ភ្នំពេញៈ ​មន្ត្រី​ពាក់ព័ន្ធ​បានឱ្យដឹង​ពីថ្ងៃ​ ៧ កុម្ភៈ​ថា ក្នុង​សប្ដាហ៍​ទី​ ១ ​ដើម​ខែ​កុម្ភៈ​នេះ​គ្រោះ​អគ្គិភ័យ​បាន​បង្ក​ឱ្យ​មនុស្ស​នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន​ ២ ​យ៉ាងតិច​ ៣ ​នាក់​រងរបួស និង​ឆេះ​ខូចខាត​អគារ​សាលារៀន​ ១ ​ខ្នង​មាន​ ៤ ​បន្ទប់ ឃ្លាំង​ស្តុក​ទំនិញ​ចំនួន ២ ព្រមទាំង​ឆេះ​ខូចខាត​ព្រៃឈើ​ជាង​ ១០០ ​ហិកតា​។

លោក ព្រំ យ៉ន ប្រធានការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កាលពី​ថ្ងៃ​ ៦ កុម្ភៈ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ក្នុង​ខណ្ឌ​ចំនួន​ ២ ក្នុង​រាជធានី​ភ្នំពេញ បង្ក​ឱ្យ​បុរស​ ២ ​នាក់​រងរបួស និង​ឆេះ​ខូចខាត​ទំនិញ​ក្នុង​ឃ្លាំង​ចំនួន​ ២ ​អស់​ទាំង​ស្រុង​។

បើតាម​លោក យ៉ន នៅ​ព្រឹក​ថ្ងៃ​ ៦ កុម្ភៈ មាន​គ្រោះ​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​ទំនិញ​ទំហំ​ ១៦ ​ម៉ែត្រ​ x២៥ ​ម៉ែត្រ​ធ្វើ​ពី​ដែក ប្រក់​ស័ង្កសី នៅ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល​។ ទំនិញ​ក្នុង​ឃ្លាំង​ដែល​ភាគច្រើន​ជា​កាវ​បិទ​ស្បែកជើង​ និង​សាំង​ក្រអូប រួមទាំង​សម្ភារ​មួយចំនួន​ទៀត​ត្រូវ​បាន​ឆេះ​អស់ ហើយ​បាន​បង្ក​របួស​មនុស្ស​ ២ ​នាក់​ក្នុង​នោះ​ម្នាក់​ឈ្មោះ Peng Quiyun ​អាយុ​ ២៩ ​ឆ្នាំ​ជា​ជន​ជាតិចិន ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ទំនិញ​ក្នុង​ឃ្លាំង និង​ម្នាក់ទៀត​ឈ្មោះ ជ័យ ស៊ីធឿន អាយុ​ ២៤ ​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នកបើកបរ​។

លោក​បាន​បន្តថា ក្រោយពី​អគ្គិភ័យ​នេះ​ត្រូវបាន​ពន្លត់​អស់ ស្រាប់តែ​នៅ​ម៉ោង ​១២:៣០ ​នាទី​ក្នុង​ថ្ងៃ​ដដែល​នោះ​ក៏​មាន​គ្រោះ​អគ្គិភ័យ​មួយទៀត​កើតឡើង​នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ ដោយបាន​ឆេះ​ឃ្លាំង​ស្តុក​គ្រឿងបន្លាស់​រថយន្ត​ទំហំ ៥ ​ម៉ែត្រ x៧ ​ម៉ែត្រ​រួមទាំង​ទំនិញ​ក្នុង​ឃ្លាំង​នោះ​ខូចខាត​ទាំងស្រុង​។

លោក យ៉ន បាន​បញ្ជាក់ថា​៖ «​ករណី​ឆេះ​ឃ្លាំងទំនិញ​ទាំង​ ២ ​នេះ​គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​»​។

លោក​បានឱ្យដឹង​ដែរ​ថា ចាប់ពី​ដើម​ខែ​មករា​រហូត​មក​ទល់​ពេលនេះ​នៅ​ភ្នំពេញ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​ ១២ ​ករណី​ និង​បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ ២ ​នាក់​ស្លាប់ និង​ ២ ​នាក់​ទៀត​រងរបួស​។

ជុំវិញ​គ្រោះ​អគ្គិភ័យ​នេះដែរ លោក ប៊ុត អាន នាយផ្នែក​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​យប់​ថ្ងៃទី​ ៥ ខែកុម្ភៈ មាន​គ្រោះ​អគ្គិភ័យ​មួយ​កើតឡើង​នៅក្នុង​សាលាបឋមសិក្សា​កែវ​វិជ័យ​ក្នុង​ភូមិ​កែវ វិជ័យ ឃុំ​កណ្តៀង​។

ករណីនេះ​​បាន​បង្ក​ឱ្យ លោក អ៊ុយ លាងហាក់ អាយុ​ ៤៨ ​ឆ្នាំ​ជា​នាយក​សាលាបឋមសិក្សា​ខាងលើ​រងរបួស​ស្រាល បន្ទាប់ពី​គាត់​បាន​ព្យាយាម​ទៅ​រំដោះ​សត្វ​គោ​ ២ ​ក្បាល​របស់​គាត់​ដែល​ផ្ញើទុក​ក្នុង​បន្ទប់ អគារ​សាលារៀន​ ១ ​ខ្នង​នោះ តែ​មិនបាន​សម្រេច​។

លោក អាន បញ្ជាក់​ថា​៖ «​លោក​នាយក​សាលា​បាន​រងរបួស​ជើង ហើយ​គោ​ទាំង​ ២ ​ក្បាល​របស់គាត់​បាន​ងាប់​នៅក្នុង​ហេតុការណ៍​ភ្លើង​ឆេះ​នោះ​។ ចំណែក​សំណង់​អគារ​សាលា​ទំហំ​ ៦ ​ម៉ែត្រ​ x៣២ ​ម៉ែត្រ​មាន​ ៤ ​បន្ទប់ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង រួមទាំង​សម្ភារ​សិក្សា​មួយចំនួន​ត្រូវបាន​ឆេះ​ខូចខាត​អស់ទាំង​ស្រុង​»​។

បើតាម​លោក អាន គ្រោះ​អគ្គិភ័យ​នេះ​ក៏បង្ក​ឡើង​ពី​ការផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​។

លោក​បាន​បន្តថា​៖ «​យើង​ពិតជា​មាន​​ការភ្ញាក់ផ្អើល​នៅពេល​មាន​ភ្លើង​ឆេះ​សាលា បែរជា​នៅក្នុង​បន្ទប់​នៃ​អគារសិក្សា​នោះ មាន​ចិញ្ចឹមសត្វ​គោ​ទៅវិញ​»​។

ជុំវិញ​ករណីនេះ លោក អ៊ុយ លាងហាក់ បាន​ប្រាប់ថា អគារ​នោះ​ជា​អគារ​ចាស់ ដែល​ប្រើប្រាស់​ជា​រោង​ជាង​ និង​រោង​បាយ ព្រមទាំង​ជា​បន្ទប់​ដាក់​សម្ភារ​ហើយ​មាន​ទំនេរ​ ១ ​បន្ទប់ គាត់​ក៏​សុំ​ការអនុញ្ញាត​ពី​គណៈកម្មការ​សាលា​ដាក់​គោ​របស់​គាត់​ ២ ​ក្បាល​បណ្ដោះអាសន្ន ព្រោះ​ខ្លាច​ចោរលួច ដោយសារ​គាត់​ត្រូវ​រុះរើ​ផ្ទះ​ចាស់​ដែល​មាន​ចម្ងាយ​ជាង​ ១ ​គីឡូម៉ែត្រ​ពី​សាលា​មក​នៅ​ជិត​សាលា​វិញ​។

ដោយឡែក​លោក ម៉ឹង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្នុង​សប្ដាហ៍​ទី​ ១ ​នៃ​ខែកុម្ភៈ​នេះ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​កើតឡើង​ដោយបាន​ឆេះ​រាលដាល​ដល់​ព្រៃ​ចម្ការ​ធ្នង់​ក្នុង​តំបន់​អភិរក្ស​បង្ក​ការខូចខាត​អស់​ ១០៥ ​ហិកតា​។ ​ករណីនេះ​ក្រុមមន្ត្រី​ជំនាញ​សង្ស័យ​លើ​ពលរដ្ឋ​ ៣ ​គ្រួសារ​​ដែល​រស់​ក្នុងភូមិ​អង្កាញ់​ឃុំ-ស្រុក​ស្វាយលើ ជាប់​តំបន់​ព្រៃ​អភិរក្ស​នេះ​។

លោក ប៊ុនលឹម បាន​ថ្លែងថា​៖ «​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ​កម្ពុជា​មិនមែន​កើតឡើង​ពី​ធម្មជាតិ​នោះទេ​គឺ​កើតឡើង​ពី​សកម្មភាព​មនុស្ស​។ ​យើង​សង្ស័យ​មាន​គេ​លួច​ដុត​ដើម្បី​ចាប់​សត្វព្រៃ​ ឬ​ដើម្បី​ទន្ទ្រាន​យក​ដីព្រៃ​មកកាន់​កាប់​ជា​លក្ខណៈ​ឯកជន​ដោយ​ខុសច្បាប់​»​។

ទោះជា​បែបណា​លោក ប៊ុនលីម មិនបាន​ប្រាប់ឱ្យដឹង​អំពី​អត្តសញ្ញាណ​ពលរដ្ឋ​ទាំង​ ៣ ​គ្រួសារ​ដែល​សមត្ថកិច្ច​សង្ស័យ​នោះទេ​។ ​លោក​ថា​៖ «​នៅពេល​នេះ ក្រុមមន្ត្រី​ជំនាញ​យើង​កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​ពួកគេ​ម្ដង​ ១ ​គ្រួសារៗ​ដើម្បី​ស្វែងរក​ការពិត​»​។

ក៏ប៉ុន្តែ​បើតាម​លោក ប៊ុនលីម ក្រុមមន្ត្រី​ជំនាញ​នៅ​ពុំទាន់​រកឃើញ​មាន​ភ័ស្ដុតាង​ដាក់បន្ទុក​លើ​គ្រួសារ​នោះទេ​។ ក្រុមមន្ត្រី​ជំនាញ​កំពុង​បន្ត​ស៊ើបអង្កេត​ករណីនេះ​ដោយ​អះអាង​ថា នឹង​នាំ​ជនបង្ក​ភ្លើង​ព្រៃ​នេះ​ទៅឱ្យ​តុលាការ​ផ្ដន្ទាទោស​តាមច្បាប់​ឱ្យ​ខាង​តែ​បាន​។

លោក​ថា​៖ «​ជនបង្ក​បទល្មើស​ភ្លើង​ឆេះ​ព្រៃ​ ឬ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​ ១ ឬ​បទល្មើស​ជលផល​ថ្នាក់​ទី​ ១ ​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពី​ ៣ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ​ ឬ​ពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ​តាម​បញ្ញត្តិ​មាត្រា​ ៩៧ ​នៃ​ច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា​ ៩៨ នៃ​ច្បាប់​ស្តីពី​ជលផល​»​។

ជុំវិញ​ករណី​ភ្លើង​ឆេះ​ព្រៃ​នេះដែរ លោក ស្រី រ៉ា ប្រធាន​ដែនជម្រក​សត្វព្រៃ​ភ្នំ​សំកុះ ដែល​ស្ថិត​ក្នុងស្រុក​សំឡូត ខេត្ត​បាត់ដំបង​បានឱ្យដឹង​ដែរ​ថា កាលពី​ថ្ងៃ​៥ ខែកុម្ភៈ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​រាលដាល​ចូលក្នុង​ដែន​ជម្រក​អស់​ប្រមាណ​ ២ ​ហិកតា​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក រ៉ា ក៏បាន​​សង្ស័យ​ដែរ​ថា ករណីនេះ​ទំនង​ជា មាន​ពលរដ្ឋ​លួច​ដុត​ដោយសារ​ពួកគេ​ចង់បាន​ដី​នៅ​តំបន់​នោះ​យក​ធ្វើជា​កម្មសិទ្ធិ​៕