅ​សាកសួរ​ដែរ តែ​ខ្ញុំ​មិន​ដឹង​ពី​លទ្ធផល​បែបណា​ទេ​»​។

តាម Fresh News បាន​ស្រង់​សម្តី​មន្ត្រី​នគរបាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ដោយ​មាន​ការអនុញ្ញាត​ពី​លោក​ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កម្លាំង​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​នៅ​ទីតាំង​ខាងលើ​។ ផលិតផល​ទាំងនេះ​ពាក់ព័ន្ធ​ករណី​សង្ស័យ​នាំចូល​ស្តុក​ចែកចាយ​ផលិតផល​គ្រឿងសម្អាង​រំលោភ​កម្មសិទ្ធិបញ្ញា និង​ផលិតផល​ខុសច្បាប់​ជាច្រើន​ប្រភេទ​។

លោក​បន្តថា សមត្ថកិច្ច​បាន​រកឃើញ​សម្ភារ​ដែល​ជា​វត្ថុតាង​មួយ​ចំនួន​ដូចជា សាប៊ូ​ចំនួន​ ១ ០៤០ ​កេស ស្មើនឹង​ ១១ ១១២ គីឡូក្រាម ច្រាស់​ដុសធ្មេញ​ចំនួន​ ៣ ៥០០ ​គីឡូក្រាម និង​គ្រឿងសម្អាង​ចម្រុះ​ចំនួន​ ៤៨០ ​គីឡូក្រាម​។ ក្រោយ​ត្រួតពិនិត្យ សមត្ថកិច្ច​រកឃើញ​ថា ផលិតផល​មួយចំនួន​ក្លែង​ម៉ាក​សញ្ញា ក្លែងបន្លំ​ប្រភព​ផលិត និង​ពុំមាន​លេខប្រវេទន៍​ត្រឹមត្រូវ ដូចនេះ​សមត្ថកិច្ច​ចម្រុះ​សម្រេច​ដកហូត​ជា​បណ្តោះអាសន្ន​។

លោក​ថា ចំពោះ​វត្ថុតាង​ផ្សេងទៀត​ជា​ទំនិញ​គ្មាន​លេខ​ប្រវេទន៍​ពី​ក្រសួង​សុខាភិបាល ដូចនេះ​សមត្ថកិច្ច​ចម្រុះ​សម្រេច​ធ្វើការ​ឃាត់ទុក និង​ដកហូត​ជា​បណ្តោះអាសន្ន​ដែរ​ដោយ​ប្រគល់​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើការ​គ្រប់គ្រង​មិន​ឲ្យ​បាត់បង់​ ឬ​ខូច​ទ្រង់ទ្រាយ​ដើម​ទេ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​ពិនិត្យ​បន្ត​រង់ចាំ​ការសម្រេច​ពី​តុលាការ​។

មន្ត្រី​នគរបាល​រូប​នោះបាន​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​ចម្រុះ​បាន​ដកហូត​គ្រឿង​សម្អាង​ក្នុង​ ១ ​មុខ ២ ដប ឬ​ ២ ​ដុំ ដើម្បី​យក​ទៅ​ធ្វើការ​ពិសោធ​នៅ​កន្លែងជំនាញ​។ ដោយឡែក​ចំពោះ​ម្ចាស់​ទីតាំង​ឈ្មោះ មឿន សុខស៊ីថា ត្រូវបាន​អញ្ជើញ​ទៅ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី​តាមច្បាប់​»៕