ភ្នំពេញៈ សមត្ថកិច្ច​កងអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស ២៩ នាក់​ ក្នុង​នោះ​ស្រី​ ១៧ ​នាក់ ​រួមទាំង​វត្ថុតាង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ផ្លូវភេទ បន្ទាប់ពី​បាន​ចុះ​ត្រួតពិនិត្យ​អាជីវកម្ម​ម៉ាស្សា​ជនជាតិ​ចិន​ចំនួន​ ៤ ​កន្លែង​​ នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​​ភ្នំពេញ​កាលពី​ថ្ងៃអាទិត្យ​។

លោក ពូ ដាវី មេបញ្ជាការរង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​ថា ទីតាំង​ម៉ាស្សា​ទាំង​ ៤ ​កន្លែង​នោះ​ គឺ​ស្ថិត​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុង​ភូមិ​ព្រៃទា​ ១ សង្កាត់​ចោមចៅ​ ៣ ដែល​មាន​ឈ្មោះ អេស៊ានមី ស្ប៉ាម៉ាស្សា ឈ្មោះ វិនចូវកឺ និង​ឈ្មោះ​កន្លែង​សម្រាកកាយ I និង​កន្លែង​សម្រាកកាយ II​។

លោក ពូ ដាវី បន្ត​ថា​ទីតាំង​​ម៉ាស្សា​ទាំងនោះ​ត្រូវ​បាន​រកឃើញ​មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​ផ្លូវភេទ ទើប​សមត្ថកិច្ច​ឃាត់​ខ្លួន​ពួកគេ​រួមទាំង​វត្ថុតាង​មួយ​ចំនួន​ដូចជា ទូហ្គេម​ ៣ កង់ ​១ ទូដែក​ ១ ម៉ូតូ​ ៥ ​គ្រឿង និង​ស្រោម​​អនាម័យ​មួយចំនួន ។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ និង​វត្ថុតាង​ស្ថិត​នៅ​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​យើង​កំពុង​បន្ត​នីតិវិធី​»​។

លោក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ប្រាប់​យ៉ាង​ខ្លី​ថា កាលពី​ម៉ោង​ប្រមាណ​ ៩ ​យប់​ថ្ងៃទី ៨ កញ្ញា ពិតជា​មាន​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​មក​បង្ក្រាប​ទីតាំង​ ៤ ខាងលើ​មែន​។ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ព័ត៌មាន​លម្អិត​នោះទេ ដោយសារ​តែ​ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​នាម​កងរាជ​អាវុធហត្ថ​។

លោក​បញ្ជាក់​ថា​៖ «​ខាង​ប៉េអឹម​ក្រុង​តើ​អ្នកធ្វើ ខ្ញុំ​ខាង​ប៉ូលិស ដូច្នេះ​មិន​ដឹង​ទេ​។ ខ្ញុំ​គ្រាន់តែ​ដឹងថា មានការ​បង្ក្រាប​ទីតាំង​ម៉ាស្សា​ ៤ ​កន្លែង ចំណែក​ព័ត៌មាន​លម្អិត​ទៀត​ខ្ញុំ​មិន​បាន​ដឹង​ទេ​»​។

ក៏ប៉ុន្តែ​លោក វ៉ា សារវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ទីតាំង​ម៉ាស្សា​ ៤ ​កន្លែង​នោះ​ទើប​តែ​បើក​នៅ​ដើម​ឆ្នាំនេះ​ប៉ុណ្ណោះ ហើយ​ក៏​មិន​បាន​សុំច្បាប់​ពី​អាជ្ញាធរ​ដែរ​។ ​រីឯ​ការជួញដូរ​ផ្លូវភេទ​នេះ​ធ្វើ​ឡើង​ដោយ​លួចលាក់​។

លោក​បញ្ជាក់ថា​៖ «​និយាយ​ទៅ​គាត់​បើក​នៅ​ខាង​ក្នុង​បុរី​ឯណោះ ហើយ​បើក​តែ​យប់ៗ ដែល​យើង​មើល​ពី​ខាង​ក្រៅ មិនដឹង​ថា​ជា​កន្លែង​ប្រកប​អាជីវកម្ម​ខុសច្បាប់​បែប​នេះ​ទេ​។ ​ទាល់តែ​មាន​ការស៊ើបអង្កេត​បែបនេះ​បាន​ដឹង ហើយ​ឈានដល់​ការចុះ​បង្ក្រាប​តែម្តង​។ ​វា​មាន​ទីតាំង​ក្បែរៗ​គ្នា មាន​ម្ចាស់​ជា​ជនជាតិចិន ហើយ​ទីតាំង​ខ្លះ​មាន​ម្ចាស់​តែមួយ​អី​អ៊ីចឹង​ទៅ​»​។

បើ​តាម​លោក វ៉ា សារវឿន ជនសង្ស័យ​ទាំង​ ២៩ ​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​គឺ​សុទ្ធតែ​ជា​ជនបរទេស​មិនមាន​ជនជាតិ​ខ្មែរ​នោះ​ទេ ដោយ​មួយ​ចំនួន​ជា​ជនជាតិ​ចិន​ និង​មួយចំនួន​ជា​ជនជាតិ​វៀតណាម​។ ជាមួយ​គ្នា​នោះ លោក សារវឿន បាន​អះអាង​ថា​ការប្រកប​អាជីវកម្ម​ខុស​ច្បាប់​លួចលាក់​ដោយ​ជ្រក​ក្រោម​អាជីវកម្ម​ផ្សេងៗ​បែប​នេះ​នៅ​មាន​ច្រើន​ទៀត​ និង​ស្ទើរ​គ្រប់​ទីកន្លែង ដែល​ទាមទារ​ឲ្យ​មាន​ការបង្ក្រាប​។

កាលពី​ចុងខែ​មេសា​កន្លង​ទៅ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ចុះបង្ក្រាប​ទីតាំង​ម៉ាស្សា​ចំនួន ២ ​កន្លែង​ដោយ​មាន​បង្កប់​សេវា​ជួញដូរ​ផ្លូវភេទ​ក្នុង​សង្កាត់​ចោមចៅ​ ៣ ​នេះ​ដែរ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន​ដូចគ្នា ហើយ​ការបង្ក្រាប​នោះ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាតិ​ចិន ​១២ ​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ ១០ ​នាក់​សង្ស័យ​រកស៊ី​ផ្លូវភេទ និង​បុរស​ ២ ​នាក់​ទៀត​ជា​មេការ​៕